The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​កសិកម្ម​ ចេញមុខ​ការពារ​ភាពស្អាតស្អំ​របស់​អង្ករ​កម្ពុជា

ក្រសួង​កសិកម្ម​ ចេញមុខ​ការពារ​ភាពស្អាតស្អំ​របស់​អង្ករ​កម្ពុជា

Content image - Phnom Penh Post
ហាងលក់អង្ករមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ហុង មិនា

ក្រសួង​កសិកម្ម​ ចេញមុខ​ការពារ​ភាពស្អាតស្អំ​របស់​អង្ករ​កម្ពុជា

ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សមាគម​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី​ នៃ​រដ្ឋ​វិចតូរៀ​បាន​ច្រានចោល​ការចោទប្រកាន់​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​ចោទថា អង្ករ​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​អូស្ត្រាលី​​ ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​។

ការបដិសេធ​របស់​ក្រសួងកសិកម្ម និង​សមាគម​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី ​នាពេលនេះ បន្ទាប់ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទើប​បដិសេធ​ចំពោះ​ការចោទប្រកាន់​ពី​ប្រភព​តែមួយ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១៨ វិច្ឆិកា បានឱ្យដឹងថា ខ្លួន​មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ និង​ប្រកាស​បដិសេធ​ចំពោះ​ការចោទប្រកាន់​គ្មាន​ហេតុផល​របស់​ឈ្មោះ ខៀវ ដារ៉ា ដែល​បានដាក់​ញត្តិ​ទៅ​តំណាងរាស្ត្រ​អូស្ត្រាលី​ ១ ​រូប​ ដោយ​ចោទថា​ អង្ករ​កម្ពុជា​ដែល​បាននិង​កំពុង​នាំ​ចេញទៅ​ប្រទេស​អូស្ត្រាលី​ជាប់​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។

ក្រសួងកសិកម្ម​បានឱ្យ​ដឹង​បន្តថា សព្វថ្ងៃ​កសិករ​កម្ពុជា​កំពុង​កែប្រែ​របៀប​អនុវត្ត​កសិកម្ម​តាម​បែប​យថាផល​ទៅជា​លក្ខណៈ​ប្រពលវប្បកម្ម និង​កែប្រែ​ជីវភាព​រស់នៅ​របស់ខ្លួន​ទៅជា​កសិពាណិជ្ជកម្ម ហើយ​កម្ពុជា​ក៏​កំពុងតែ​អភិវឌ្ឍ​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម​ទៅជា​កសិឧស្សាហកម្ម​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​។

សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ប្រជាកសិករ​ផលិត​ស្រូវ​កម្ពុជា​រាប់លាន​នាក់​មាន​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​ការទទួល​បាន​ទីផ្សារ​នាំចេញ​អង្ករ​ទៅកាន់​អូស្ត្រាលី​ដែល​ជួយ​បង្កើន​ប្រាក់ចំណូល​ពី​ផលិតកម្ម​ស្រូវ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ល្អប្រសើរ​របស់​ពួកគេ​»​។

ជាមួយ​គ្នានេះ សមាគម​ពលរដ្ឋ​ខ្មែរ​-​អូស្ត្រាលី​ នៃ​រដ្ឋ​វិចតូរៀ​ក្នុងប្រទេស​អូស្ត្រាលី​ ក៏បាន​ប្រកាស​គាំទ្រ​ដល់​ការ​នាំចូល​អង្ករ និង​ផលិតផល​កសិកម្ម​ពី​ប្រទេស​កម្ពុជា​ មកកាន់​ទីផ្សារ​ប្រទេស​នេះ​។ នេះ​បើតាម​លិខិត​របស់​សមាគម​ចុះ​ថ្ងៃទី​ ១៨ ខែវិច្ឆិកា ឆ្នាំ​ ២០២០​។

លោក ប៊ូ សម្បត្តិ ប្រធាន​សមាគម​ពលរដ្ឋ​ខ្មែរ-អូស្ត្រាលី ​នៃ​រដ្ឋ​វិចតូរៀ​បាន​ចេញមុខ​ថ្កោលទោស​លើ​ក្រុម​សកម្មជន​អតីត​គណបក្ស​សង្គ្រោះជាតិ​ថា បាន​បង្ខូច​កេរ្តិ៍ឈ្មោះ​អង្ករ​របស់​កម្ពុជា និង​បំផ្លាញ​ផលប្រយោជន៍​របស់​ប្រជាកសិករ​ខ្មែរ​។

លិខិត​របស់​សមាគម​បាន​សរសេរ​ថា​៖ «​យើងខ្ញុំ​តំណាង​សហគមន៍​ខ្មែរ​ប្រចាំ​ទីក្រុង​មែលប៊ន រដ្ឋ​វិចតូរៀ ប្រទេស​អូស្ត្រាលី​ មានការ​ហួសចិត្ត និង​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ជន​អគតិ​ ១ ​ក្រុម​តូច​ ដែល​តាំងខ្លួន​ជា​តំណាងឱ្យ​សហគមន៍​ខ្មែរ​មាន​ចេតនា​បំផ្លាញ​ផលប្រយោជន៍​កសិករ​ខែ្មរ​»​។

កាលពី​ថ្ងៃទី​ ១៦ ខែវិច្ឆិកា​ នេះ​ សហព័ន្ធ​ស្រូវ​អង្គរ​កម្ពុជា (CRF) ក៏បាន​ច្រានចោល​ការចោទប្រកាន់​របស់​បុគ្គល​នេះដែរ​។

ក្រសួងកសិកម្មបង្ហាញថា​ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅកាន់​ប្រទេស​អូស្ត្រាលី ​មាន​ចំនួន​ ២៥ ៩៩៤ តោន ​ក្នុង​រយៈពេល ១០ ​ខែ​ឆ្នាំនេះ​កើន​ ៥២,៧០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

អង្ករ​កម្ពុជា​បាន​នាំចេញ​ផ្លូវការ​កើន​ពី ៥៣៨ ០០០ តោន ​ដល់​ជាង​ ៦២០ ០០០ តោន​ ក្នុង​ឆ្នាំ​ ២០១៩ គិត​ជា​មធ្យម​មាន​កំណើន ១៥,២៤ ភាគរយ​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