ក្រុងតូក្យូៈ ធ្លាប់ជា​ប្រទេស​ឈាន​មុខ​គេ​ខាង​ផ្នែក​ប្រតិបត្តិការ​ដោយ​មិន​ប្រើ​សាច់ប្រាក់ (Cashless payment) នៅពេល​នេះ​ជប៉ុន​កំពុងស្ថិត​នៅក្រោយ​គេ ខណៈ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​ជាច្រើន​ក្នុង​ពិភពលោក​ចាប់យក​កាន់តែ​ច្រើនឡើងៗ​នូវ​ការទូទាត់​តាម​អេឡិចត្រូនិក ពីព្រោះ​ប្រជាជន​វ័យ​ចំណាស់​របស់​ប្រទេស​នេះ​នៅតែ​ចូលចិត្ត​ប្រើប្រាស់​ប្រាក់​រូបវន្ត​។

ប្រតិបត្តិការ​ទិញ ៤ ក្នុង​ចំណោម ៥ នៅតែ​ត្រូវបាន​ធ្វើឡើង​ជាមួយ​នឹង​សាច់ប្រាក់​ក្នុង​ប្រទេស​ជប៉ុន ទោះបី​ជា​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ជា​ប្រទេស​ទំនើប និង​នវានុវត្តន៍​ក្តី​។ នៅ​កូរ៉េ​ខាង​ត្បូង​ប្រតិបត្តិការ​ប្រហែល ៩០ ភាគរយ​គឺជា​ឌីជីថល ខណៈ​ប្រទេស​ស៊ុយអែត​មានបំណង​ក្លាយ​ជា​សង្គម​មិន​ប្រើប្រាស់​សាច់ប្រាក់​នៅ​ដើម​ឆ្នាំ​ ២០២៣​។

ប៉ុន្តែ​នៅ​ជប៉ុន​ជាទី​ដែល​បទឧក្រិដ្ឋ និង​ការក្លែងបន្លំ​គឺ​ស្ទើរតែ​មិនមាន​សោះ​នោះ ដូច្នេះ​ប្រជាជន​មាន​អារម្មណ៍​កក់ក្តៅ​ខ្លាំង​ក្នុង​ការកាន់​សាច់ប្រាក់ ហើយ​ការឆ្លើយតប​របស់​អ្នកប្រើប្រាស់​ទៅ​នឹង​បច្ចេកវិទ្យា​មាន​ភាពយឺតយ៉ាវ​។

ក្នុង​ហាង​ជួសជុល​កង់​របស់​លោក Katsuyuki Hasegawa អតិថិជន​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទូទាត់​វិក្កយបត្រ​របស់​ពួកគេ​តាមរយៈ​កម្មវិធី​ទូទាត់ PayPay ដែល​កម្មវិធី​គ្រប់គ្រង​រួមគ្នា​រវាង​ក្រុមហ៊ុន Softbank និង​ក្រុមហ៊ុន Yahoo ដោយ​ប្រើ​កូដ QR តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន​របស់​ពួកគេ​។

ប៉ុន្តែ​លោក Hasegawa ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​មាន​មនុស្ស​តែ «២ ឬ​ ៣ ​នាក់​» ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​ដែល​ប្រើប្រាស់​សេវា​នេះ​។

ម្ចាស់​ហាង​ដែល​មាន​អាយុ ៤០ ឆ្នាំ​រូបនេះ​បាន​ថ្លែង​ថា​៖ «​នៅ​កន្លែង​មួយ​បែប​នេះ អ្វីៗ​គ្រប់យ៉ាង​គឺ​យឺត​បំផុត​។ យើង​ទទួល​បាន​អតិថិជន​ជា​មនុស្ស​ចាស់ៗ​ជាច្រើន​ដែល​ចូលចិត្ត​ជជែក​គ្នា​លេង ខណៈ​ពួកគាត់​ដក​ប្រាក់​របស់​ពួកគេ​ចេញ​មក​ទូទាត់​។ ពួកគេ​មិន​ត្រូវការ​ប្រតិបត្តិការ​រហ័ស​នោះ​ទេ​»​។

លោក​បន្ថែម​ថា​៖ «​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​ចង់បាន​សាច់ប្រាក់​ជាង​។ ជាមួយ​នឹង​កម្មវិធី​ទូទាត់​ប្រាក់ PayPay អ្នក​មិន​រាប់​សាច់ប្រាក់​របស់​អ្នក​ទេ​»​។

