ភ្នំពេញ: ក្រសួង​កសិកម្ម​បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជាង​ ៤,៥ លាន​ដុល្លារ​ ដែល​ជា​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​គាំទ្រ​ការអភិវឌ្ឍ វារីវប្បកម្ម​ដល់​កសិករ​នៅ​ទី​ជនបទ ដើម្បី​ជំរុញ​ចង្វាក់​ផលិតកម្ម ផ្គត់ផ្គង់​ត្រី​ទៅកាន់​ទីផ្សារ​ក្នុង​ស្រុក កាន់តែ​ច្រើន បន្ថយ​ផលប៉ះពាល់ ដោយសារ​ការរាតត្បាត​ជំងឺ​កូវីដ ១៩​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ឆ្លើយតប​ទៅ​នឹង​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ស្តីពី​ការបង្កើន​យុទ្ធនាការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុង​ស្ថានភាព​រង​ផលប៉ះពាល់​ជា​សកល​ដោយសារ​ជំងឺ​កូវីដ​ ១៩ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម​ទទួល​បាន​ហិរញ្ញប្បទាន​ពី​ដៃគូ​អភិវឌ្ឍន៍ និង​ថវិកា​របស់​រដ្ឋាភិបាល​ផ្ទាល់​សរុប​ជាង ៤,៦៨ លាន​ដុល្លារ ដើម្បី​ចាប់ផ្តើម​សកម្មភាព​ចុះជួយ​ដល់​កសិករ​ចិញ្ចឹម​កង្កែប​ និង​ត្រី​អណ្តែង​ជាង​ ៦ ០០០ ​គ្រួសារ​នៅ​ទូទាំង​ប្រទេស​។

លោក​បន្តថា កម្មវិធី​នេះ​គាំទ្រ​គម្រោង​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ក្នុង​តង់ប្លាស្ទិក​ដោយ​ប្រើ​រយៈពេល​ខ្លី​ដល់​កសិករ​ក្នុង​ខេត្ត​ចំនួន​ ១០ រួមមានៈ ខេត្តរតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ កំពត ព្រះសីហនុ ត្បូងឃ្មុំ ស្វាយរៀង កំពង់ស្ពឺ និង​ខេត្ត​ប៉ៃលិន​។

លោក​បន្ថែមថា​៖ «​កញ្ចប់​ថវិកា​ពិសេស​របស់​រដ្ឋាភិបាល​នេះ​នឹង​ផ្តោតលើ​កសិករ​ចំនួន ១ ០០០ ​គ្រួសារ​ ដែល​ចិញ្ចឹម​ត្រី​អណ្តែង និង​កសិករ​ចិញ្ចឹម​កង្កែប​ចំនួន ៧០០ ​គ្រួសារ​ព្រមទាំង​ពង្រឹង​សមត្ថភាព​កសិករ​ផលិត​កូនត្រី​ពូជ​ចំនួន​ ៥០ គ្រួសារ​»​។

លោក​ឲ្យ​ដឹងថា ក្រសួង​កសិកម្ម​ទទួល​បាន​ហិរញ្ញប្បទាន​ផ្សេងទៀត​ចំនួន​ ១ ១២៩ ៧៩៧ ដុល្លារ​ លើ​គម្រោង​គាំទ្រ​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង​ចំនួន ១ ០០០ គ្រួសារ និង​ចិញ្ចឹម​កង្កែប ១ ០០០ ​គ្រួសារ ហើយ​គាំទ្រ​ដល់​កសិករ​ផលិត​កូន​ត្រី​អណ្តែង​ចំនួន ២០ ​គ្រួសារ និង​កូន​កង្កែប​ចំនួន​ ៣៥ ​គ្រួសារ​។

គម្រោង​នេះ​ផ្តោតលើ​ចំនួន​ ១០ រួមមានៈ ខេត្តតាកែវ កំពង់ចាម បាត់ដំបង សៀមរាប ពោធិ៍សាត់ ព្រៃវែង កណ្តាល កំពង់ឆ្នាំង កំពង់ធំ និង​ខេត្ត​បន្ទាយមានជ័យ​។

លោក​បន្ថែមថា គម្រោង​នេះ​ទទួល​បាន​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប និង​គ្រប់គ្រង​គម្រោង​ដោយ​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) ​ដែល​ជា​គម្រោង​ជំរុញ​វារីវប្បកម្ម​តាម​ជនបទ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​១៩​។

គម្រោង​នេះ​ត្រូវបាន​អនុវត្ត​តាមរយៈ​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​នៃ​ផ្នែក​វារីវប្បកម្ម​នៅ​កម្ពុជា​ (Cap-Fish ​វារីវប្បកម្ម​) ​រយៈពេល​ ១ ​ឆ្នាំ​។

