The Phnom Penh Post Search

Search form

ក្តី​បារម្ភ​កើត​មាន ខណៈ​តម្លៃ​ប្រេង​ឆៅ​កើន​កាន់​តែ​ខ្ពស់

Content image - Phnom Penh Post
ស្រ្តី​ជន​ជាតិ​បារាំង​កំពុង​ចាក់​សាំង។ មាន​ក្តី​បារម្ភ​ថា ប្រេង​ផលិត​ចេញ​ពី​ថ្ម​សែល​នឹង​ហូរ​ចូល​ទីផ្សារ​កាន់​តែ​ច្រើន។ ​រូបថត AFP

ក្តី​បារម្ភ​កើត​មាន ខណៈ​តម្លៃ​ប្រេង​ឆៅ​កើន​កាន់​តែ​ខ្ពស់

ក្រុង​ឡុងដ៍ៈ កំណើនថ្លៃ​ប្រេង​ក្នុង​ឆ្នាំនេះ​ដល់​តម្លៃ​ខ្ពស់​បំផុត ​គិត​ចាប់​តាំង​​ពីខែ​ឧសភា ឆ្នាំ​ ២០១៥​ ហាក់​ដូច​ជា​ប្រភព​រីករាយ​មួយ​ចំពោះ​អង្គការ Opec តែ​អ្នក​នៅ​ក្នុង​ក្រុ​ម​ប្រទេស​​ផលិត​ប្រេង​នេះ​ព្រួយ​បារម្ភ​ថា កំណើន​ថ្លៃ​ប្រេង​នេះ​អាច​ជំរុញ​ឲ្យ​ក្រុម​ហ៊ុនផលិត​ប្រេងពី​​ថ្មសែលចាប់​ផ្តើម​បើក​ស្ថានីយ​ខួង​​ប្រេង​របស់​ខ្លួន និង​ផ្គត់​ផ្គង់​ប្រេង​ច្រើន​​ទៅ​ក្នុង​ទីផ្សារ។​

តម្លៃ​ប្រេង​ឆៅ​ប្រភេទ Brent បាន​បន្ត​កើនឡើង​ខ្ពស់​ដល់ ​៦៩,៣៧​ ​​ដុល្លារ​​ក្នុងមួយ​បារ៉ែល កាល​ពី​ថ្ងៃ​ពុធ ដោយ​សារ​ការ​កាត់​បន្ថយ​ទិន្នផល​ប្រេង​ ដែលដឹកនាំ​ដោយ​អង្គការ OPEC និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ រួម​មាន​ទាំង​​ប្រទេស​រុស្ស៊ី ដែល​នឹង​បន្ត​រហូត​​ដល់​ចុង​ឆ្នាំ ​២០១៨​ នេះ​។​

កំណើន​ថ្លៃ​ប្រេង​នេះ ក្លាយ​ជា​​កំណើន​ដែល​ទទួល​បានការ​សាទរ​មួយ​​ចំពោះ​ប្រាក់​ចំណូល​របស់​ប្រទេស​​ផលិត​ប្រេង ដែល​ប្រទេស​ជា​ច្រើន​នៅ​តែ​​មិនទាន់មាន​ស្ថិរភាព​នៅឡើយ​ដោយ​​​សារ​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង ដែល​​បាន​ចាប់​ផ្តើម​កាល​ពី​ពាក់​កណ្តាល​​ឆ្នាំ​ ២០១៤ នៅ​ពេល​ដែល​​ប្រេង​​ឆៅ​បាន​ចាប់​ផ្តើម​ធ្លាក់​ថ្លៃ​ខ្លាំង​ពី​តម្លៃ​ខ្ពស់​ជាង ​១០០ ​ដុល្លារ​ក្នុងមួយ​បារ៉ែល​ដោយ​សារ​ការ​​ផ្គត់​ផ្គង់​ប្រេង​ហួស​កម្រិត។​

ទោះជាយ៉ាង​នេះក្តី ប្រទេស​មួយ​ចំនួន​នៅ​អង្គការ Opec ព្រួយ​បារម្ភ​ថា ​កំណើន​ថ្លៃ​ប្រេង​ដែល​បានអូស​បន្លាយ​​ពេល​នេះ អាច​ជំរុញ​ទិន្នផល​ប្រេង​​ថ្មសែលនៅ​សហរដ្ឋ​អាមេរិក ដែល​​បង្កើត​​ឲ្យមានការ​ផ្គត់​ផ្គង់​ប្រេង​ហួស​កម្រិតកាន់តែ​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​តម្លៃ​ប្រេង​និង​ចំណែក​ទីផ្សារ។​

