ភ្នំពេញៈ ​ក្រ​សួង​កសិ​កម្ម​បា​ន​ប្រ​កាស​ឲ្យ​ម្ចាស់​ផ្ទះ​ត្រ​ចៀក​​កាំ ​ត្រូវ​ចុះ​បញ្ជី​​នៅ​ក្រ​សួង​យោង​តាម​ច្បាប់​រដ្ឋ​បាល​ព្រៃ​ឈើ​របស់​​ក្រ​សួង​។ នេះ​បើ​យោង​តាម​ លោក ​យ៉ន ​យុវ​រិទ្ធិ ​មន្ដ្រី​ជំ​នាញ​របស់​រដ្ឋ​បាល​ព្រៃ​ឈើ​នៃ​​ក្រ​សួង​កសិ​កម្ម​។​

វិ​ធាន​ការ​នេះ​ធ្វើ​ឡើង ​ខណៈ​ឧស្សា​ហ​កម្ម​ដែល​​មិន​ត្រូវ​បាន​ចុះ​​បញ្ជី​នេះ​ បាន​រក​បាន​ប្រាក់​ចំ​ណូល​រាប់​ម៉ឺន​ដុល្លារ ​ហើយ​ថា ការ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​អា​ជីវ​កម្ម​​ចិញ្ចឹម​ត្រ​ចៀក​កាំ ​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​សម្រួល​ដល់​ការ​នាំ​ចេញ​ផលិត​ផល​សម្បុក​ត្រ​ចៀក​កាំ​ផង​ដែរ​។

យោង​តាម​​សេច​ក្ដី​​ប្រ​កាស​កាល​​​ពី​សប្ដាហ៍​មុន​ បាន​លើក​ឡើង​​​មាត្រា​ ៥០ នៃ​ច្បាប់​ព្រៃ​​ឈើ ​ដែល​តម្រូវ​ឲ្យ​​ «​គ្រប់​កសិ​​ដ្ឋាន ឬ​កន្លែង​ចិញ្ចឹម​សត្វ​​ស្ថិត​ក្នុង​លក្ខ​ខណ្ឌ​នៃ​សួន​សត្វ ឬ​គ្រួ​សារ​ សម្រាប់​សត្វ​ព្រៃ​ចាប់​ពី​ប្រ​ភេទ​មធ្យម​ត្រូវ​ហាម​ឃាត់​ លុះ​ត្រា​តែ​វា​ត្រូវ​បាន​ចេញ​លិខិ​ត​​យល់​ព្រម​ដោយ​រដ្ឋ​បា​ល​ព្រៃ​ឈើ​​» ដូច្នេះ​ ដើ​ម្បី​គោ​រព​តាម​ច្បាប់ ​និង​បញ្ជាក់​ផលិត​ផល​សម្បុក​ត្រ​ចៀក​កាំ​ ព្រម​ទាំង​ជួយ​សម្រួល​នី​តិ​វិ​ធី​នាំ​ចេញ​ អា​ជី​វ​កម្ម​ផ្ទះ​ត្រ​ចៀក​កាំ​លក្ខណៈ​គ្រួ​សារ​​ទាំង​អស់​ ត្រូវ​តែ​ចុះ​បញ្ជី​តាម​រយៈ​រដ្ឋ​បាល​ព្រៃ​ឈើ​។

លោក ​យុន ​យុវ​រិទ្ធិ ​បាន​ប្រាប់​​ភ្នំ​ពេញ​ប៉ុស្ដិ៍ថា ​តាម​ច្បាប់​ព្រៃ​ឈើ ​អា​ជីវ​កម្ម​ផ្ទះ​ត្រ​ចៀក​កាំ ក៏​ត្រូវ​បាន​​រាប់​​ជា​បក្សី​ជិត​ផុត​ពូជដែល​​វា​តម្រូវ​ឲ្យ​ចុះ​បញ្ជី​ផង​ដែរ​។​

លោក​ថ្លែង​ថា​៖ «​តាម​ច្បាប់​ ផ្ទះ​ត្រ​ចៀក​កាំ ​គឺ​រាប់​ក្នុង​ប្រ​ភេទ​បក្សី​​អភិ​រក្ស​ និង​ជិត​ផុត​ពូជ​ ដូច្នេះ​​វា​​តម្រូវ​ឲ្យចុះ​បញ្ជី ខណៈ​អា​ជីវ​កម្ម​​ផ្ទះ​ត្រ​ចៀក​កាំ​បន្ត​កើន​ឡើង​​ស្ទើរ​តែ​ទូ​ទាំង​ប្រ​ទេស​ ដូច្នេះ​យើង​​ត្រូវ​ការ​ត្រួត​​ពិ​និត្យ​ និង​ការ​គ្រប់​គ្រង​»​។

លោក​បន្តថា​៖«​ការ​ចុះ​បញ្ជី ​នឹង​ផ្ដល់​អត្ថ​ប្រ​យោជន៍ ​ដល់​ម្ចាស់​ផ្ទះ​ត្រ​ចៀក​កាំ​ វា​នឹង​បញ្ជាក់​​ដោយ​ច្បាប់​ និង​កំ​ណត់​​ផលិត​ផល​ដើម​សម្រាប់​ការ​នាំ​ចេញ​ផង​​ដែរ​​»​។​

លោក​បាន​បញ្ជាក់​ថា និ​ន្នា​ការ​អា​ជីវ​កម្ម​សម្បុក​ត្រ​ចៀក​កាំ​ កំ​ពុង​បង្ហាញ​​ពី​កំ​ណើ​ន ហើយ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កំ​ណើន​សេដ្ឋ​កិច្ច​ ដោយ​សារតែ​តម្លៃ​ផលិត​ផល​សម្បុក​ត្រ​ចៀក​កាំ​ មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទី​ផ្សារ​ និង​ជា​ប្រ​ភេ​ទ​ការ​វិ​និ​យោគ​មួយ​ដ៏​ធំ​​ផង​ដែរ​។​

មក​ដល់​ពេល​នេះ​ឧ​ស្សា​ហ​កម្ម​សម្បុក​ត្រ​ចៀក​កាំ​នៅ​កម្ពុជា​​មិន​ស្ថិត​ក្រោម​ការ​នាំ​ចេញ​ផ្លូវ​ការ​​នៅ​ឡើយ​ទេ។

លោក អ៊ូ វង្ស​វីរៈ ម្ចាស់​ផ្ទះ​ត្រ​ចៀក​​កាំ​ នៅ​ក្នុង​ខេត្ត​កំ​ពត ឲ្យ​​ដឹង​ថា​ ហាក់​មិន​ចង់​ឲ្យ​មាន​ការ​ចុះ​បញ្ជី​អាជីវ​កម្ម​នេះ​​ពេល​នេះ​ទេ ដោយ​លើក​ឡើង​ថា ឧស្សាហ​កម្ម​​ផ្ទះ​ត្រ​ចៀក​កាំ​ នៅ​តែ​តូច​ដែល​​មិន​ចាំ​បាច់​​ក្នុង​ការ​ចុះ​បញ្ជី​នោះ​ទេ​​។​

លោក​លើក​​ឡើង​ថា​៖ «​វា​ជា​គំ​និត​ល្អ សម្រា​ប់​ការ​ពង្រឹង​ច្បាប់ ប៉ុន្តែ​វា​ហាក់​ដូច​ជា​​មិន​ចាំ​បាច់​សម្រាប់​ពេល​នេះ​នៅ​ឡើយ​​ទេ ដោយ​សារ​តែ​​ផ្ទះ​ត្រ​ចៀក​កាំ​របស់​យើង​ នៅ​តែ​​នៅ​មាន​កម្រិត​ ហើយ​យើង​​មិន​​អាច​ឈាន​ទៅ​ដល់​ការ​នាំ​ចេញ​​នៅ​ឡើយ​ទេ​»។

​លោក​បន្ត​ថា ម្ចាស់​ភាគ​ច្រើន បាន​លក់​សម្បុក​ត្រ​ចៀក​កាំ​ ឲ្យ​ឈ្មួញ​កណ្ដាល​ជន​ជាតិ​ចិន​ ដែល​ចំ​នួន​ការ​ផលិត​​​មិន​គ្រប់​គ្រាន់ ដើ​ម្បី​នាំ​ចេញ​នោះ​ទេ​។

លោក​ អ៊ូ វង្ស​វីរៈ ​ឲ្យ​ដឹង​ថា​ ការ​វិ​និ​យោគ​លើ​ការ​សាង​សង់​ផ្ទះ​ត្រ​ចៀក​កាំ​​ស្ដង់​ដារ​ត្រូវ​ចំ​ណាយ​​ប្រ​ហែល​មិន​តិច​​ជាង ​១​០០ ០០០ ដុល្លារ​អា​មេ​រិក​នោះ​ទេ​ ខណៈ​​​​ដែល​​សម្បុក​ត្រ​ចៀក​កាំ​មិន​ទាន់​កែ​ច្នៃ​​លើ​ ទី​ផ្សារ​បច្ចុ​ប្បន្ន​មាន​តម្លៃ​ចន្លោះ​ពី ៨០​០ ​ដុល្លា​រទៅ ១ ១​០០​ដុល្លារ​​ក្នុង​ ១ ​​គី​ឡូ​ក្រាម​ និង​សម្បុក​ត្រ​ចៀក​កាំ​​ដែល​សម្អាត​​​រួច​ មាន​តម្លៃ​​ចន្លោះពី​ ១ ៧០០ ​ដុល្លារ​ទៅ​ ២ ​២០០ ​ដុល្លារ​ ក្នុង​ ១ ​គី​ឡូ​ក្រាម​​​៕ LA