The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

Content image - Phnom Penh Post
កម្មករ​កំពុង​ចាក់​ជ័រកៅស៊ូ​ទៅក្នុង​ធុង​បន្ទាប់ពី​ចៀរ​រួច​នៅ​ចម្ការកៅស៊ូ​ជប់​កន្លងមក​។ រូប ភ្នំពេញ​ប៉ុស្តិ៍

ក្រសួង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នាំចេញ​កៅស៊ូ ​​ត្រូវ​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព

ភ្នំពេញ: ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ ដើម្បី​ជំរុញ​តម្លៃ​កៅស៊ូ​។ នេះ​បើតាម​អគ្គនាយកដ្ឋាន​កៅស៊ូ​។

បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ​ចេញផ្សាយ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា អ្នក​ដែល​មាន​បំណង​បង្កើត​មន្ទីរពិសោធន៍​មូលដ្ឋាន និង​ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន​ដែល​មិនទាន់​សុំ ឬ​ផុត​សុពលភាព​ត្រូវ​ស្នើសុំ​ចុះ​បញ្ជិកា​មន្ទីរពិសោធន៍​ជា​ផ្លូវការ និង​លិខិតអនុញ្ញាត​ប្រើប្រាស់​ស្លាក​សញ្ញា​ប្រភេទ​កៅស៊ូ​កម្ពុជា​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា ដើម្បី​ទទួល​បាន​សិទ្ធិ​ចេញ​វិញ្ញាបនបត្រ និង​សិទ្ធិ​ប្រើប្រាស់​ស្លាក​សញ្ញា​ថា ប្រភេទ​កៅស៊ូ​​កម្ពុជា​ឲ្យ​ស្រប​តាម​នីតិវិធី​ជា​ធរមាន​។

សារាចរ​ណែនាំ​៖ «​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​វាយតម្លៃ​លក្ខខណ្ឌ​តម្រូវ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​រោងចក្រ​កែច្នៃ​កៅស៊ូ​មុន​នឹង​ផ្តល់​ការយល់ព្រម​លើ​បញ្ជិកា​ស្រប​នឹង​នីតិវិធី​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការផ្តល់​លិខិត​ទទួលស្គាល់​ជា​ផ្លូវការ និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​កៅស៊ូ​នៅ​កម្ពុជា​»​។

លោក ឃួន ផល្លា ប្រធាន​នាយកដ្ឋាន​រដ្ឋបាល និង​នីតិកម្ម​នៃ​អគ្គនាយកដ្ឋាន​កៅស៊ូ​ឲ្យ​ដឹងថា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សង្កេត​ឃើញ​ថា ម្ចាស់​អាជីវកម្ម​ក្នុង​ឧស្សាហកម្ម​កៅស៊ូ​មួយ​ចំនួន​នៅ​មិនទាន់​បាន​អនុវត្ត​ពេញលេញ​ស្រប​ទៅ​តាម​អនុក្រឹត្យ​ស្តីពី​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​កៅស៊ូ និង​ប្រកាស​ស្តីពី​បែបបទ និង​នីតិវិធី​នៃ​ការផ្តល់​លិខិត​ទទួលស្គាល់​ជា​ផ្លូវការ និង​លិខិតអនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្លាក​សញ្ញា​កៅស៊ូ​កម្ពុជា​។

លោក​បន្ថែមថា​៖ «​ការអនុវត្ត​មិន​ទាន់​ល្អ ដោយ​ម្ចាស់​រោងចក្រ​កែច្នៃ​កៅស៊ូ ម្ចាស់​មន្ទីរពិសោធន៍​មូលដ្ឋាន និង​អ្នក​នាំចេញ​កៅស៊ូ​មិន​បាន​ចូលរួម​អនុវត្ត​ពេញលេញ​តាម​នីតិវិធី​របស់​អនុក្រឹត្យ​នេះ​»​។ លោក​បន្តថា​៖ «​ពួកគាត់​មិនបាន​មក​ចុះបញ្ជី​បញ្ជាក់​ពី​គុណភាព​កៅស៊ូ​នេះ​បាន​ធ្វើឲ្យ​កៅស៊ូ​របស់​ពួកគាត់​លក់​ចេញ​ទទួល​បាន​តម្លៃ​ទាប​»​។

លោក​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ចុះបញ្ជី​បញ្ជាក់​ពី​វិញ្ញាបនបត្រ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​កៅស៊ូ​កម្ពុជា​ឲ្យ​បាន​គ្រប់គ្នា​។ លោក​បន្តថា​៖ «​សូម​ឲ្យ​បងប្អូន​អាជីវករ​រកស៊ី​កៅស៊ូ​មក​ចុះបញ្ជី​វិញ្ញាបនបត្រ​បញ្ជាក់​ពី​គុណភាព​កៅស៊ូ ដើម្បី​ឲ្យ​អ្នកបញ្ជា​ទិញជឿ​ទុកចិត្ត​គុណភាព​កៅស៊ូ​កម្ពុជា​»​។

ទិន្នន័យ​អគ្គនាយកដ្ឋាន​កៅស៊ូ​បង្ហាញ​ថា ការនាំចេញ​កៅស៊ូ​របស់​កម្ពុជា​ក្នុង​រយៈពេល​ ៩ ​ខែ ឆ្នាំ​​ ២០១៩ សម្រេច​បាន ១៧៣ ០៧២ តោន​ កើនឡើង ២៣,៣៥ ភាគរយ​ បើ​ធៀប​រយៈពេល​ដូចគ្នា​ពី​ឆ្នាំមុន​ដែល​មាន​តម្លៃ ២៣១ ​លាន​ដុល្លារ​៕LA

អត្ថបទគួរចាប់អារម្មណ៍