The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កំពង់ផែ​សមុទ្រ​នៅ​ខេត្ត​កោះកុង​ខ្នាត​មធ្យម​តម្លៃ ១,៥ លាន​ដុល្លារ បើក​ការដ្ឋាន​សាងសង់

កំពង់ផែ​សមុទ្រ​នៅ​ខេត្ត​កោះកុង​ខ្នាត​មធ្យម​តម្លៃ ១,៥ លាន​ដុល្លារ បើក​ការដ្ឋាន​សាងសង់

Content image - Phnom Penh Post
ទិដ្ឋភាពប្លង់កំពង់ផែខេត្តកោះកុង។ រូបថត សហការី

កំពង់ផែ​សមុទ្រ​នៅ​ខេត្ត​កោះកុង​ខ្នាត​មធ្យម​តម្លៃ ១,៥ លាន​ដុល្លារ បើក​ការដ្ឋាន​សាងសង់

ភ្នំពេញ៖ រដ្ឋាភិបាល​កម្ពុជា​បាន​បើក​ការដ្ឋាន​សាងសង់​កំពង់ផែ​សមុទ្រ​ខ្នាត​មធ្យម​តម្លៃ ១,៥ លាន​ដុល្លារ នៅ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ទេសចរណ៍​រវាង​កម្ពុជា-ថៃ។

លោក អន ដាវុធ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កោះកុង​ឲ្យ​ដឹង​ថា កំពង់ផែ​ថ្មី​នេះ គឺ​ជា​ប្រភេទ​បេតុង​ដែល​មាន​ប្រវែង ៦៩ ម៉ែត្រ និង​ទទឹង ៦,៥ ម៉ែត្រ ស្ថិតនៅ​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង។

លោក​ឲ្យ​ដឹង​ទៀត​ថា ក្នុង​គម្រោង​នេះ​ក៏​មាន​សង់​ស្ពាន​បេតុង​ទៅ​កំពង់ផែ​ដែល​មាន​ប្រវែង ២៨ ម៉ែត្រ និង​ទទឹង ៨ ម៉ែត្រ​ចំនួន ២ ផង​ដែរ។ គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ១,៥ លាន​ដុល្លារ ដោយ​ប្រើ​រយៈពេល​សាងសង់ ២ ឆ្នាំ។

លោក​បញ្ជាក់​ថា៖ «កំពង់ផែ​ថ្មី​នេះ​នឹង​ជំនួស​ឱ្យ​កំពង់ផែ​ចាស់​ដែល​មាន​សភាព​ទ្រុឌទ្រោម​យូរ​មក​ហើយ»។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ា​ស៊ីហ្វិក​កម្ពុជា​ឲ្យ​ដឹង​ថា កំពង់ផែ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​លំហូរ​ភ្ញៀវ​ទេសចរ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​កម្ពុជា​និង​ថៃ ពិសេស​តាម​ផ្លូវ​ទឹក។

លោក​និយាយ​ថា៖ «យើង​ឃើញ​ថា​ ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​ចូល​មក​ខេត្ត​កោះ​កុង​តាម​តែ​ផ្លូវ​គោក ដែល​នៅ​ក្បែរ​តំបន់​នេះ ប៉ុន្តែ​អ្នក​មក​ពី​តំបន់​សមុទ្រ​នៃ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ មិន​បាន​មក​ទេ ដូច្នេះ​ខ្ញុំ​ជឿ​ថា​ បើ​យើង​មាន​កំពង់ផែ​ផ្លូវ​ទឹក​វា​នឹង​ជួយ​ជំរុញ​កំណើន​ទេសចរណ៍​នៅ​ពេល​ចប់​ជំងឺ​កូវីដ ១៩ ហើយ​ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ក៏​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​ការ​ចរាចរណ៍​ទំនិញ​ផង​ដែរ។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ លោក ស៊ុន ចាន់ថុល បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​លើ​ការ​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​កំពង់ផែ​កាល​ពី​ខែ​តុលា ឆ្នាំ ២០២០ ថា មុខងារ​កំពង់ផែ​ទាំង​នោះ​ត្រូវ​បាន​បែងចែក​ចេញ​ជា​កំពង់ផែ​ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​ផែ​ប្រេង​ជាដើម។

លោក​បាន​ថ្លែង​ថា៖ «កំពង់ផែ​មាន​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ តំបន់ និង​អន្តរជាតិ»។

បើ​តាម​លោក ចាន់ថុល កម្ពុជា​មាន​កំពង់ផែ​សរុប ១០៥ កន្លែង ក្នុង​នោះ​កំពង់ផែ​ទន្លេ​មាន ៧៨ និង​កំពង់ផែ​សមុទ្រ​មាន​ចំនួន ២៧ កន្លែង។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​ថៃ បាន​ឱ្យ​ដឹង​ថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ថៃ សម្រេច​បាន ៧ ២៣៦ លាន​ដុល្លារ កាល​ពី​ឆ្នាំ ២០២០ ធ្លាក់​ចុះ ២៣,១៧ ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៩៕

អត្ថបទគួរចាប់អារម្មណ៍