ភ្នំពេញៈ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) នឹង​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ស៊ើបអង្កេត​ពី​ការ​កន្លែង​បន្លំ​ផលិតផល​អង្ករ​របស់​កម្ពុជា​ដោយ​ប្រើប្រាស់​រូប​ប្រាសាទ​អង្គរវត្ត​ជា​ឡូហ្គោ​។

វិធានការ​នេះ​ធ្វើ​ឡើង ខណៈ​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​បង្ហោះ​លើ​ហ្វេសប៊ុក​របស់​លោក​នូវ​រូបភាព​អង្ករ​ដែល​លក់​នៅ​ទីផ្សារ​អាមេរិក​ដោយ​ដាក់​រូប​ប្រាសាទ​អង្គរវត្ត​នៅ​លើ​បាវ​អង្ករ ប៉ុន្តែ​សរសេរថា​ជា​ «​ផលិតផល​របស់​ថៃ​»​។

លោក មូល សារិទ្ធិ អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ថ្លែង​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ទើប​តែ​បាន​ដឹង​ពី​ករណី​នេះ ហើយ​នឹង​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ដើម្បី​ស៊ើបអង្កេត​ក្រុមហ៊ុន​ចែកចាយ​នេះ​។

លោក​ថ្លែង​ថា​៖ «​ពេល​នេះ​យើង​កំពុង​សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ដើម្បី​ស៊ើបអង្កេត​លើ​ករណី​នេះ​នៅ​ពេល​នេះ​យើង​មិន​អាច​និយាយ​ថា​វា​ចេញ​មកពី​ប្រទេស​ណា​មួយ ឬ​នរណា​ធ្វើ​វា​នោះ​​ទេ​»​។ លោក​បន្ត​ថា​៖ «​យើង​នឹង​ធ្វើ​ការងារ​ជាមួយ​ស្ថានទូត​កម្ពុជា ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ចែកចាយ និង​ទីតាំង​»​។

ប៉ុន្តែ CRF ថា​ករណី​នេះ​នឹង​មិន​ទាន់​ធ្វើឲ្យ​ខូចប្រយោជន៍​ដល់​ឧស្សាហកម្ម​ស្រូវ​អង្ករ​កម្ពុជា​នៅ​ឡើយ​ទេ​។ ​លោក​ថ្លែង​ថា​៖ «​យើង​ទើប​តែ​ទទួល​បាន​ព័ត៌មាន​នេះ​ជា​លើក​ដំបូង​ប៉ុណ្ណោះ ខ្ញុំ​គិត​ថា​វា​មិន​អាច​ធ្វើឲ្យ​ខូច​ប្រយោជន៍​ដល់​ការនាំ​ចេញ​អង្ករ​របស់​យើង​នោះ​ទេ ដោយសារ​យើង​មាន​ការ​គ្រប់គ្រង​លើ​យីហោ និង​ឡូហ្គោ​អង្ករ​របស់​យើង​ព្រម​ទាំង​ការត្រួតពិនិត្យ​គុណភាព​ផង​ដែរ​»​។

រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​បាន​អំពាវនាវ​ដល់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​អាមេរិក​ត្រូវ​ស៊ើបអង្កេត​ករណី​នេះ​ដើម្បី​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​ចាត់​វិធានការ​លើ​ករណី​នេះ​។

លោក សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​រោង​ម៉ាស៊ីន​កិនស្រូវ AMRU Rice Co.Ltd បាន​ឲ្យ​ដឹង​ថា​ការ​ក្លែងក្លាយ​​ឡូហោ្គ ឬ​ផលិតផល​បាន​កើតឡើង​យូរ​មក​ហើយ ជាពិសេស​នៅ​ទីផ្សារ​អាមេរិក សហភាព​អឺរ៉ុប និង​បណ្ដា​ប្រទេស​ផ្សេងទៀត​។ លោក​ថ្លែង​ថា​៖ «​យើង​ធ្លាប់​ជូន​ដំណឹង​ដល់​រដ្ឋាភិបាល​អំពី​ករណី​ក្លែងបន្លំ​នេះ​រួចហើយ​ដែរ ប៉ុន្តែ​រដ្ឋាភិបាល​មិន​មាន​វិធានការ​នោះ​ទេ​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថានទូត​កម្ពុជា​គួរ​តែ​រក​ឲ្យ​ឃើញ ដើម្បី​ស្វែងរក​ថា នរណា​នៅ​ពី​ក្រោយ​ដែល​វា​កើតឡើង​ច្រើន​ដង​ហើយ លើ​ទីផ្សារ​អន្តរជាតិ​»​។

លោក​បន្ត​ថា​៖ «​បើ​វា​នៅ​តែ​បន្ត វា​នឹង​ប៉ះពាល់​ដល់​ទីផ្សារ​របស់​យើង ដោយសារ​តែ​អតិថិជន​យល់​ច្រឡំ ហើយ​លែង​ទុក​ចិត្ត​លើ​ផលិតផល​របស់​យើង​»​។

លោក ឡុង កែមវិចិត្រ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា ក្រសួង​ក៏បាន​ដឹង​ករណី​នេះ​ដែរ​ហើយ​កំពុង​ធ្វើការ​ស៊ើបអង្កេត​។

តាម​ទិន្នន័យ​រដ្ឋាភិបាល​ការនាំ​ចេញ​អង្ករ​របស់​កម្ពុជា​រយៈពេល​ ៤ ​ខែ​ដំបូង​ឆ្នាំ​នេះ​មាន​ចំនួន​សរុប ១៩៧ ៣៥៤ តោន​ធៀប​នឹង ២១២ ៣៩៤ តោន​ដែល​បាន​នាំ​ចេញ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ជាមួយ​គ្នា​នេះ​ដែរ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​បញ្ហា​នេះ​ដោយ​បាន​លើក​ឡើង​ថា តាម​ការស្រាវជ្រាវ​ដំបូង​របស់​ក្រសួង​ទំនិញ​អង្ករ​ដែល​បាន​ដាក់​រូប​ប្រាសាទ​អង្គរវត្ត មាន​ដាក់លក់​នៅ​ក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា​ដោយ​ពុំ​មាន​លក់​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​ទេ​។

ក្រសួង​ពាណិជ្ជកម្ម​បាន​បញ្ជាក់​ថា​៖ «​ការនាំ​ចេញ​អង្ករ​ពី​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជាពិសេស​ទីផ្សារ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​កាណាដា គឺ​ត្រូវ​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ និង​ផ្ទៀងផ្ទាត់​យ៉ាង​ហ្មត់ចត់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ដោយ​មាន​ការសហការ​ពី​វិស័យ​ឯកជន​ និង​ក្រុមហ៊ុន​នាំ​ចេញ​»​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹង​ថា ឆ្លើយតប​នឹង​បាតុភាព​ខាង​លើ​ក្រសួង​ពាណិជ្ជកម្ម​នឹង​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត ដើម្បី​ចាត់វិធានការ​តាម​មធ្យោបាយ​ការទូត និង​ផ្លូវច្បាប់​នានា​ដើម្បី​ស្វែងរក​ប្រភព និង​បុគ្គល​ល្មើស​ក្នង​ការបញ្ឈប់​ការធ្វើ​ចរាចរណ៍​ទំនិញ​ក្លែងបន្លំ​អត្តសញ្ញាណ​នេះ​៕LA