ដោយ​ជប៉ុន​ក្លាយ​ជា​សង្គម «​មនុស្ស​ចាស់​ច្រើន​បំផុត​» លើក​ដំបូង​ដោយ​ប្រជាជន​ជាង ២៨ ភាគរយ​មាន​អាយុ ៦៥ ឆ្នាំ ឬ​ខ្ពស់ជាង​នេះ វា​កាន់តែ​ពិបាក​ក្នុងការ​បញ្ចុះបញ្ចូល​អតិថិជន​ឲ្យ​ទទួលយក​បច្ចេកវិទ្យា​ថ្មី​។ នេះ​បើ​យោង​តាម​លោក Yuki Fukumoto អ្នកវិភាគ​ប្រចាំ​វិទ្យាស្ថាន​ស្រាវជ្រាវ NLI​។

លោក Fukumoto បាន​ថ្លែងថា​៖ «​បញ្ហា​ប្រឈម​ចាប់ពី​ពេល​នេះ​តទៅ​គឺ​របៀប​ក្នុងការ​លើកទឹកចិត្ត​មនុស្ស​» ឲ្យ​ផ្លាស់ប្តូរ​ទម្លាប់​របស់​ពួកគេ​។

នេះ​ជា​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយ​ក្នុង​ប្រទេស​មួយ​ដែលមាន​ម៉ាស៊ីន ATM ជាង ២ ​សែន​គ្រឿង និង​ជា​ទី​ដែល​ហាង​តូចៗ​ភាគច្រើន​នឹង​ទទួល​យក​តែ​សាច់ប្រាក់​ដើម្បី​គេច​ផុត​ពី​ការចំណាយ​ប្រតិបត្តិការ​ខ្ពស់​។

ប្រតិបត្តិការ​ទូទាត់​ជាច្រើន​ត្រូវ​បាន​ផ្អាក​នៅពេល​ក្រុមហ៊ុន​លក់រាយ​ឈាន​មុខ​គេ Seven & I Holdings ទទួលរង​ការវាយប្រហារ​ភ្លាមៗ​ពី​ការ​លួច​យក​ទិន្នន័យ បន្ទាប់ពី​ដាក់​ដំណើរការ​ប្រព័ន្ធ​ទូទាត់​កូដ QR ថ្មី ហើយ​បាន​បង្ខំចិត្ត​បោះបង់​ចោល​គម្រោង​នេះ​វិញ​។

ភាពហួស​សម័យ​ និង​របស់​កម្រ

ប៉ុន្តែ​ក្រឡេកមើល​ទៅក្រោយ​នៅ​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ជា​ពេលដែល​ក្រុមហ៊ុន Denso Wave របស់​ជប៉ុន​បាន​អភិវឌ្ឍ​កូដ QR លើកដំបូង​ដែល​នៅ​ពេលនេះ កូដ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ជា​ញឹកញាប់​ក្នុង​ការទូទាត់​មិន​ប្រើប្រាស់​សាច់ប្រាក់ ខណៈ​ដែល​ក្រុមហ៊ុន Sony បាន​ផ្ដល់​បន្ទះ​ឈីប​ដែល​ប្រើប្រាស់​នៅលើ​ការដឹកជញ្ជូន​សាធារណៈ និង​សម្រាប់​ការទូទាត់​ការចំណាយ​ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ២០០០​។

ប័ណ្ណ​ទូទាត់​ការចំណាយ​សម្រាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​តូក្យូ និង​បណ្ដា​ទីក្រុង​ផ្សេង​ទៀត​ជា​ញឹកញាប់​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ការទិញ​ខ្នាតតូច​ពី​ម៉ាស៊ីន​លក់​ស្វ័យប្រវត្តិ ឬ​ហាង​លក់ទំនិញ ប៉ុន្តែ​សាច់ប្រាក់​នៅ​តែ​ជា​អ្វី​ដែល​គេ​ចង់​បាន​សម្រាប់​ប្រតិបត្តិការ​ផ្សេងទៀត​។

