ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានជំរុញឱ្យក្រុមហ៊ុនសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតត្រូវបង្កើនកិច្ចខិតខំរបស់ខ្លួនដើម្បីបញ្ចប់ការសាងសង់តាមផែនការកំណត់ និងអាចបើកដំណើរការនៅមុនដំណាច់ឆ្នាំ ២០២១ ខណៈការសាងសង់ពេលនេះសម្រេចបានជាង ៤៥ ភាគរយ។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតត្រូវបានសាងសង់លើផ្ទៃដីទំហំ ៤ ហិកតា ស្ថិតក្នុងស្រុកទឹកឈូ ដោយមានចម្ងាយប្រមាណ ៦ គីឡូម៉ែត្រពីក្រុងកំពត។ កំពង់ផែនេះមានជម្រៅទឹក ៤,៥ ម៉ែត្រដែលមានតម្លៃប្រមាណ ៨ លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ក្នុងពេលចុះពិនិត្យស្ថានភាពនៅការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត កាលពីថ្ងៃទី ៤ ខែមករានេះ លោក ស៊ុន ចាន់ថុល បាននិយាយថា បើតាមព័ត៌មានលោកទទួលបាន គឺការសាងសង់កំពង់ផែនេះបានដើរយឺតជាងផែនការ (តាមផែនការត្រូវបញ្ចប់ហើយ) ហេតុនេះក្រុមហ៊ុនត្រូវតែជំរុញការងារសាងសង់ឱ្យបានលឿនចាប់ពីពេលនេះតទៅ។
លោកបន្តថា ក្រុមហ៊ុនសាងសង់ត្រូវដាក់ផែនការសកម្មភាពការងារឡើងវិញដោយមិនអាចធ្វើឱ្យយឺតទៀតទេ ខណៈផែនការដែលដាក់ចេញកន្លងមកបានហួសអស់ហើយ។
លោកបានថ្លែងថា៖ «យើងធ្វើយឺតយ៉ាវបែបនេះមិនល្អទេ ខាង ADB មិនសប្បាយចិត្ត ក្រសួងទេសចរណ៍ក៏មិនសប្បាយចិត្ត គឺមិនសប្បាយចិត្តទាំងអស់គ្នា»។ លោកបន្ថែមថា៖ «ក្រុមហ៊ុនសាងសង់គួរបន្ថែមមនុស្សធ្វើការទៀត ព្រោះការងារយឺតយ៉ាវច្រើនណាស់ ប៉ុន្តែមិនត្រូវធ្វើខុសលក្ខណៈបច្ចេកទេសនោះទេនឹងត្រូវធ្វើឱ្យរួចរាល់ក្នុងខែ ៦ តាមការសន្យាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអាចបើកដំណើរការបានក្នុងខែ ១២ (ខែធ្នូ)»។
បើយោងតាមអ្នកតំណាងក្រុមហ៊ុន បច្ចុប្បន្នក្រុមហ៊ុនកំពុងសម្រុកធ្វើការទាំងយប់ទាំងថ្ងៃដើម្បីអាចបញ្ចប់តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចត្រឹមខែមិថុនា និងបញ្ចប់គម្រោងទាំងមូលត្រឹមចុងឆ្នាំ ២០២១។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃអង្គារថា នេះជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ខេត្តកំពត ដែលមិនធ្លាប់មានពីមុនមក។ កំពង់ផែនេះនឹងអាចស្រូបទាញភ្ញៀវទេសចរពីប្រទេសជិតខាងតាមផ្លូវទឹក និងបម្រើសេវាកម្មដឹកភ្ញៀវទៅកម្សាន្តតំបន់កោះនានាផងដែរ។
លោកបន្តទៀតថា នៅពេលមានកំពង់ផែនេះ ខេត្តកំពតនឹងអាចក្លាយជាគោលដៅទេសចរណ៍មួយក្នុងដំណើរទស្សនកិច្ចទេសចរណ៍ជាកញ្ចប់ជាមួយប្រទេសជិតខាងផងដែរ»។
លោកអះអាងថា៖ «បច្ចុប្បន្នតំបន់កោះនៅកម្ពុជា និងប្រទេសវៀតណាម កំពុងមានការអភិវឌ្ឍច្រើន ហេតុនេះពេលបើកដំណើរការ ខ្ញុំគិតថា ខេត្តកំពតនឹងអាចទទួលបានលំហូរភ្ញៀវពីប្រទេសជិតខាងកាន់តែច្រើន»។
កំពង់ផែនេះអាចមានសមត្ថភាពទទួលនាវាទេសចរណ៍ដែលដឹកអ្នកដំណើរបានពី ២០០ ទៅ ៣០០ នាក់។ នេះបើតាមលោក ស៊ីណុល។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបាននិយាយថា កំពង់ផែទេសចរណ៍នេះនឹងចូលរួមចំណែកយ៉ាងច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរពីប្រទេសជិតខាង និងប្រទេសទី ៣ ឱ្យធ្វើដំណើរមកកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជាដែលត្រូវគេទទួលស្គាល់ថា ជាឆ្នេរមានធម្មជាតិស្រស់បំព្រង និងមានខ្សាច់សស្អាត។ ការបង្កើតផលិតផលថ្មីនឹងបង្កើនភាពទាក់ទាញថ្មីបន្ថែមទៀត។
លោកស្រីថ្លែងថា៖ «ការសម្រុកបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ក្នុងខេត្តកំពត និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើន ពិសេសតាមបណ្តាខេត្តគោលដៅទេសចរណ៍របស់រដ្ឋាភិបាលពេលនេះនឹងរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ភាពទាក់ទាញក៏ដូចជាសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាបន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩ បញ្ចប់ទៅវិញ»។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីស្តីពីទេសចរណ៍នៃមហាអនុតំបន់ទន្លេមេគង្គ (GMS) ឱ្យដឹងថា កំពង់ផែសមុទ្រនេះនឹងផ្តល់សេវាទេសចរណ៍អន្តរជាតិ និងក្នុងស្រុកចំនួន ៣៦០ ០០០ នាក់ ក្នុង ១ ឆ្នាំនៅពេលបើកដំណើរការ។
ទិន្នន័យពីក្រសួងទេសចរណ៍ឱ្យដឹងថា ក្នុងរយៈពេល ៤ ថ្ងៃនៃពេលចូលឆ្នាំសកល (ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ដល់ថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរ ១,២៧ លាននាក់។ ដោយឡែកភ្ញៀវទេសចរទៅកម្សាន្តក្នុងខេត្តកំពតមានចំនួន ១៥២ ១១៩ នាក់៕ LA