ភ្នំពេញ: ក្រសួង​កិច្ចការនារី​បាន​អំពាវនាវ​ដល់​សហព័ន្ធ សមាគម សហគមន៍ និង​សមាគម​សហគ្រិន​ស្ត្រី​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​ចូលរួម​ក្នុង​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ដែល​គ្រោង​នឹង​បង្កើត​ក្នុងពេល​ឆាប់ៗ​នេះ​ក្នុង​គោលបំណង​ប្រមូលផ្តុំ​សំឡេង​ស្ត្រី​តែមួយ​តំណាង​ឲ្យ​កម្ពុជា​ក្នុង​វិស័យ​ធុរកិច្ច​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​កិច្ចការនារី​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​ (CamWen) គឺជា​បណ្តាញ​ថ្មី​មួយ​ដែល​មាន​ការផ្តួចផ្តើម​បង្កើតឡើង​ដោយ​ក្រសួង​កិច្ចការនារី​ ដើម្បី​ចូលរួម​ក្នុង​បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​សហព័ន្ធ ឬ​សមាគម​ស្ត្រី​ក្នុង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ត្រូវមាន​សមាជិក​យ៉ាងតិច​ ២៥ ​នាក់​។ ចំណែក​សហគមន៍ ឬ​សមាគម​សហគ្រិន និង​ធុរកិច្ច ត្រូវ​មាន​សមាជិក​ជា​ស្ត្រី​យ៉ាងតិច​ ៥០ ​នាក់​ឡើង​ទៅ​។

លោក ថេ ឈុនហាក់ អគ្គនាយក​សមភាព​យេនឌ័រ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​ក្រសួង​កិច្ចការនារី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ក្រសួង​កិច្ចការនារី​បាន​ផ្តួចផ្តើម​ឲ្យ​វិស័យ​ឯកជន​បង្កើត​បណ្តាញ​សហគ្រិន CamWen ដើម្បី​ជា​តំណាង​ឲ្យ​កម្ពុជា​ក្នុង​វិស័យ​ធុរកិច្ច​ក្នុង​ការលើក​កម្ពស់​ការអភិវឌ្ឍ​សហគ្រិន​ភាព​ជា​ស្ត្រី​នៅលើ​ឆាក​អន្តរជាតិ​។

លោក​ថ្លែងថា​៖ «​ការបង្កើត​បណ្តាញ​នេះ​ជា​វេទិកា​មួយ​សម្រាប់​សហគ្រិន​ស្ត្រី​ខ្នាត​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា​មកជួប​ជុំគ្នា ដើម្បី​លើកឡើង​អំពី​បញ្ហា​ប្រឈម​នានា​ក្នុង​វិស័យនេះ ហើយ​បណ្តាញ​នេះ​នឹង​​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការចូលរួម​កិច្ចប្រជុំ​នានា​លើ​ឆាក​អន្តរជាតិ​ផងដែរ​»​។

លោក​សង្ឃឹម​ថា​ បណ្តាញ CamWen នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និង​ទីផ្សារ​ក្នុង​វិស័យ​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម​នៅ​កម្ពុជា ដែល​ពួកគេ​កំពុង​ជួបប្រទះ​សព្វថ្ងៃនេះ​។

លោក​បញ្ជាក់​ថា​៖ «​ក្នុង​វិស័យនេះ​ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​នឹង​ផ្នែក​ហិរញ្ញវត្ថុ ការប្រកួតប្រជែង​ក្នុង​ការពង្រីក​ខ្លួន​ពី​អាជីវកម្ម​លក្ខណៈ​គ្រួសារ​ទៅ​ជា​អាជីវកម្ម​ខ្នាត​ធំ ហើយ​ការ​ជ្រៀត​ចូល​ទៅ​ទីផ្សារ​អន្តរជាតិ​ក៏​ជា​បញ្ហា​ប្រឈម​ផងដែរ​»​។