រដ្ឋាភិបាល​ជប៉ុន​សង្ឃឹម​ថា​នឹង​ចាប់​យក​ភ្ញៀវទេសចរ​ជាច្រើន​ដែល​រំពឹងថា​នឹង​ហូរ​ចូលមក​យ៉ាង​ច្រើន​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​រដូវក្តៅ​ទីក្រុង​តូក្យូ​ឆ្នាំ​ ២០២០ ដើម្បី​បង្កើន​ចំនួន​ទូទាត់​អេឡិចត្រូនិក​ទ្វេដង​ដល់ ៤០ ភាគរយ​ត្រឹម​ឆ្នាំ ២០២៥​។

ជប៉ុន​ក៏​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ពិន្ទុ​ផង​ដែរ ដើម្បី​មួយ​ផ្នែក​ផ្ដល់​រង្វាន់​ដល់​អតិថិជន​ដែល​ចំណាយ​ប្រាក់​ដោយ​មធ្យោបាយ​មិន​ប្រើប្រាស់​សាច់ប្រាក់​។

ទីក្រុង​តូក្យូ​ប្រហែល​ជា​បាន​ផ្ដោត​ការយកចិត្តទុកដាក់​លើ​ការចំណាយ​នៃ​ការពឹង​លើ​សាច់ប្រាក់​បែប​នេះ​ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​ដោយ​ការស្ទង់​មតិ​របស់​ក្រុមហ៊ុន Boston Consulting Group ថា​មាន​ចំនួន​ប្រហែល ២ ពាន់​ពាន់​លាន​យ៉េន (១៨ ពាន់​លាន​ដុល្លារ​) ដើម្បី​រក្សា​ម៉ាស៊ីន ATM និង​ការដឹកជញ្ជូន​ប្រាក់​ទៅ​មក​ដោយ​សុវត្ថិភាព​។

ក្រុមហ៊ុន​ជាច្រើន​កំពុង​ខិតខំ​ប្រឹងប្រែង​លើក​កម្ពស់​សង្គម​មិន​ប្រើប្រាស់​សាច់ប្រាក់​ដែល​កាលពី​ដើម​ឆ្នាំ​នេះ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក Ra-kuten បាន​ចាប់ផ្ដើម​មណ្ឌលកីឡា «​មិន​ប្រើប្រាស់​សាច់​ប្រាក់ ១០០ ភាគរយ​» សម្រាប់​ក្រុមកីឡា​បេសស្បល និង​ក្រុម​បាល់ទាត់​របស់ខ្លួន​។

លោកស្រី Akiko Yamanaka ដែល​ដំណើរការ​ភោជនីយដ្ឋាន​ទាន់​សម័យមួយ​ឈ្មោះថា Koguma បាន​ឲ្យ​ដឹងថា​ការបញ្ចុះ​តម្លៃ ១០ ភាគរយ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន PayPay សម្រាប់​អ្នក​បរិភោគ​អាហារ​ល្ងាច​ដែល​ទូទាត់​ការចំណាយ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​របស់ PayPay បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​។

ស្ត្រី​វ័យ ៥៤ ឆ្នាំ​រូបនេះ​ថ្លែង​ថា​៖ «​យុទ្ធនាការ​ដូចនេះ​កាន់តែ​ច្រើន មនុស្ស​កាន់តែ​ច្រើន​នឹង​ផ្លាស់ប្តូរ​ទៅ​ជា​ការទូទាត់​មិន​ប្រើប្រាស់​សាច់ប្រាក់​»​។

លោក Hiroshi Mikitani ប្រធាន​ក្រុមហ៊ុន Rakuten ត្រូវបាន​ជឿជាក់​ថា នៅពេល​អនាគត​គឺ​គ្មាន​ការប្រើប្រាស់​សាច់ប្រាក់​ឡើយ សូម្បីតែ​ក្នុង​ប្រទេស​ជប៉ុន​។

លោក​ឲ្យ​ដឹង​តាមរយៈ​សារ​មួយ​ដែល​ចេញផ្សាយ​ថ្មីៗ​នេះ​ថា​៖ «​នៅ​ថ្ងៃ​ណាមួយ​ក្នុងពេល​ឆាប់ៗ​ប្រាក់​ដែល​យើង​បាន​ស្គាល់​វា​ដែល​ជា​ក្រដាស​ប្រាក់​ជា​កាក់​ដែល​យើង​កាន់​នឹង​ហួស​សម័យ ហើយ​អាច​ក្លាយ​ជា​របស់​មាន​តម្លៃ​ និង​កម្រ​ដូចជា​ថាស​ចម្រៀង​ខ្មៅ​នៅពេល​នេះ​ដែរ​»៕ LA