ភ្នំពេញៈ កម្ពុជាកំពុងខិតខំរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាជាច្រើន ដើម្បីជំរុញការនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សារអន្តរជាតិតាមរយៈការបង្កើតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសនានានៅលើពិភពលោក ខណៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទី ១ របស់កម្ពុជាជាមួយនឹងប្រទេសចិន អាចនឹងត្រូវបញ្ចប់ក្នុងខែមិថុនា ខាងមុខ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅក្នុងអំឡុងពេលដឹកនាំកិច្ចប្រជុំក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កាលពីថ្ងៃពុធ បាននិយាយថា ការរៀបចំបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសដៃគូ គឺជាការងារចម្បងដែលក្រសួងកំពុងធ្វើ ដើម្បីពង្រឹងភាពប្រកួតប្រជែង និងធ្វើពិពិធកម្មសេដ្ឋកិច្ចពាណិជ្ជកម្មរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ។
លោកបានបន្តថា ការងារនេះត្រូវបានកំណត់នៅក្នុងបរិស្ថានគ្របដណ្ដប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរដ្ឋាភិបាលដែលកំណត់ថា ដំណើរឈានឡើងទៅមុខរបស់កម្ពុជា ត្រូវទាមទារឲ្យបន្តខិតខំពង្រឹងសមត្ថភាពធ្វើសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។
លោកថ្លែងថា៖ «ការធ្វើសមាហរណកម្មទាំងនេះ គឺក្នុងបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្រ្តៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ»។
លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលក្ខណៈទ្វេភាគីរវាងកម្ពុជា ជាមួយប្រទេសណាមួយនឹងផ្តល់ឲ្យកម្ពុជានូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចជាតិ ខណៈរហូតមកដល់ពេលនេះ កម្ពុជាមានត្រឹមតែកិច្ចព្រមព្រៀងក្នុងលក្ខណៈក្របខ័ណ្ឌតំបន់អាស៊ាន ជាមួយនឹងប្រទេសដៃគូអាស៊ានតែប៉ុណ្ណោះ។
លោកបន្តថា៖ «នេះជាការចាប់ផ្តើមដំបូងក្នុងការរៀបចំឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍»។
លោកបានប្រាប់ទៀតថា កន្លងមកកម្ពុជាទទួលបានភាពអនុគ្រោះពាណិជ្ជកម្មជាឯកតោភាគីមួយចំនួនពីប្រទេសដៃគូ តែការផ្តល់ភាពអនុគ្រោះបែបនេះ គឺមិនមានភាពឋិតថេរឡើយដោយអ្នកផ្តល់គេអាចដកយកវិញភ្លាមៗបានគ្រប់ពេល ព្រោះមិនមានការចងជាកាតព្វកិច្ចទេ។
លោកបានថ្លែងថា៖ «ដើម្បីចៀសវាងការដកយកទៅវិញភ្លាមៗ យើងចាំបាច់ត្រូវតែមានការចរចាដោយធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសដៃគូ ដោយមានការចងជាកាតព្វកិច្ចក្នុងឯកសារគតិយុត្ត ដើម្បីអនុវត្តការងារជាមួយដៃគូ»។
បើយោងតាមក្រសួងពាណិជ្ជកម្ម បច្ចុប្បន្នមានក្រុមការងាររៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចំនួន ៨ ដែលត្រូវបានរៀបចំឡើង ដោយមានការទទួលខុសត្រូវសម្រាប់ការសិក្សា និងចរចា ឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ប្រទេសចិន គឺជាដៃគូទី១ ដែលកម្ពុជាកំពុងធ្វើការចរចាកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មសេរីជាមួយ ដោយពេលនេះបានបញ្ចប់ការចរចាជុំទី២ រួចហើយ និងគ្រោងបញ្ចប់ការចរចាទាំងស្រុងនៅខែមិថុនា នេះ។ ចំណែកក្រុមការងារ ២ ទៀតកំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកម្ពុជាសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (បែលឡារុស កាហ្សាក់ស្ថាន អាមេនី រុស្ស៊ី និងកៀគីស្ថាន)។ ដោយឡែកប្រទេសចំនួន ៥ ទៀត រួមមាន ចក្រភពអង់គ្លេស អាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា រហូតមកដល់ពេលនេះ នៅមិនទាន់បានចាប់ផ្តើមទេ។ នេះបើតាមលោក កែមវិចិត្រ។
លោក គី សិរីវឌ្ឍ អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា ការទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នឹងបើកឱកាសក្នុងការនាំចេញទំនិញដែលមានឧត្តមភាពមួយចំនួនទៅកាន់ប្រទេសហត្ថលេខី ដោយមិនចាំបាច់បង់ពន្ធ និងមានលក្ខខណ្ឌពិសេសមួយចំនួនទៀត។ ការជំរុញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី គឺជាការចាំបាច់នៅក្នុងបរិបទនៃការដោះដូរទំនិញជាអន្តរជាតិនាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ការបង្កើតឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម គឺអាចឲ្យរដ្ឋាភិបាលមានឱកាសក្នុងការជំរុញទីផ្សារផលិតផលណាដែលប្រទេសខ្លួនមានសក្តានុពលខ្ពស់សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសដៃគូក្នុងកិច្ចព្រមព្រៀង តាមរយៈការមិនយកពន្ធ ដែលនឹងនាំឲ្យសមត្ថភាពប្រកួតប្រជែងកាន់តែខ្ពស់»។
បើតាមលោក សិរីវឌ្ឍ ខណៈស្ថានភាពប្រទេសកម្ពុជា មានសក្តានុពលខ្ពស់លើដំណាំកសិកម្ម និងកសិឧស្សាហកម្មនោះ ការពង្រឹងវិស័យនេះក៏ជាឱកាសល្អផងដែរ ប៉ុន្តែគុណភាពកសិផលទាំងអស់នោះត្រូវតែមានកម្រិតតាមស្តង់ដាអន្តរជាតិ។
ទោះយ៉ាងណា លោកបញ្ជាក់ថា៖ «នៅពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងមានការនាំចេញ-នាំចូលទំនិញរវាងគ្នាកាន់តែច្រើន ហេតុនេះកម្ពុជាក៏ត្រូវជំរុញការផលិត និងពង្រឹងគុណភាពផលិតផលរបស់ខ្លួនឲ្យបានកាន់តែល្អផងដែរ»។
យោងតាមទិន្នន័យពីធនាគារជាតិនៃកម្ពុជា ការនាំចូល និងនាំចេញទំនិញពីកម្ពុជាកាលពីឆ្នាំ ២០១៩ មានតម្លៃសរុប ៣៦,៧ ពាន់លានដុល្លារ។ ក្នុងនោះការនាំចេញមានតម្លៃ ១៤,៥៣ ពាន់លានដុល្លារ និងនាំចូលមានតម្លៃ ២២,១៩ ពាន់លានដុល្លារ កើនឡើង ១២,៧ ភាគរយ និង ១៨,៦ ភាគរយ រៀងគ្នាបើធៀបនឹងឆ្នាំ ២០១៨។
ទោះយ៉ាងណាកម្ពុជានៅតែមានឱនភាពពាណិជ្ជកម្មចំនួន ៧,៦៦ ពាន់លានដុល្លារ កើនឡើង ៣១,៦ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨៕