
ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចុះពិនិត្យនៅរោងចក្រ Long Wo Fruit Industry។ រូបថត ក្រសួងពាណិជ្ជកម្ម
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានជំរុញឲ្យក្រុមហ៊ុន Long Wo Fruit Industry Co., Ltd ធ្វើកិច្ចសន្យាកសិកម្ម (Contract Farming) ជាមួយនឹងសមាគម ឬកសិករឲ្យបានច្រើន ដើម្បីធានាទទួលវត្ថុធាតុដើមសម្រាប់ការកែច្នៃ។
ការជំរុញរបស់ក្រសួងនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Long Wo Fruit Industry ដែលដំណើរការរោងចក្រផលិតតំណាប់ស្វាយ និងតំណាប់ផ្លែឈើនៅកម្ពុជាកន្លងមកបានជួបបញ្ហានៅក្នុងការប្រមូលទិញផ្លែស្វាយ ដោយសារការប្រមូលទិញផ្លែស្វាយមិនឈ្នះឈ្មួញនៅខាងក្រៅ។
ក្នុងឱកាសចុះត្រួតពិនិត្យរោងចក្រផលិតតំណាប់ស្វាយ និងតំណាប់ផ្លែឈើរបស់ក្រុមហ៊ុន Long Wo Fruit Industry Co., Ltd ដែលស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលកាលពីសប្តាហ៍មុន លោក ស៊ាង ថៃ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បាននិយាយថា ដើម្បីឲ្យការវិនិយោគនេះអាចដំណើរការទៅមុខបានរលូនល្អ ក្រុមហ៊ុនគួរតែធ្វើកិច្ចការមួយចំនួនដូចជា ធ្វើកិច្ចសន្យាកសិកម្មជាមួយសមាគម ឬកសិករ និងការពង្រីកទីតាំងប្រមូលទិញ និងកែច្នៃជាដើម ដើម្បីធានាបាននូវការផ្គង់ផ្គង់វត្ថុធាតុដើម។
លោក LU Song ប្រធានក្រុមហ៊ុន Long Wo Fruit Industry Co., Ltd បាននិយាយថា ក្រុមហ៊ុន Long Wo Fruit Industry ដែលបច្ចុប្បន្នមានរោងចក្រផលិតតំណាប់ស្វាយ និងតំណាប់ផ្លែឈើចំនួន ២ កន្លែងស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលនោះក៏បានលើកឡើងផងដែរពីការខ្វះការសម្របសម្រួលពីភាគីពាក់ព័ន្ធឲ្យបានល្អសម្រាប់ដំណើរការផលិតកម្មរបស់លោក។
ទាក់ទងនឹងចំណុចនេះដែរលោក ស៊ាង ថៃ បានឲ្យដឹងថា មន្ទីរពាណិជ្ជកម្មខេត្ត (កំពង់ស្ពឺ) ក៏គួរជួយសម្រួលឲ្យក្រុមហ៊ុនជួបពិភាក្សាជាមួយសមាគមស្វាយ និងប្រជាកសិករដាំស្វាយ ខណៈក្រសួងពាណិជ្ជកម្មនឹងជួយសម្របសម្រួលលើបញ្ហាមួយចំនួនដូចជា ការចុះបញ្ជី ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ និងការសម្របសម្រួលផ្សេងៗ។
ផ្លែស្វាយស្រស់កម្ពុជាកាលពីពេលថ្មីៗទើបត្រូវបានអាជ្ញាធរប្រទេសកូរ៉េខាងត្បូងអនុញ្ញាតឲ្យនាំចេញជាផ្លូវការទៅប្រទេសកូរ៉េខាងត្បូង ខណៈទីផ្សារប្រទេសចិនអាចនឹងកើតមាននៅចុងឆ្នាំ ២០២០ ខាងមុខ បន្ទាប់ពីក្រុមអ្នកជំនាញគយប្រទេស ចិន (GACC) កាលពីចុងខែវិច្ឆិកាបានមកវាយតម្លៃគុណភាពផ្លែស្វាយកម្ពុជា។
កាលពីដើមខែធ្នូនេះលោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានជំរុញឲ្យមានការវិនិយោគបន្ថែមទៀតទៅលើការដាំដុះ និងរោងចក្រវេចខ្ចប់ និងសម្លាប់មេរោគលើផ្លែស្វាយ។
លោកថ្លែងថា៖ «ខ្ញុំអំពាវនាវឲ្យក្រុមហ៊ុនឯកជននានាធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការវេចខ្ចប់ទៅតាមស្តង់ដា អនាម័យ និងបង្កើតរោងចក្រសម្លាប់មេរោគឲ្យបានច្រើន ដើម្បីអាចធ្វើឲ្យកម្ពុជាយើងបាននាំចេញផ្លែស្វាយទៅកាន់ទីផ្សារអន្តរជាតិ។ យើងប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៣ យើងនឹងនាំចេញស្វាយឲ្យបាន ៦០ ម៉ឺនតោនក្នុង ១ ឆ្នាំ»។
បើតាមលោក ងិន ឆាយ ក្នុងឆ្នាំ ២០១៨ កម្ពុជាបាននាំចេញផលិតផលស្វាយកែច្នៃជាង ៥ ម៉ឺនតោនទៅថៃ វៀតណាម ហុងកុង បារាំង និងរុស្ស៊ី។
ផ្ទៃដីដាំដុះស្វាយនៅកម្ពុជាមានចំនួនជាង ១០ ម៉ឺនហិកតា ហើយខេត្តដែលដាំស្វាយច្រើន និងមានគុណភាពឱជារសឆ្ងាញ់ជាងគេ គឺខេត្តកំពង់ស្ពឺ បន្ទាប់មកខេត្តបាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ ដែលភាគច្រើនដាំស្វាយកែវរមៀតដែលផ្លែស្វាយប្រភេទនេះអាចប្រមូលបាន ២ ដងក្នុង ១ ឆ្នាំ និងទទួលទិន្នផលប្រមាណ ៤ លានតោនក្នុង ១ ឆ្នាំ៕ LA