
ទំនិញជាច្រើនដែលអតិថិជនផ្ញើទៅទិសដៅផ្សេងៗ តាមរយៈក្រុមហ៊ុនដឹកជញ្ជូន វីរៈ ប៊ុនថាំ អេចប្រេស។ រូបថត ក្រុមហ៊ុន វីរៈ ប៊ុនថាំ
ភ្នំពេញៈ ខណៈវិស័យប្រៃសណីយ៍នៅកម្ពុជាកំពុងមានភាពរីកចម្រើនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញលិខិតជូនដំណឹងមួយដោយតម្រូវឱ្យម្ចាស់អាជីវកម្មវិស័យប្រៃសណីយ៍ដែលមិនមានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតទាំងអស់មករៀបចំឯកសារផ្លូវច្បាប់សម្រាប់ដំណើរការប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
លិខិតជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះកាលបរិច្ឆេទថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២១ ឱ្យដឹងថា កន្លងមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍សង្កេតឃើញមានម្ចាស់អាជីវកម្មមួយចំនួននៅមិនទាន់គោរពបាននូវលក្ខខណ្ឌនៃអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយនៅឡើយ ដោយមានម្ចាស់អាជីវកម្មខ្លះកំពុងប្រកបអាជីវកម្មដោយគ្មានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
លិខិតបន្តថា៖ «ក្នុងគោលដៅជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សណ្តាប់ធ្នាប់ និងការពារបាននូវផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមជូនដំណឹងដល់ម្ចាស់អាជីវកម្មដែលកំពុងធ្វើប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ទាំងអស់ចូលរួមសហការដូចជា ចំពោះម្ចាស់អាជីវកម្មមិនទាន់មានអាជ្ញាប័ណ្ណសម្រាប់ស្នាក់ការកណ្តាល និងលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងនៅរាជធានីភ្នំពេញត្រូវស្នើសុំមកក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្មដែលពុំទាន់មានលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងមានបណ្តាខេត្តត្រូវស្នើសុំមកកាន់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តដែលសាខាតាំងនៅ»។
ជាមួយគ្នានេះ លិខិតក៏បានបញ្ជាក់ថា៖ «ម្ចាស់អាជីវកម្មដែលមិនទាន់បានបំពេញតាមបទប្បញ្ញត្តិខាងលើត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណ និង/ឬលិខិតអនុញ្ញាតយ៉ាងយូរបំផុតឱ្យបានត្រឹមថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ជាកំហិត»។
លិខិតជូនដំណឹងនេះត្រូវគេមើលឃើញថា បានលេចឡើងក្នុងអំឡុងពេលដែលវិស័យដឹកជញ្ជូនទំនិញនៅកម្ពុជាកំពុងមានការរីកចម្រើនខ្លាំង។
លោក សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី ១១ ខែមីនា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា លោកគាំទ្រចំពោះចំណាត់ការរបស់ក្រសួងដែលតម្រូវឱ្យម្ចាស់អាជីវកម្មកំពុងមានប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ទាំងអស់ទៅបំពេញឯកសារគតិយុត្តសម្រាប់អាជីវកម្មពួកគេ ព្រោះនៅពេលអាជីវកម្មត្រូវបានធ្វើឡើងដោយមានច្បាប់អនុញ្ញាត វានឹងផ្តល់នូវផលប្រយោជន៍ទាំងសម្រាប់អាជ្ញាធរ និងម្ចាស់អាជីវកម្ម។
លោកបន្តថា នៅក្នុងអំឡុងពេលការឆ្លងរាលដាលជំងឺកូវីដ ១៩ វិស័យប្រៃសណីយ៍កំពុងមានការរីកចម្រើនខ្លាំង ហេតុនេះការពង្រឹងប្រសិទ្ធភាពគ្រប់គ្រងរបស់អាជ្ញាធរ គឺជាការចាំបាច់។
លោកថ្លែងថា៖ «ខ្ញុំរីករាយ និងគាំទ្រចំពោះសេចក្តីជូនដំណឹងនេះ ព្រោះវានឹងចូលរួមចំណែកជួយសង្គមតាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពរបស់អាជ្ញាធរ ជាពិសេសវានឹងធ្វើឱ្យការប្រកួតប្រជែងរបស់វិស័យឯកជនកាន់តែមានតម្លាភាព»។
លោកលើកឡើងទៀតថា ទោះយ៉ាងណាលិខិតជូនដំណឹងរបស់ក្រសួងក៏អាចនឹងធ្វើឱ្យមានបញ្ហាប្រឈមច្រើនផងដែរសម្រាប់ម្ចាស់អាជីវកម្មដែលមានសាខាច្រើន។
យោងតាមលោក វីរៈ បច្ចុប្បន្នក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស មានអាជ្ញាប័ណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មលើវិស័យប្រៃសណីយ៍ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តរួចហើយ ប៉ុន្តែសម្រាប់តាមស្រុកមិនទាន់មានទេ។
លោកប្រាប់ថា៖ «សម្រាប់អាជ្ញាប័ណ្ណរបស់ប្រៃសណីយ៍ គឺបើក្រុមហ៊ុនបើកអាជីវកម្មចំនួន ២ ទីតាំង គឺតម្រូវឱ្យសុំលិខិតអនុញ្ញាតអាជីវកម្មចំនួន ២ ដែរ។ ការតម្រូវបែបនេះបានធ្វើឱ្យម្ចាស់អាជីវកម្មត្រូវចំណាយច្រើន»។
លោកបានបន្ថែមទៀតថា បើតាមការព្យាកររបស់លោកចំនួនក្រុមហ៊ុនដែលកំពុងប្រកបអាជីវកម្មលើវិស័យប្រៃសណីយ៍នៅកម្ពុជា មិនមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតអាចមានចន្លោះពី ៦០ ទៅ ៧០ ភាគរយ។
យោងទៅតាមលិខិតជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ទង្វើទាំងឡាយដែលផ្ទុយទៅនឹងបទប្បញ្ញត្តិនៃមាត្រា ២៤ និងមាត្រា ៤៨ នៃច្បាប់ស្តីពីប្រៃសណីយ៍ដែលចែងថា «ម្ចាស់អាជីវកម្មដែលគ្មានអាជ្ញាប័ណ្ណអាចនឹងត្រូវបញ្ឈប់អាជីវកម្មដោយបន្ទាន់ និងត្រូវពិន័យជាប្រាក់ពី ៥ ដល់ ១០ លានរៀល។ ករណីមិនរាលចាលនឹងត្រូវបញ្ជូនសំណុំរឿងទៅតុលាការ»៕ LA