ភ្នំពេញ: ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសពីអនុវត្តគម្រោងស្តីពីពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក និងថវិកាបដិភាគរបស់រដ្ឋាភិបាលសរុបជាង ១០០ លានដុល្លារ។ នេះបើតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកសិកម្ម។
ការប្រកាសនេះធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជាកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ នេះ។
លោក សរ ចិត្រា នាយកគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជាបានឲ្យដឹងថា ធនាគារពិភពលោកបានផ្តល់ហិរញ្ញប្បទានដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រាប់គម្រោងសរុប ១០១,៦៧ លានដុល្លារក្នុងនោះថវិកាបដិភាគរដ្ឋាភិបាលចំនួន ១០ លានដុល្លារ។
លោកបន្តថា គម្រោងនេះត្រូវបានធនាគារពិភពលោក អនុម័តកាលពីខែមករា ឆ្នាំនេះដែលមានរយៈពេល ៦ ឆ្នាំចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២៥។ លោកថ្លែងថាគម្រោងនេះនឹងអនុវត្តក្នុងខេត្តគោលដៅចំនួន ១២ គឺខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និង រាជធានីភ្នំពេញ»។
អ្នកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជាបានថ្លែងក្នុងសិក្ខាសាលានេះថា គម្រោងពិពិធកម្មវិស័យកសិកម្មនៅកម្ពុជា (CASDP) នឹងជួយសម្របសម្រួលការវិនិយោគធុរកិច្ចកសិកម្ម ជំរុញ និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្ម ពង្រឹងនិងផ្សារភ្ជាប់ខ្សែចង្វាក់តម្លៃ និងទីផ្សារ និងលើកទឹកចិត្តឲ្យមានកាលានុវត្តភាពធុរកិច្ចកសិកម្ម ព្រមទាំងការកំណត់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រផងដែរ។ អ្នកស្រីបន្តថា៖ «ធនាគារពិភពលោកនឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា គម្រោងនេះបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកសិកម្មតាមរយ:ការធ្វើទំនើបកម្មលើវិស័យកែច្នៃ ការអភិវឌ្ឍខ្សែចង្វាក់តម្លៃ ការបង្កើនតម្លៃបន្ថែម ដើម្បីធ្វើការប្រកួតប្រជែង។ លោកបន្តថា វិស័យកសិកម្មនៅតែបំពេញតួនាទីយ៉ាងសំខាន់ ដើម្បីចីរភាពកំណើនសេដ្ឋកិច្ច សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។
លោកថ្លែងថា៖ «រដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្ម កសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ការគ្រប់គ្រង ធនធានជលផល និងព្រៃឈើប្រកបដោយចីរភាព»។
កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៩ មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) របស់អង្គការសហប្រជាជាតិបានអនុម័តផ្តល់កម្ចីសរុប ៩២,១១ លានដុល្លារលើគម្រោងទីផ្សារកសិកម្មប្រកបដោយនិរន្តរភាព និងគម្រោងអាជីវកម្ម និងពាណិជ្ជកម្មកសិកម្មដល់រដ្ឋាភិបាលកម្ពុជា៕