លោកស្រី កែវ មុំ អគ្គនាយិកា​ក្រុមហ៊ុន LY LY Food Industry Co បាន​ឲ្យ​ដឹងថា​កម្ពុជា​ចាំបាច់​បង្កើត​បណ្តាញ​សហគ្រិន​ស្ត្រី CamWen ដើម្បី​ឲ្យ​កម្ពុជា​អាច​ចូល​ជា​សមាជិក​ក្នុង​បណ្តាញ​សហគ្រិន​ស្ត្រី​អាស៊ាន​។ ​លោក​បន្ថែមថា នៅពេល​កម្ពុជា​ក្លាយ​ជា​សមាជិក​សហគ្រិន​ស្ត្រី​អាស៊ាន​នឹង​ធ្វើឲ្យ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​មាន​ឱកាស​ពង្រីក​អាជីវកម្ម​របស់ខ្លួន​ក្នុង​ប្រទេស​បណ្តា​អាស៊ាន​។

លោកស្រី​ថ្លែងថា​៖ «​វា​ល្អ​ដោយសារ​យើង​មាន​បណ្តាញ​ស្ថិត​ក្នុង​កម្រិត​អន្តរជាតិ គឺ​អាស៊ាន កាលណា​យើង​បាន​ចូល​ជា​សមាជិក​សហគ្រិន​ស្ត្រី​អាស៊ាន វា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ការទំនាក់ទំនង​អាជីវកម្ម​របស់​យើង និង​ការចូលរួម​ចែករំលែក​បទពិសោធ​គ្នា​ទៅវិញទៅមក​»​។

សេចក្តីប្រកាស​ព័ត៌មាន​នេះ​បាន​បញ្ជាក់ថា បណ្តាញ​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា គ្រោង​នឹង​ដំណើរការ​នៅ​ចុងឆ្នាំ ២០១៩ ​នេះ​។

លោក ឈុនហាក់ រំពឹងថា សមាគម​សហគ្រិន​ស្ត្រី​ធំៗ​ចំនួន​ ៥ នឹង​ចូលក្នុង​បណ្តាញ CamWen នេះ​ដែល​សមាគម​ទាំងនោះ​មាន​សមាជិក​ជាង​ ១០០ ​នាក់​ឡើងទៅ​។ លោក​បន្ថែមថា​៖ «​យើង​សង្ឃឹមថា​នៅពេល​គាត់​ប្រមូល​ផ្តុំគ្នា យើង​នឹង​ផ្តល់​ឱកាស​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព បញ្ហា​ប្រឈម​ផ្សេងៗ​ទៀត ហើយ​វា​ជា​ចំណែក​មួយ​ចូលរួម​ក្នុង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​សហគ្រិន​នៅ​កម្ពុជា​»​។

ថ្មីៗ​នេះ​អង្គការ USAID បាន​ផ្តួចផ្តើម​បង្កើត​គម្រោង​ថ្មី​មួយ​ហៅថា WE Act ដែលមាន​មូលនិធិ ១០ ​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​សហគ្រិន​ស្ត្រី​។

បើតាម​របាយការណ៍ International Finance Corporation (IFC) បាន​បង្ហាញថា សហគ្រិន​ជា​ស្ត្រី​នៅតែ​ប្រឈម​ក្នុង​ការទទួល​បាន​ឥណទាន​សម្រាប់​ពង្រីក​អាជីវកម្ម​ដែល​មាន​ត្រឹមតែ​ ៣ ​ភាគរយ​ប៉ុណ្ណោះ ខណៈ​តម្រូវការ​ឥណទាន​ដែល​សហគ្រិន​ស្ត្រី​ត្រូវការ​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​មាន ៤,២ ​ពាន់​លាន​ដុល្លារ​។

របាយការណ៍​បង្ហាញថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​សហគ្រាស ៥១៣ ៧៥៩ ក្នុងនោះ ៩៧,៧ ​ភាគរយ ជា​សហគ្រាស​ខ្នាតតូច និង ២,២ ​ភាគរយ សហគ្រាស​ខ្នាត​ធំ​។ ស្ត្រី​គ្រប់គ្រង​សហគ្រាស​ខ្នាតតូច និង​មធ្យម ២៦ ភាគរយ និង​សហគ្រាស​ខ្នាតតូច ៦២ ភាគរយ​៕LA