ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​លើកទឹកចិត្ត​ឲ្យ​អង្គការ​អភិវឌ្ឍន៍​នានា​ស្វែងរក​ផលិតផល​សក្តានុពល​នៅតាម​តំបន់​នីមួយៗ​ដើម្បី​យកមក​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) ​ឲ្យ​បាន​កាន់តែ​ច្រើន​ក្នុង​គោលបំណង​ដើម្បី​លើកស្ទួយ​កិត្តិនាម​នូវ​ផលិតផល​ទាំងនោះ និង​ជំរុញ​ការនាំចេញ​។ នេះ​បើតាម​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

មកដល់​ពេលនេះ​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ចំនួន ៣ នៅ​កម្ពុជា​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម​សម្រេច​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ ដែល​រួមមាន ម្រេចកំពត ស្ករត្នោត​កំពង់ស្ពឺ និង​ក្រូចថ្លុង​កោះទ្រង់​ (​ខេត្តក្រចេះ​) ចំណែក​ក្រុមហ៊ុន​បរទេស​ដែល​បាន​យក​ផលិតផល​របស់​ខ្លួន​មក​ចុះបញ្ជី​នៅ​កម្ពុជា រួមមាន ស្រា​សំប៉ាញ «Champagne» របស់​បារាំង និង​ម៉ាក​កាហ្វេ DoiTung Coffee មកពី​ប្រទេស​ថៃ​។

លោក អប់ រ៉ាឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយថា ក្រសួង​ពាណិជ្ជកម្ម​តែង​ខិតខំ​ជំរុញ​ឲ្យ​ផលិត​ផលិតផល​ដែល​មាន​គុណភាព​ល្អ​ក្នុង​តំបន់​នីមួយៗ​ត្រូវ​បាន​យក​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ ព្រោះ​នៅពេល​ដែល​ទទួល​បាន​ការចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ វា​នឹង​ទទួល​បាន​នូវ​ការការពារ និង​ផលប្រយោជន៍​ជាច្រើន​។

លោក​បន្តថា នៅពេល​ដែល​ផលិតផល​មួយ​ត្រូវបាន​ចុះបញ្ជី GI វា​នឹង​ជួយ​ឲ្យ​ផលិតផល​នោះ​មាន​ការទទួល​ស្គាល់​កាន់តែ​ច្រើន​នៅលើ​ទីផ្សារ​។ លោក​ថ្លែងថា​៖ «​អត្ថប្រយោជន៍​នៃ​ការចុះបញ្ជី GI មានដូចជា ការទទួល​បាន​សិទ្ធិ​រារាំង​ទៅ​កាន់​ភាគី​ណា​ដែល​យក​ផលិតផល​ដែល​បាន​ចុះបញ្ជី GI រួចហើយ ទៅប្រើ​ប្រាស់ ឬ​ផលិត​ដោយ​មាន​រូបរាង​ប្រហាក់ប្រហែល ឬ​ក្លែងបន្លំ ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

ទោះយ៉ាងណា​លោក​បញ្ជាក់ថា ដំណើរការ​នៃ​ការចុះបញ្ជី GI មិនមែន​ជា​រឿង​ងាយស្រួល និង​ឆាប់រហ័ស​នោះ​ទេ ព្រោះ​វា​ត្រូវការ​រៀបចំ​ឯកសារ និង​ថវិកា​មួយចំនួន​សម្រាប់​ការចុះទៅ​ត្រួតពិនិត្យ​នៅ​ទីតាំង​ជាក់ស្តែង​ផងដែរ​។ លោក​អះអាង​ថា​៖ «​ក្រសួង​ពាណិជ្ជកម្ម​តែង​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាកសិករ​នៅតាម​តំបន់ ឬ​ភូមិសាស្ត្រ​នីមួយៗ​ត្រូវខិតខំ​ពង្រឹង​គុណភាព​ផលិតផល​របស់ខ្លួន​ឲ្យ​បាន​ល្អ និង​រៀបចំ​ចងក្រង​ជា​ក្រុម ឬ​សហគមន៍​អ្នក​ផលិត ដើម្បី​ឈានទៅ​ចុះ GI»​។

បច្ចុប្បន្ន​ម្រេច​កំពត និង​ស្ករត្នោត​កំពង់ស្ពឺ​ក៏​ត្រូវបាន​កម្ពុជា​យក​ទៅ​ចុះបញ្ជី​រួចរាល់​ផងដែរ​នៅលើ​ទីផ្សារ​អឺរ៉ុប ថៃ និង​ប្រទេស​វៀតណាម​។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត (KPPA) បាន​និយាយថា ការទទួល​បាន​ការចុះ​បញ្ជី​សម្គាល់​ភូមិសាស្ត្រ GI មិន​ត្រឹមតែ​ធ្វើឲ្យ​ផលិតផល​ម្រេច​កំពត​ទទួល​កេរ្តិ៍ឈ្មោះ​ល្អ​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​បាន​ធ្វើឲ្យ​ការលក់​ទាំង​ក្នុង​ស្រុក និង​បរទេស​កើនឡើង​ផងដែរ​។

លោក​បន្តថា ផលិតផល GI ជា​ផលិតផល​ដែល​មាន​ការកំណត់​លើ​ចំណុច​សំខាន់ៗ​​ជាច្រើន​ដូចជា ទីតាំង​ដាំដុះ បច្ចេកទេស ពូជ និង​គុណភាព​ជាដើម​។ លោក​ថ្លែងថា​៖ «​ការទទួល​បាន GI បានធ្វើ​ឲ្យ​ម្រេច​កំពត​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពី​អ្នកប្រើប្រាស់​នៅ​គ្រប់​ទី​កន្លង​លើ​ពិភពលោក​»​។ ទន្ទឹម​នឹង​នេះ​លោក​ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​គ្រប់​ផលិតផល​ដែល​មាន​សក្តានុពល​ទាំងអស់​គួរតែ​រៀបចំ​អភិវឌ្ឍ​ខ្លួន​ទៅ​ចុះបញ្ជី GI ផងដែរ​។

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី តឹករ៉េត កំរង ធ្លាប់បាន​និយាយថា ក្រៅពី​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទាំង ២ ខាងលើ កម្ពុជា​ក៏​គ្រោង​នឹង​យក​ផលិតផល​ចំនួន ៦ ​មុខ​ទៀត​ទៅ​ចុះបញ្ជី​សម្គាល់​ភូមិសាស្ត្រ​នៅ​សហភាព​អឺរ៉ុប ដូចជា អង្ករ​ថ្មគោល ក្រូច​ពោធិ៍សាត់ ទុរេន​កំពត អំបិល​កំពត សូត្រ​ភ្នំស្រុក​ និង​ពងទា​កូន​ស្រែ​ននោង​ (​ខេត្តតាកែវ​)៕ LA