ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ ២ ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​បាន​រាយការណ៍​ពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏រឹងមាំ​របស់ខ្លួន​ក្នុង​ឆ្នាំ​កន្លងទៅ​មុនពេល​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ​បាន​ផ្ទុះឡើង​។

យោងតាម​ឯកសារ​ដែល​ផ្ញើ​ទៅ​ផ្សារហ៊ុន​មូលបត្រ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ កំពង់ផែ​ស្វយ័ត​ភ្នំពេញ (PPAP) បាន​បង្ហាញ​ការលក់ ២៧,១៩ ​លាន​ដុល្លារ ​កាលពី​ឆ្នាំ​ ២០១៩ ដោយ​កើនឡើង ៣១,៤៣ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ ប្រាក់ចំណេញ​ប្រតិបត្តិការ​បាន​កើនឡើង​ជិត ៧៩ ​ភាគរយ​ដល់​ ១៥,៨ ​លាន​ដុល្លារ ខណៈ​ដែល PPAP រកប្រាក់​ចំណេញ​សុទ្ធ​បាន​ ១១,៥៥ ​លាន​ដុល្លារ​កើនឡើង ៤២,៨៤ ​ភាគរយ​។

ជាមួយ​គ្នា​នេះ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ (SAP) ក៏បាន​ប្រកាស​ការកើនឡើង​ប្រាក់ចំណូល​របស់​ពួកគេ​កាលពី​ឆ្នាំ​ ២០១៩ ​ដែរ​។ ប្រាក់ចំណូល​បាន​កើនឡើង ២១,១៧ ​ភាគរយ ដល់ ​៨៣,៤៨ ​លាន​ដុល្លារ​ជាមួយ​នឹង​ប្រាក់ចំណេញ​ប្រតិបត្តិការ​កើនឡើង​ជិត ២៧ ​ភាគរយ​ដល់​ ២០,៣៤ ​លាន​ដុល្លារ​។

លោក Jong Weon Ha អនុប្រធាន​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា កំពង់ផែ​ស្វយ័ត​ចំនួន​ ២ ​នេះ​ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​ទើប​នឹង​បានប្រកាស​ការកើនឡើង​ប្រាក់ចំណូល​របស់​ពួកគេ​កាលពី​ឆ្នាំ​ ២០១៩​។ យោងតាម​ការបង្ហាញ​ពី PPAP និង PAS ក្រុមហ៊ុន​ទាំង​ ២ ​នេះ​បង្ហាញ​ប្រាក់ចំណេញ​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ឆ្នាំ​ ២០១៩​។

លោក​ថ្លែងថា​៖ «​លទ្ធផល​នេះ​បាន​មកពី​ការកើនឡើង​បរិមាណ​ទំនិញ និង​កុងតឺន័រ​ក្នុង​អំឡុង​ពេលនោះ​។ ទោះ​យ៉ាងណា​ប្រាក់​ចំណេញ​សុទ្ធ​បាន​ធ្លាក់ចុះ​បនិ្តច​ដោយសារ​តែ​ការកើនឡើង​ការចំណាយ​ពន្ធ​លើ​ប្រាក់ចំណូល​ដែល​បាន​ពន្យារពេល​»​។

ទន្ទឹមនឹង​ការរីករាលដាល​កូវីដ​ ១៩ នៅតែ​រីករាលដាល​ដល់​បណ្ដា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក និង​តំបន់​ដែល​ធ្វើឲ្យ​រង​ផលប៉ះពាល់​ខ្លាំង​ដល់​ផ្សារហ៊ុន ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​នៅតែ​រាយការណ៍​ការធ្លាក់ចុះ​ខ្លាំង​នៃ​សកម្មភាព​ជួញដូរ​ចាប់​តាំងពី​ខែ​កុម្ភៈ​មក​។

លោក​ថ្លែងថា​៖ «​ផ្សារហ៊ុន​ជុំវិញ​ពិភពលោក​ត្រូវបាន​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​នេះ​។ សម្រាប់​ប្រទេស​កម្ពុជា​ចាប់ពី​ពាក់កណ្ដាល​ខែ​កុម្ភៈ សន្ទស្សន៍​ CSX ​បាន​ធ្លាក់ចុះ​ប្រហែល​ ១៦ ​ភាគរយ​។ ទោះបីជា​ការជួញដូរ​មិន​សកម្ម​ក៏ដោយ មិន​មាន​អ្វី​សំខាន់​ត្រូវ​និយាយ​នោះទេ​»​។

