
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ថ្លែងនាពេលកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុកចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនក្នុងពិព័រណ៍ផលិតផល ផលិតក្នុងស្រុកដែលនឹងត្រូវរៀបចំឡើងនៅដើមខែមីនា ដើម្បីបង្កើនផលិតផលក្នុងស្រុកក្នុងចំណោមអ្នកប្រើប្រាស់ និងដើម្បីកាត់បន្ថយការនាំចូល។
សេចក្ដីប្រកាសរបស់ក្រសួងកាលពីថ្ងៃអង្គារបានឲ្យដឹងថា ពិព័រណ៍នេះនឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែមីនា នៅក្នុងខេត្តមណ្ឌលគិរីស្ថិតក្រោមប្រធានបទ «ទិញផលិតផលក្នុងស្រុករបស់កម្ពុជាឆ្នាំ ២០២០»។
មន្ដ្រីដែលស្នើសុំមិនបញ្ចេញឈ្មោះ ដោយសារតែលោកមិនមានសិទ្ធិក្នុងការនិយាយទៅកាន់ប្រព័ន្ធព័ត៌មានបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃអង្គារថា៖ «ពិព័រណ៍នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីបង្កើនផលិតផលដែលផលិតក្នុងស្រុកឲ្យមានការទទួលស្គាល់កាន់តែច្រើន និងប្រើប្រាស់កាន់តែទូលំទូលាយទូទាំងពិភពលោក។
យើងចង់ជំរុញប្រជាជនឲ្យគាំទ្រ និងប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកឲ្យកាន់តែខ្លាំង ខណៈក្រសួងពាណិជ្ជកម្មកំពុងព្យាយាមប្រមូលផលិតផលដែលផលិតក្នុងស្រុកមានគុណភាពខ្ពស់ និងសុវត្ថិភាពជាមួយនឹងការវេចខ្ចប់ដោយមានអនាម័យ និងត្រឹមត្រូវសម្រាប់អតិថិជន»។
ប្រភពនោះបានបន្តថា៖ «ផលិតផលទាំងអស់ដែលគោរពតាមស្ដង់ដាការផលិតនឹងត្រូវយកមកដាក់តាំងបង្ហាញ និងស្វែងរកដៃគូក្នុងពេលពិព័រណ៍នេះ»។ ប្រភពនេះបន្ថែមថា ពិព័រណ៍នេះត្រូវបានចាប់ផ្ដើមដំបូងកាលពីឆ្នាំ ២០១៤។
លោក តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានឲ្យដឹងថា លោកគាំទ្រពិព័រណ៍នេះ ខណៈសមាជិកជាច្រើនរបស់សម្ព័ន្ធនេះតាំងបង្ហាញផលិតផលជាច្រើន។ លោកថ្លែងថា៖ «ខ្ញុំតែងតែជំរុញសមាជិកឲ្យចូលរួមពិព័រណ៍នេះ ដោយសារតែយើងក៏ចង់បង្ហាញអ្វីដែលក្រុមហ៊ុនផលិតក្នុងស្រុករបស់យើងបានផលិតដើម្បីប្រជាជនរបស់យើង»។
លោកបានបន្តទៀតថា៖ «ជាមួយគ្នានេះដែរ យើងក៏ចង់ទប់ស្កាត់ការនាំចូលផលិតផលចំនួនច្រើន ដោយសារតែនៅពេលនេះផលិតផលដែលផលិតក្នុងស្រុករបស់យើង ក៏មានគុណភាពល្អ គោរពតាមស្ដង់ដា និងសុវតិ្ថភាពក្នុងការប្រើប្រាស់ដែរ»។
ប្រភពដដែលពីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ស្ដង់ទំនិញជាង ១០០ នឹងត្រូវតាំងបង្ហាញផលិតផលដែលផលិតក្នុងស្រុកទាំងអស់។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានឲ្យដឹងនៅក្នុងការបើកពិព័រណ៍ទំនិញនាំចូលនាំចេញរបស់កម្ពុជាលើកទី ១៤ ឆ្នាំ ២០១៩ កាលពីពាក់កណ្ដាលខែធ្នូ ថា ក្រុមហ៊ុនផលិតក្នុងស្រុកត្រូវតែលើកកម្ពស់សមត្ថភាពប្រកួតប្រជែង ដោយផលិតផលិតផលមានគុណភាពកាន់តែខ្ពស់ និងដើម្បីបង្កើនការនាំចេញប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ច។
លោកបានឲ្យដឹងថា ប្រទេសកម្ពុជាបាននាំចេញទំនិញ និងសេវាទៅប្រទេស ១៤២ របស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងនាំចូលទាំងទំនិញ និងសេវាពីប្រទេស ១៣៥ ដើម្បីបំពេញបន្ថែមតម្រូវការក្នុងស្រុកដែលជំរុញពាណិជ្ជកម្មទ្វេភាគីអន្តរជាតិកើនឡើងដល់ជាង ៣០ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨។
របាយការណ៍ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចេញសរុបបានកើន ៦,៤៥ ភាគរយ ដល់ ១០,៨ ពាន់លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូងពីឆ្នាំមុន ដែលកើនពី ១០,១៤ ពាន់លានដុល្លារ នៅក្នុងរយៈពេលដូចគ្នាពីឆ្នាំ ២០១៨៕LA