ភ្នំពេញ: ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានដាក់ឲ្យដំណើរការសាកល្បងនូវកម្មវិធី «ផ្សារកសិកម្មកម្ពុជា ឬ CamAgriMarket» ដើម្បីជួយសម្របសម្រួលរវាងអ្នកលក់ និងអ្នកទិញក្នុងការទទួលបានព័ត៌មានអំពីទីផ្សារតម្លៃ និងទីកន្លែងលក់។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់ក្រសួងកសិកម្ម។
លោក មៀច យ៉ាឌី ប្រធានការិយាល័យទីផ្សារកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្រសួងបានបង្កើតកម្មវិធី «ផ្សារកសិកម្មកម្ពុជា» លើទូរស័ព្ទដៃក្នុងគោលបំណងដើម្បីផ្សារភ្ជាប់រវាងអ្នកលក់ និងអ្នកទិញបានយ៉ាងទូលំទូលាយ និងឆាប់រហ័ស។
លោកថ្លែងថា៖ «កសិករអាចប្រកាសលក់ទំនិញហើយអ្នកទិញក៏អាចប្រកាសស្វែងរកទិញទំនិញអ្វីមួយនៅក្នុងកម្មវិធីនេះ យើងរកវិធីដោះស្រាយកុំឲ្យគេថាអ្នកលក់មិនដឹងលក់នៅទីកន្លែងណា ហើយអ្នកទិញមិនដឹងស្វែងរកទិញទំនិញនៅកន្លែងណា»។ លោកបន្តថា កម្មវិធីនេះទទួលបានការគាំទ្រពីដៃគូសហការនៃក្រសួងកសិកម្មប្រទេសកូរ៉េខាងត្បូង ដែលក្រសួងកសិកម្មកម្ពុជាគ្រោងនឹងប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនៅខែមីនាឆ្នាំក្រោយ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា កសិករដាំបន្លែ និងចិញ្ចឹមសត្វនឹងទទួលបានព័ត៌មានពីតម្លៃ និងទីផ្សារជាក់លាក់បន្ថែមទៀតតាមរយៈកម្មវិធី «ផ្សារកសិកម្មកម្ពុជា» លើទូរស័ព្ទដៃនេះ។ លោកថ្លែងថា៖ «ខ្ញុំយល់ថាកម្មវិធីនេះវាល្អសម្រាប់កសិករ ព្រោះកន្លងមកពួកគាត់ពិបាកនឹងទទួលបានព័ត៌មានពីទីផ្សារ និងតម្លៃ កម្មវិធីនេះនឹងជាជំនួយដល់គាត់»។
លោកបន្តថា៖ «ដើម្បីលើកកម្ពស់ទីផ្សារបន្លែ ត្រី សាច់ ក្រសួងពាក់ព័ន្ធត្រូវទប់ស្កាត់ការនាំចូលដែលមិនគោរពតាមបទដ្ឋានរបស់ក្រសួងឲ្យតឹងរ៉ឹង»។
លោក សឿន សាំងទី កសិករដាំបន្លែប៉េងប៉ោះនៅខេត្តកំពង់ស្ពឺដែលកំពុងប្រឈមនឹងការគ្មានទីផ្សារបានឲ្យដឹងថា លោកនឹងសាកល្បងតាមកម្មវិធីនេះ។ លោកថ្លែងថា៖ «ដោយសារគ្មានអ្នកទិញផ្លែប៉េងបោះទុំជ្រុសពេញចម្ការ ខ្ញុំគិតថា កម្មវិធីនេះល្អ ខ្ញុំនឹងសាកល្បងប្រើវា»។ លោកបន្តថា ចម្ការលោកអាចផ្គត់ផ្គង់បន្លែប៉េងបោះចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម ក្នុងការប្រមូលផលក្នុង ១ លើកដែល ២ ថ្ងៃប្រមូលផលម្តង។
លោកស្រី តុង ចាន់ធាង នាយិកាអង្គការកសិកម្ម សេដាក និយាយថា កសិករមួយចំនួននឹងពិបាកទទួលបានព័ត៌មានពីទីផ្សារ និងតម្លៃពីកម្មវិធីនេះដោយចំណេះដឹងពួកគេនៅមានកម្រិតនៅឡើយ។ លោកស្រីថ្លែងថា៖ «កម្មវិធីនេះហាក់បីដូចជាថ្មីសម្រាប់ពួកគេ ខណៈចំណេះដឹងពួកគាត់មានកម្រិតក្នុងការប្រើប្រាស់ទូរស័ព្ទទំនើប និងសេវាអ៊ីនធឺណិតមានកម្រិតនៅតាមទីជនបទ»៕ LA