លោក​បន្ថែមថា​៖ «​តាម​ការយល់​ឃើញ​របស់ខ្ញុំ​ផលប៉ះពាល់​នេះ​នឹងមាន​រយៈពេល​ខ្លី ហើយ​វា​នឹង​ស្ទុះ​ងើប​ឡើងវិញ​នៅពេល​អនាគត​ដ៏ខ្លី​។ ឧទាហរណ៍ ទីផ្សារហ៊ុន​សំខាន់ៗ​ជុំវិញ​ពិភពលោក​ដូចជា​ផ្សារហ៊ុន Nikkei 225 ផ្សារហ៊ុន Dow Jones ផ្សារហ៊ុន S&P 500 KOSPI Composite Index ផ្សារហ៊ុន NASDAQ Composite បានចាប់ផ្ដើម​ស្ទុះ​ងើបឡើង​វិញ​ហើយ​។ ខ្ញុំ​នៅតែ​គិតថា នេះ​ជា​ឱកាស​ដ៏ល្អ​ក្នុង​ការទិញ​ភាគហ៊ុន​នៅក្នុង​តម្លៃ​កាន់តែ​ទាប​»​។

លោក​បន្តថា សម្រាប់ CSX ក្នុងអំឡុងពេល​ ២-៣ ​សប្ដាហ៍​ចុងក្រោយ​នេះ សន្ទស្សន៍ CSX ពិតជា​មាន​ស្ថិរភាព ទោះបី​ជា​បាន​រាយការណ៍​ករណី​ថ្មី​ការរកឃើញ​ជំងឺ​កូវីដ​១៩ ក៏ដោយ​។

លោក​លើកឡើងថា​៖ «​ដូចដែល​ខ្ញុំ​បានលើក​ឡើង​អ៊ីចឹង ខ្ញុំ​គិតថា​ផលប៉ះពាល់​មាន​រយៈពេល​ខ្លី និង​មិនមាន​ភាព​ស្មុគស្មាញ​ណាមួយ​ក្នុង​រយៈពេល​វែង​នោះទេ​។ ទីផ្សារ​នេះ​នឹង​ស្ទុះ​ងើបឡើង​វិញ​ដល់​តម្លៃ​ខាងក្នុង​របស់​ខ្លួន នៅពេល​ស្ថានការណ៍​ធូរស្រាល​ឡើងវិញ​»​។

យោងតាម​ទិន្នន័យ​របស់​ CSX តម្លៃ​ផ្សារហ៊ុន​ ៣ នៅក្នុង​ចំណោម ៥ បាន​ធ្លាក់ចុះ​ដោយសារ​តែ​ការបិទ​ការជួញដូរ​នៅ​ថ្ងៃ​ម្សិលមិញ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន PPAP បាន​ធ្លាក់​ចុះមក​នៅត្រឹម​ ១០ ៧០០ ​រៀល​ដែល​បិទ​ការជួញដូរ​ក្នុង​តម្លៃ ១០០ ​រៀល ចំណែក​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) បាន​ធ្លាក់​ចុះមក​នៅ​ត្រឹម ២ ៣១០ ​រៀល​ដែល​បិទ​ការជួញដូរ​ក្នុងតម្លៃ​ ២០ ​រៀល​ និង​ក្រុមហ៊ុន PAS បាន​ធ្លាក់​ចុះមក​នៅត្រឹម ១៣ ១៤០ ​រៀល​ដែល​បិទ​ការជួញដូរ​ក្នុង​តម្លៃ​ក្រោម​ ២០ ​រៀល​។ ម្យ៉ាងវិញទៀត​តម្លៃ​ភាគហ៊ុន​ក្រុមហ៊ុន PWSA បាន​កើនឡើង​ដល់​ ៥ ៩៦០ ​រៀល​។ មិនមាន​ការជួញដូរ​សម្រាប់​ភាគហ៊ុន​ក្រុមហ៊ុន​ GTI នោះទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

តម្លៃ​សន្ទស្សន៍ CSX បាន​ធ្លាក់ចុះ​ចំនួន ០,០៨ ​ភាគរយ​ មក​នៅត្រឹម​ ៥៩០,៦៣ ​ពិន្ទុ និង​តម្លៃ​ជួញដូរ​គឺ ១៩,៦៣ ​រៀល​៕ LA