ភ្នំពេញ: ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ប្រកាស​ឲ្យ​ដឹងថា អ្នក​នាំចេញ​អង្ករ និង​ផលិតផល​កសិឧស្សាហកម្ម​អាច​មក​ដាក់ពាក្យ​ស្នើសុំ​ត្រួតពិនិត្យ​ភូតគាម​អនាម័យ​នៅ​ច្រកចេញចូល​តែមួយ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​។

ការសម្រេច​នេះ​ធ្វើ​ឡើង​តាម​សំណើ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ដែល​បានស្នើ​កាលពី​សប្តាហ៍​មុន​។

លោក ស្រី វុឌ្ឍី អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ពីមុន​គ្រប់​អ្នក​នាំចេញ​ត្រូវ​ដាក់​សើ្នសុំ​ពិនិត្យ​ភូតគាម​អនាម័យ​នៅ​ច្រកចេញចូល​តែមួយ​ដែលមាន​ទីតាំង​ក្នុង​បរិវេណ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប៉ុន្តែ​សព្វថ្ងៃនេះ​ពួកគេ​អាច​មក​ដាក់​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម​។ លោក​បន្តថា​៖ «​មូលហេតុ​គឺ​ដោយសារ​ក្រសួង​ពាក់ព័ន្ធ​មួយចំនួន​បាន​ធ្វើ​ទំនើបកម្ម​ដោយ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អនឡាញ ដូច្នេះ​វា​មិនមាន​ភាពស្មុគស្មាញ​ទៀត​ទេ ហើយ​អ្នក​នាំចេញ​នឹង​បាន​ប្រយោជន៍​ច្រើន​»​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Longmate Agriculture Co Ltd ជា​ក្រុមហ៊ុន​នាំចេញ​ចេកអំបូង​លឿង​ផ្ទាល់​ទៅ​ប្រទេស ​ចិន​ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​លោក​គាំទ្រ​សេចក្តី​សម្រេច​នេះ ដែល​វា​នឹង​ធ្វើឲ្យ​ប្រសើរឡើង​ក្នុង​ការសម្រួល​ដល់​ពាណិជ្ជកម្ម​។ លោក​ថ្លែងថា​៖ «​ការសម្រេច​ដ៏ត្រឹមត្រូវ​ដែល​យើង​ចង់បាន ហើយ​យើង​គាំទ្រ​ការសម្រេច​នេះ​។ វា​នឹង​ជួយ​សម្រួល​ដល់​ការនាំចេញ​របស់​យើង​កាន់​ងាយស្រួល និង​រហ័ស​»​។

លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា ការសម្រេច​នេះ​នឹង​ជួយ​ជំរុញ​ភាពប្រកួតប្រជែង​ក្នុង​វិស័យ​ស្រូវ​អង្គរ​។ លោក​ថ្លែង​ថា​៖ «​វា​ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ភាពស្មុគស្មាញ​ចំពោះ​អ្នក​នាំចេញ​អង្ករ ហើយ​ការនាំចេញ​នឹង​លឿន​ជាង​ពីមុន​»​។

លោក​បន្ថែមថា បច្ចុប្បន្ន​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​ទំនើបកម្ម​ដោយ​ចុះបញ្ជី​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) តាម​ប្រព័ន្ធ​អនឡាញ ខណៈ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក៏​តម្រូវ​ឲ្យ​បំពេញ​វិញ្ញាបនបត្រ​អនាម័យ និង​ភូតគាម​អនាម័យ​តាម​ប្រព័ន្ធ​អនឡាញ​ផង​ដែរ​។

ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​មុន​មាន​ចំនួន ៦២០ ១០៦ តោន​ ធ្លាក់​ចុះ​ជិត​ ១ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន ៦២៦ ២២៥ តោន​។ នេះ​បើតាម​​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​។

ដោយឡែក​ការនាំចេញ​អង្ករ​កម្ពុជា​មាន​តម្លៃ​សរុប ៥០១ លាន​ដុល្លារ​ កាលពី​ឆ្នាំមុន​ធ្លាក់​ចុះ​ ៤,៣ ភាគរយ បើ​ធៀន​នឹង​ឆ្នាំ​ ២០១៨​។

តួលេខ​បង្ហាញ​ទៀតថា ការនាំ​ចេញ​ទៅ​ចិន​មាន​ចំណែក ៤០,៧៣ ភាគរយ ស្មើ​នឹង ២៤៨ ១០៥ តោន ទីផ្សារ​អឺរ៉ុប ៣២,០១ ភាគរយ ស្មើនឹង​ ២០២ ៩៩០ តោន តំបន់​អាស៊ាន ៨៣ ១៦៤ តោន​(១៣,៤១ ភាគរយ​) និង​ទិសដៅ​ផ្សេងទៀត ៨៥ ៨៤៧ តោន​ (១៣,៨៤ ភាគរយ​)​។

កម្ពុជា​ការនាំចេញ​ស្រូវ​ទៅ​ទីផ្សារ​វៀតណាម​ ២,១៥ លាន​តោន​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោង​តាម​របាយការណ៍​បង្ហាញ​ក្រសួង​កសិកម្ម​។

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្ពុជា​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ៥០ ៤៥០ តោន​ មាន​តម្លៃ ៣៩ ​លាន​ដុល្លារ​ សម្រាប់​ខែមករា ឆ្នាំ​ ២០១០ ធ្លាក់ចុះ ១៥,៣៩ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩​។ របាយការណ៍​បង្ហាញថា ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​សហភាព​អឺរ៉ុប​កាលពី​ខែ​មុន​ធ្លាក់ចុះ ៥ ២៦៩ តោន​ (២២ ភាគរយ​) បើ​ធៀប​នឹង​ខែ​មករា​ឆ្នាំមុន​ចាប់​តាំងពី​សហភាព​អឺរ៉ុប​អនុវត្តន៍​របាំង​ពន្ធគយ​កាលពី​ឆ្នាំមុន​ចំពោះ​ការនាំចេញ​អង្ករ​ពី​កម្ពុជា​។

ទន្ទឹម​នឹង​នេះ​ការនាំចេញ​អង្ករ​ទៅ​ទីផ្សារ​ប្រទេស​ចិន​ក៏​ធ្លាក់ ៣ ៦៦៤ តោន (២០ ភាគរយ​) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕LA