ភ្នំពេញៈ ​ក្រសួង​ពាក់ព័ន្ធ​នឹង​តម្រូវ​ឲ្យ​​​អ្នក​ប្រកប​អាជីវកម្ម​កាណូត​ទេសចរណ៍​ទាំង​អស់​ត្រូវ​បង់​ពន្ធ​លើ​ការ​នាំចូល​​​កាណូត​ទេសចរណ៍ ​ដូច​យានយន្ត​ផ្សេង​ទៀត​ដែរ​។ ​នេះ​បើ​យោង​តាម​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​កាល​ពី​ថ្ងៃ​ម្សិលមិញ​។​

លទ្ធផល​នៃ​កិច្ច​ប្រជុំ​អន្តរ​ក្រសួង​ និង​​ស្ថាប័ន ​ដែល​រួមមាន​ ក្រសួង​ទេសចរណ៍ ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​អគ្គនាយកដ្ឋាន​ពន្ធដារ ​អគ្គ​ស្នងការ​នគរបាល​ជាតិ ​អគ្គនាយកដ្ឋាន​គយ​ និង​​រដ្ឋាករ​ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​មួយ​​ចំនួន​ទៀត ​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​ក្នុង​​ការ​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​មួយ​​ឲ្យ​បាន​ឆាប់​នាពេល​ខាង​មុខ​ ដើម្បី​​ចុះ​ដោះ​ស្រាយ​បញ្ហា​ពន្ធ​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ​ក្រសួង​ទេសចរណ៍ ​ក្រោម​អធិបតីភាព ​លោក ​ជា ​បូរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។

កិច្ច​ប្រជុំ​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​​រួមមាន​កាណូត​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​គ្មាន​ពន្ធ​​នាំចូល ​និង​លិខិត​ស្នាម​ត្រឹមត្រូវ​ កាណូត​​ទេសចរណ៍​ដែល​ប្រកប​អាជីវកម្ម​​គ្មាន​សៀវភៅ​ត្រួត​ពិនិត្យ​បច្ចេកទេស ​ចេញ​ដោយ​ក្រសួង ​ឬ​មន្ទីរ​សាធារណការ ​និង​ដឹក​ជញ្ជូន ​ខណៈ​ កាណូត​​ទេសចរណ៍​មួយ​ចំនួន​មិន​គោរព​​តាម​ច្បាប់​ចរាចរណ៍​ផ្លូវ​ទឹក​ និង​ដឹក​​លើស​កម្រិត​ ព្រម​ទាំង​គ្មាន​អាជ្ញាបណ្ណ។​ អាជីវកម្ម​កាណូត​ទេសចរណ៍​ទាំង​នេះ​ភាគ​ច្រើន​នៅ​​រាជធានី​ភ្នំពេញ ​និង​​ខេត្ត​ព្រះសីហនុ។​

យោង​តាម​ក្រសួង​ទេសចរណ៍ ​បច្ចុប្បន្ន​មាន​កាណូត​ទេសចរណ៍​នៅ​ទូទាំង​​ប្រទេស ​១២៤ ​គ្រឿង ​(រាជធានី​ភ្នំពេញ ​និង​ខេត្ត​ព្រះសីហនុ) ​ក្នុង​នោះ​​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ ១៦ ​គ្រឿង ​និង​មាន​អាជ្ញាប័ណ្ណ​បណ្ដោះអាសន្ន​ចំនួន​ ៣៥ ​គ្រឿង ​ខណៈ​ដែល​កាណូត​ទេសចរណ៍​ទាំង​នោះ ​សុទ្ធ​តែ​មិន​​ទាន់​បាន​បង់​ពន្ធ​។

លោក ​ជា ​បូរ៉ា ​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ថ្លែង​ថា៖ ​«​លើក​នេះ​​នឹង​មាន​ការ​រឹត​បន្ដឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​​អាជីវករ​ទាំង​នោះ​ត្រូវ​តែ​មក​បង់​ពន្ធ​នាំចូល​យានយន្ត​របស់​ខ្លួន​ ពី​ព្រោះ​កន្លង​មក​មាន​ការ​សម្រប​សម្រួល​ទន់ភ្លន់​​ច្រើន​លើក​ហើយ ​តែ​អាជីវករ​នៅ​តែ​មិន​ព្រម​អនុវត្ត​តាម​ច្បាប់»​។

លោក​ ជា ​បូរ៉ា ​បាន​បន្ត​ទៀត​ថា ​ចំពោះ​អាជីវកម្ម​កាណូត​ទេសចរណ៍​ដែល​ចង់​បង្កើត​ថ្មី ឬ​អាជីវករ​ចាស់​ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ​ត្រូវ​តែ​មាន​ឯកសារ​បង់​ពន្ធ​ត្រឹមត្រូវ​ពី​ស្ថាប័ន​គយ ​និង​ពន្ធដារ ​និង​ត្រូវ​មាន​លិខិត​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ពី​ក្រសួង​សាធារណការ ​ទើប​ក្រសួង​ទេសចរណ៍​ចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​ទេសចរណ៍​៕LA