ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានចាប់ផ្តើម​រៀបចំ​យុទ្ធសាស្ត្រ​ស្តីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤​។

ក្នុង​កិច្ចប្រជុំ ពិនិត្យ និង​ផ្តល់​សុពលភាព​លើ​ឯកសារ​ទស្សនទាន​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​កាលពី​ថ្ងៃ​ទី​ ២ កញ្ញា​ដែល​មាន​ការចូលរួម​ពី​ស្ថាប័ន​សាធារណៈ វិស័យ​ឯកជន អង្គការ​សង្គមស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ​ ៨០ ​នាក់​លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យ​ដឹងថា យុទ្ធសាស្ត្រ​នេះ​ជា​ផែនទី​បង្ហាញផ្លូវ​មួយ​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​ការវិវឌ្ឍ​ដ៏លឿន​នៃ​បច្ចេកវិទ្យា​ឌីជីថល​បាន​បង្កើតឡើង​នូវ​កាលានុវត្តភាព​ក៏ដូចជា​ការប្រឈម​ជាច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការគិតគូរ​ឲ្យ​ច្បាស់លាស់​លើ​ការប្រព្រឹត្ត​ទៅ​ការពឹងផ្អែក​បច្ចេកវិទ្យា​ជា​មធ្យោបាយ​»​។

លោកស្រី​បន្ថែម​ថា​ការរៀបចំ​យុទ្ធសាស្ត្រ​នេះ​ធ្វើយ៉ាងណា​ឆ្លើយតប​នឹង​អនុសាសន៍​ពាក់ព័ន្ធ​នឹង​ឯកសារ​ដែល​បាន​រៀបចំ​ឡើង​ដោយ​អង្គការ UNCTAD នៅ​ឆ្នាំ​ ២០១៧ និង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​កម្ពុជា​ ២០១៩-២០២៣​។ លោកស្រី​បញ្ជាក់ថា​៖ «​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ក៏​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិស័យ​ឯកជន​ដែល​ជា​ចលករ​មួយ​សំខាន់​ក្នុង​ការជំរុញ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​»​។

សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ត្រូវបាន​រដ្ឋសភា អនុម័ត​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​។ នេះ​បើ​យោង​តាម​លោកស្រី តឹករ៉េត កំរង​៕