មន្ត្រី​មួយ​រូប​មកពី​ប្រទេស​ជា​សមាជិក​របស់​អង្គការ Opec បាន​ឲ្យ​ដឹង​ថា៖ «​យើង​សុទ្ធ​តែ​រីក​រាយ​ចំពោះ​កំណើន​ថ្លៃ​ប្រេង​នេះ ហើយ​ចង់​មើល​ឃើញ​​ថា​ តើ​កំណើន​ថ្លៃ​ប្រេង​នេះ​នឹង​មាន​និរន្តរភាព​ក្នុង​អំឡុង​ឆ្នាំ​នេះ​ឬ​យ៉ាង​ណា ដោយ​សារ​វា​ពិត​ជា​នឹង​ជំរុញ​ដល់​ក្រុមហ៊ុន​ផលិត​ប្រេង​ពី​ថ្ម​សែល​ឲ្យ​​បង្កើន​ការ​ផលិត​ប្រេង​»។

រដ្ឋមន្ត្រី​ប្រេង​របស់​ប្រទេស​អុីរ៉ង់ ដែល​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​ទី​បី​របស់​អង្គការ Opec បាន​​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃអង្គា​រថា សមាជិក​របស់​អង្គការ​ Opec មួយ​នេះ មិន​ចាប់​អារម្មណ៍​​លើ​​តម្លៃ​ប្រេង​ដែល​បាន​កើន​ឡើង​នោះ​ទេ ដោយ​សារ​កំណើន​ថ្លៃ​ប្រេង​នឹង​ជំរុញ​​ឲ្យ​មាន​ផលិតកម្ម​ប្រេង​ថ្ម​សែល​កាន់​តែ​ច្រើន។​

អង្គការ​ Opec ពុំមាន​ទិសដៅ​ផ្លូវ​ការសម្រាប់​តម្លៃ​ប្រេង​ឡើយ។

ទោះជា​យ៉ាង​​នេះក្តី ប្រទេស​អារ៉ាប៊ី​សាអ៊ូឌីត ដែលជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេរបស់​អង្គការ​ Opec មាន​បំណង​ចង់​ឃើញ​ប្រេង​ឆៅ​មាន​តម្លៃ​ខ្ពស់​ជាង​ ៦០​ ដុល្លារ ដើម្បី​បង្កើន​តម្លៃ​ក្រុមហ៊ុន​ប្រេង​ជាតិ​របស់​ខ្លួន​ គឺ​ក្រុមហ៊ុន Aramco មុន​ការ​បោះផ្សាយ​លក់​ភាគ​ហ៊ុន​​ជា​សាធារណៈ​លើកដំបូង​ក្នុង​ឆ្នាំ​នេះ និង​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា​​រដ្ឋ​របស់​ខ្លួន។ នេះ​បើយោង​តាម​ប្រភព​​នានា​ពី​ប្រទេស​​អារ៉ាប៊ី​សាអ៊ូឌីត​។​

ប្រភព​មកពីអង្គការ​ Opec បាន​ឲ្យ​ដឹង​ថា ​អារ៉ាប៊ី​ សាអ៊ូឌីត បាន​ក្លាយ​ជា​អ្នក​គាំ​ទ្រ​យ៉ាង​​ខ្លាំង​​មួយ​ចំពោះ​ការ​បង្កើ​ន​តម្លៃ​​ប្រេង​នេះ ពោលគឺ​ជា​ការងាក​ចេញពី​គោលជំហរ​រក្សា​តម្លៃ​ប្រេង​ក្នុង​កម្រិត​​មធ្យម​​នា​ពេល​កន្លង​មក​របស់​ខ្លួន ហើយ​មន្ត្រី​អារ៉ាប៊ី​សាអ៊ូឌីត​បាន​និយាយ​សម្រាល​ចំពោះ​​ការ​គំរាម​កំហែង​​នៃ​កំណើន​ទិន្នផល​ប្រេង​ថ្មសែល។​