រដ្ឋបាល​ជលផល​ក៏បាន​ដាក់សំណើ​ទៅ​ធនាគារពិភពលោក​ស្នើសុំ​ហិរញ្ញប្បទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​ចំនួន ៣ ០៥៩ ៦២០ ​ដុល្លារ​ សម្រាប់​គម្រោងការ​ពង្រឹង​វារីវប្បកម្ម​កម្ពុជា​ក្នុង​អំឡុងពេល និង​ក្រោយពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩​។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រី​។

គម្រោង​ខាងលើ​នេះ​នឹង​ពង្រឹង​ផ្នែក​បច្ចេកទេស​ដល់​កសិករ​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ក្នុង​តង់​ប្លាស្ទិក​ចំនួន​ ២ ០០០ គ្រួសារ​ ព្រម​ទាំង​ជួយឧបត្ថម្ភ​ដល់​កសិករ​ផលិត​ខ្នាត​មធ្យម​ចំនួន ២៦០ ​គ្រួសារ​។

លោក​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​នឹង​ជួយ​រៀបចំ​ការចិញ្ចឹម​របស់​កសិករ​បណ្តាក់​គ្នា ដើម្បី​ចៀសវាង​ការផលិត​លើស​តម្រូវការ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ការចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​វា​ឲ្យ​ផល​ភ្លាមៗ​ដែល​ជា​ឱកាស​មាស​សម្រាប់​កសិករ​ចិញ្ចឹម​ដើម្បី​រកប្រាក់​ចំណូល​ប្រចាំ​»​។

លោក ភួង ភារុន ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​អណ្តែង និង​កង្កែប​ពូជ ស្ថិត​នៅ​ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការទម្លាក់​កញ្ចប់​ថវិកា​នាពេល​នេះ​នឹង​ជួយ​ជំរុញ​តម្រូវការ​កូនត្រី និង​កង្កែប​កាន់តែ​ច្រើន​។

លោក​សម្គាល់ថា តម្រូវការ​កូន​កង្កែប និង​ត្រី​អណ្តែង​កើនឡើង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​ការនាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង​ជា​ឧបសគ្គ​ដល់​ការអភិវឌ្ឍ​វារីវប្បកម្ម​ក្នុង​ប្រទេស​។

លោក​និយាយថា​៖ «​កសិករ​កាន់តែ​ច្រើន​មាន​ការយល់ដឹង​បច្ចេកទេស​ចិញ្ចឹម ហើយ​ពួកគាត់​មាន​ការចាប់អារម្មណ៍​ចាប់​របរ​នេះ​កាន់តែ​ច្រើន​»​។

លោក​សម្គាល់ថា ចាប់តាំងពី​មាន​ការបិទ​ច្រកព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​កន្លងមក កសិដ្ឋាន​ជាច្រើន​បង្កើន​ការចិញ្ចឹម​ត្រី​ និង​កង្កែប ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ក្នុង​អំឡុង​ពេល​​រីក​រាលដាល​វីរុស​កូរ៉ូណា​។

លោក ភារុន លក់​ចេញ​កូន​ត្រី​ប្រមាណ ៨ ០០០ ​ក្បាល និង​កង្កែប ៥ ០០០ ជា​មធ្យម​ក្នុង​ ១ ​ខែ​។

លោក​និយាយថា​៖ «​ឥឡូវ​ខ្ញុំ​លក់ដាច់​ខ្លាំង បងប្អូន​ខ្មែរ​យើង​គាំទ្រ​ច្រើន គាត់​ទិញ​យក​ទៅ​ចិញ្ចឹម​សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​យើង​»​។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ឲ្យ​ដឹងថា ការប្រមូលផល​នេសាទ​ទឹកសាប​តាមរយៈ​ដាយត្រី ដែននេសាទ និង​លក្ខណៈ គ្រួសារ​តាម​ប្រភព​ផ្សេងៗ​មាន​តាម​វាលស្រែ​ជាដើម​កាលពី​ឆ្នាំ ២០១៩ សម្រេច​បាន​បរិមាណ ៤៧៨ ៨៥០ ​តោន និង​នេសាទ​សមុទ្រ សម្រេច​បាន ១២២ ២៥០ តោន​។

ចំណែក​ផ្នែក​វារីវប្បកម្ម ការចិញ្ចឹម​ត្រី និង​បង្គា​សម្រេច​បាន​ប្រមាណ ៣០៧ ៤០៨ តោន​។ ផលនេសាទ​កែច្នៃ​មាន ៤ ៩១០ តោន​ធៀប​នឹង​ឆ្នាំ ២០១៨ ថយចុះ​ចំនួន ៩០ ​តោន​៕ LA