ភ្នំពេញៈ ការជួសជុល​ឡើងវិញ​នៃ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ដែល​ស្ថិតនៅ​តំបន់ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត​កែប​នាពេលនេះ​សម្រេច​បាន​ប្រមាណ​ជាង​ ៣០ ​ភាគរយ​ហើយ ខណៈ​ការសាងសង់​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​ ២០២០ នេះ​។ នេះ​បើតាម​អភិបាលខេត្ត​កែប​។

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​លោក កែន សត្ថា អភិបាលខេត្ត​កែប បាន​ឲ្យ​ដឹងថា គម្រោង​ជួសជុល​កំពង់ផែ​ទេសចរណ៍​ដែលមាន​តម្លៃ​ប្រមាណ ១ ​លាន​ដុល្លារ​នេះ​កំពុង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន ដោយ​ការសាងសង់​ដល់ពេល​នេះ​បាន​ជាង ៣០ ​ភាគរយ​ហើយ និង​គ្រោង​បញ្ចប់​ក្នុង​ខែធ្នូ ឆ្នាំ​ ២០២០​។

លោក​បន្តថា កំពង់ផែ​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការជួយ​លើកកម្ពស់​កម្រិតជីវភាព​របស់​ប្រជាជន​នៅក្នុង​តំបន់​តាមរយៈ​ការបង្កើន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ជិតខាង និង​ប្រជាជន​ក្នុង​ស្រុក​ឲ្យ​ធ្វើដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្ត​កែប និង​អាច​បង្កើន​ការលក់​ផលិតផល​សមុទ្រ​បាន​កាន់តែ​ច្រើន​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​សាងសង់​កំពុងផែ​ស្តង់ដា​ទេសចរណ៍​មួយ​ដែល​អាច​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ទំនើបៗ​ផ្ទុក​អ្នកដំណើរ​ពី​ ២០០-៣០០ ​នាក់ ​ពី​ប្រទេស​ជិតខាង​ចូល​មក​ចត​បាន​»​។

កំពង់ផែ​នេះ​ត្រូវបាន​រដ្ឋាភិបាល​សាងសង់​ឡើង​នា​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​ ៩០ ដើម្បី​បម្រើ​ដល់​ការប្រើប្រាស់​របស់​សហគមន៍​ក្នុង​តំបន់​តែប៉ុណ្ណោះ​។ នេះ​បើតាម​លោក កែន សត្ថា​។

លោក​លើក​ឡើង​ទៀតថា ពេលនេះ​អាជ្ញាធរខេត្ត​ក៏​កំពុង​រៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍ​តំបន់​ទេសចរណ៍​ជាច្រើន ដូចជា​តំបន់ឆ្នេរ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​កន្លែង​ស្នាក់នៅ​។

របាយការណ៍​របស់​រដ្ឋបាល​ខេត្ត​កែប​បាន​ឲ្យ​ដឹងថា កាលពី​ឆ្នាំ​ ២០១៩ ខេត្ត​ជាប់មាត់​សមុទ្រ​នេះ​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ១,៧៤ ​លាន​នាក់​។

យោងតាម​លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ឲ្យ​ដឹងថា កំពង់ផែ​ដែល​ស្ថិត​នៅក្បែរ​កោះទន្សាយ​នេះ​មាន​ទំហំ ៣៤០០ ​ម៉ែត្រការ៉េ និង​ត្រូវបាន​ជួសជុល​ដោយ​ក្រសួង​សាធារណការ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ថា ខេត្ត​កែប​មិន​ត្រឹម​តែមាន​ឆ្នេរសមុទ្រ​ស្អាត និង​បរិស្ថាន​ស្រស់​បំព្រង​ដោយមាន​តំបន់​ព្រៃកោងកាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទីនោះ​ក៏មាន​អាហារ​សមុទ្រ​ស្រស់ៗ​ទៀតផង​។ លោកស្រី​បន្តថា នៅពេល​មាន​កំពង់ផែ​នឹង​មាន​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​តាមផ្លូវ​សមុទ្រ​ទៅកាន់​ទីនោះ​ជាមិនខាន​។

លោកស្រី​បន្ថែម​ថា ខណៈ​ចំនួន​ភ្ញៀវទេសចរ​កំពុង​ធ្លាក់ចុះ​នៅ​គ្រប់​ទីកន្លែង​លើ​ពិភពលោក​ដែល​រួមទាំង​កម្ពុជា​ដែរនោះ​ពេល​នេះ​ក្រសួង​ទេសចរណ៍​កម្ពុជា​ក៏​កំពុង​រៀបចំ​នូវ​គោលនយោបាយ​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​ការពង្រឹង​ភាពទាក់ទាញ ជាពិសេស​ការរក្សា​អនាម័យ និង​ការកំណត់​តម្លៃ​សេវាកម្ម​ទេសចរណ៍​ជាដើម​៕