ភ្នំពេញៈ ប្រទេស​ជប៉ុន​ ផ្តល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​ចំនួន ១ ១៣២ ​លាន​យ៉េន​ (១០,៨ ​លាន​ដុល្លារ​) ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ ដើម្បី​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ផ្លូវ​សមុទ្រ​។ នេះ​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​កាលពី​ថ្ងៃទី​ ១ ខែមីនា​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ឱ្យ​ដឹងថា ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​គឺជា​ការឆ្លើយតប​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ព្រមទាំង​កិច្ចសហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា​។ គម្រោង​នេះ​នឹង​បង្កើត​ប្រព័ន្ធ​ចរាចរណ៍​នាវា​ (VTS) ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុវត្ថិភាព​ផ្លូវ​សមុទ្រ និង​ប្រសិទ្ធភាព​ការធ្វើ​នាវាចរ​នៅ​ជុំវិញ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​យើង​រំពឹងថា តាមរយៈ​លទ្ធផល​នៃ​គម្រោង​នេះ វិធានការ​សុវត្ថិភាព​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា ព្រមទាំង​ការតភ្ជាប់​ក្នុង​តំបន់​មេគង្គ​នឹងត្រូវ​បាន​លើកកម្ពស់​»​។

ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា​កំពុង​តែ​បន្ត ការលើក​កម្ពស់​គុណភាព​ជីវភាព​រស់នៅ​របស់​ប្រជាជន​ម្នាក់ៗ​កាន់តែ​មាន​សារៈសំខាន់​ណាស់​ដែល​ស្របគ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ទាំងមូល​។ ជប៉ុន​មាន​បំណង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ប្រើប្រាស់​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នានា​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ក្រសួង​ការបរទេស​កម្ពុជា​បាន​ឱ្យ​ដឹងថា ហិរញ្ញប្បទាន​ឥត​សំណង​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នឹង​រួមចំណែក​យ៉ាងសំខាន់​ទៅដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ព្រមទាំង​ពង្រីក​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​លោក ស៊ិន ចន្ធី ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ជំនួយ​នេះ​នឹង​ជួយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សេវាកម្ម​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ស្របពេល​កំពង់ផែ​នេះ​កំពុង​ប្រឈម​នឹង​ការកកស្ទះ​។

លោក​បន្ថែមថា ដើម្បី​សម្រួល​ដល់​ការកកស្ទះ​ទំនិញ​នៅក្នុង​កំពង់ផែ សមាគម​លោក​ធ្លាប់​ស្នើសុំ​ទៅ​អគ្គនាយក​កំពង់ផែ​ក្រុង​ព្រះសីហនុ​ឱ្យ​បង្កើត​ប្រព័ន្ធ​តាមដាន​ការមក​ដល់​របស់​កប៉ាល់​ដឹកទំនិញ (Electric data enter change) ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​អ្នក​ក្នុង​វិស័យ​ភ័ស្តុភារកម្ម និង​ដឹកជញ្ជូន​ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់ និង​ឆាប់រហ័ស​។

លោក​និយាយថា​៖ «​ប្រព័ន្ធ​នេះ​អនុញ្ញាត​ឱ្យ​យើង​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ការយឺតយ៉ាវ និង​ការពន្យារពេល​ ឬ​ការផ្អាក​កប៉ាល់​។ យើង​នឹង​ងាយស្រួល​ត្រៀម​ឯកសារ​ផ្សេងៗ​សម្រាប់​ទៅយក​ទំនិញ​ចេញ បើ​យើង​ចំណាយពេល​ច្រើន យើង​នឹង​ចំណាយ​ថ្លៃដើម​ខ្ពស់ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ជំនួយ​នេះ​នឹង​ជួយ​លើ​ផ្នែក​នេះ​»​។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន​ទំនិញ​ (LOBA) ​រំពឹងថា ហិរញ្ញប្បទាន​នេះ​នឹង​ផ្តល់​លទ្ធភាព​បន្ថែម​ដល់​កម្ពុជា​ក្នុង​ការពង្រីក​កន្លែង​ស្តុក​កុងតឺន័រ និង​នាំចូល​សម្ភារ​លើកដាក់​ទំនិញ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​កកស្ទះ​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​។

លោក​និយាយថា​៖ «​ជំនួយ​នេះ​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​កុងតឺន័រ​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​»​។

យោងតាម​ឯកសារ​ផ្ញើ​ទៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ (PAS) ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​រាយការណ៍​ពី​កំណើន​ដ៏រឹងមាំ​នៃ​ប្រាក់ចំណូល​សុទ្ធ​នៅ​ត្រីមាស​ទី​៤ ឆ្នាំមុន​ដោយ​កើន ១៥,៦ ​ភាគរយ សម្រេច​បាន​ប្រហែល ២,៧១៨ ​លាន​ដុល្លារ ​ធៀប​នឹង ២,៣៤៩ ​លាន​ដុល្លារ នៅក្នុង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​ ២០១៩​។ ប៉ុន្តែ​ក្នុងអំឡុង​ត្រីមាស​ទី​៤ ដដែល​ប្រាក់​ចំណូល​បាន​ពី​ការលក់​របស់​កំពង់ផែ​មួយ​នេះ​បាន​ធ្លាក់ចុះ​បន្តិច​ត្រឹម ៧,៥៩ ​ភាគរយ​៕ LA