ទោះជា​ដូច្នេះក្តី​ ទិន្នន័យ​រដ្ឋា​ភិបាល​​បាន​បង្ហាញ​ថា ការ​ផលិត​ប្រេង​នៅ​សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗ​នេះ​អាច​នឹង​កើនឡើងដល់​ខ្ពស់​ជាង ​១០​​លាន​បារ៉ែល​ ក្នុងមួយ​ថ្ងៃ ដែល​ជិត​ដល់​កម្រិត​ទិន្នផល​ប្រេង​របស់​​​អារ៉ាប៊ី​សាអូ៊ឌីត ភាគ​ច្រើន​ដោយ​សារ​ទិន្នផល​ប្រេង​ថ្ម​សែល​ដែល​កំពុង​កើន​ឡើង​​ខ្ពស់​របស់​ក្រុមហ៊ុន​ខួង​​ប្រេង​ថ្ម​សែល។

មន្ត្រី​របស់​អង្គការ​ Opec ក៏​យល់​ផង​​ដែរថា កំណើន​ថ្លៃ​ប្រេង​នៅ​ឆ្នាំ​ ២០១៨​ នេះ ភាគ​ច្រើន​ត្រូវ​បានជំរុញ​ដោយ​ភាព​ចលាចល​នៅ​ប្រទេស​អុីរ៉ង់ ជា​ជាង​តុល្យភាព​កាន់តែ​ខ្លាំង​រវាង​ការ​ផ្គត់​ផ្គង់ និង​តម្រូវ​ការ ដោយ​បាន​ជំរុញ​ឲ្យមានក្តី​បារម្ភ​ថា កំណើន​ថ្លៃ​ប្រេង​នេះ​អាច​​​​មិនមាន​រយៈ​ពេល​យូរ​នោះ​ឡើយ​។​

ប្រភពមួយ​មក​​​ពី​អង្គការ​ Opec បាន​​ឲ្យ​ដឹងថា៖ «​តម្លៃ​ប្រេង​បាន​កើន​ឡើង​ដោយ​សារ​ស្ថានភាព​នយោបាយ​​នៅ​ប្រទេស​អុីរ៉ង់។ ​បច្ចុប្បន្ន​មាន​ក្តី​​បារម្ភ​មួយថា ការធ្លាក់​ចុះ​តម្លៃ​ប្រេង​ខ្លាំង​​នឹង​កើត​ឡើង​បន្ទាប់​ពីកំណើន​តម្លៃ​ប្រេង​នេះ»។​

ប្រភព​ទី៣​មក​ពី​អង្គការ​ Opec បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​ទីផ្សារ​ពុំ​បាន​ជំរុញ​កំណើន​តម្លៃ​ប្រេង​ទេ។​

ប្រភព​ដដែលនេះ​បាន​បន្ត​ថា៖ «​វា​គ្រាន់តែ​ដោយ​សារ​នយោបាយ​តែ​ប៉ុណ្ណោះ ដែល​កំពុង​ផ្លាស់​ប្តូរ​ស្ថានភាព​នេះ។ ការ​ជំរុញ​តម្លៃ​ប្រេង​នឹង​មាន​ន័យ​​ថា តម្លៃ​ខ្ពស់​បំផុតគឺ​ជិត​ដល់​ហើយ ដូច្នេះ​ហើយ តម្លៃ​នឹង​បាត់​បង់​សម្ទុះ​​ខ្លះ​»។​​

ទន្ទឹមនឹង​នោះដែរ ​ប្រភពនានា​ពី​អង្គការ​ Opec បាន​ឲ្យ​ដឹងថា មូលដ្ឋាន​ទីផ្សារ​ប្រេង​នៅតែ​រឹងមាំ ដោយ​សារ​ការ​កាត់​បន្ថយទិន្នផល​ប្រេង អ្នក​ផ្សេង​ទៀត​ព្រួយ​បារម្ភថា កំណើន​សេដ្ឋកិច្ច​នៅ​តាម​ប្រទេស​ប្រើ​ប្រាស់​ប្រេង​អាច​នឹង​ធ្លាក់​ចុះ​ ហើយ​តម្លៃ​ប្រេង​​កាន់តែ​ខ្ពស់​អាច​ជំរុញ​ឲ្យ​​ក្រុម​ប្រទេស​ផលិត​ប្រេង​មួយ​ចំនួន​បូម​ប្រេង​​ខ្ពស់​ជាង​ទិសដៅ​ទិន្នផល​ប្រេង​របស់​ខ្លួន៕ BP

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។