ភ្នំពេញៈ កាលពី​សប្តាហ៍​មុន​ក្រសួង​កសិកម្ម​បាន​ចោទ​មន្ទីរ​សត្តឃាត​ទូទាំង​ប្រទេស​ថា បាន​ឃុបឃិត​គ្នា​លើ​អាជីវកម្ម​ពិឃាតសត្វ​ក្នុង​បំណង​កំណត់​ថ្លៃ​លើ​អាជីវកម្ម​ផ្តាច់​មុខ​នេះ ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​មិន​ដឹង​មិនឮ​។

ការចោទប្រកាន់​របស់​ក្រសួង​កសិកម្ម​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ប្រកាស​​មួយ​របស់​ក្រសួង ដែល​ប្តេជ្ញា​ថា​នឹង​លុបបំបាត់​អាជីវកម្ម​ផ្តាច់​មុខ​ទាំងអស់​ទាក់ទង​នឹង​ការ​​ផ្គត់ផ្គង់ ការដឹកជញ្ជូន និង​នាំចូល​សាច់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្នុង​សារាចរ​ដែល​បាន​ប្រើ​ពាក្យ​​ធ្ងន់ៗ​ចុះ​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ និង​បាន​ចេញ​ផ្សាយ​កាលពី​ចុង​សប្តាហ៍​មុន​បាន​ឲ្យ​ដឹងថា ក្រសួង​បាន «​អង្កេត​ឃើញ​ថា មាន​ការ​ឃុបឃិត​មួយ​នៅក្នុង​អាជីវកម្ម​សត្តឃាត​» ការឃុបឃិត​គ្នា​រវាង​ឈ្មួញ​លក់ដុំ និង​លក់រាយ​ក្នុង​ការ​កំណត់​តម្លៃ និង​ការលក់​អាជ្ញាប័ណ្ណ​បន្ត​ជាដើម​។

ក្រសួង​កសិកម្ម​ក៏បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ខ្លួន​បាន​ចោទប្រកាន់​ថា​មិន​បាន​អនុវត្ត​ច្បាប់ ឲ្យ​លើក​កម្ពស់​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​ក្នុង​ទីផ្សារ​។

មន្ត្រី​ក្រសួង​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​ស្តីពី​ការស៊ើបអង្កេត​ដែល​បាន​ជូន​ដំណឹង​ក្នុង​សារាចរ​នេះ​។

លោក សេន សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៅ​ក្រសួង​កសិកម្ម​បាន​ថ្លែង​ថា​៖ «​ក្នុង​របាយការណ៍​របស់​យើង យើង​ពុំ​បាន​ប្រាប់​ពី​ឈ្មោះ​ក្រុមហ៊ុន ឬ​បុគ្គល​ជាក់លាក់​ណា​មួយ​នោះ​ទេ​។ គោលដៅ​នៃ​ការសិក្សា​គោលនយោបាយ​នេះ​គឺ​កំណែទម្រង់​គោលនយោបាយ ហើយ​វា​មិន​មាន​បំណង​ធ្វើឲ្យ​ប៉ះពាល់​ដល់​នរណា​ម្នាក់​នោះ​ទេ​»​។ លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិន​ចង់​បង្ក​ជម្លោះ​នោះ​ទេ​»​។

លោក សេន សុវណ្ណ បាន​ទទួល​ស្គាល់​ថា មាន​ការ​ឃុបឃិត​គ្នា​ក្នុង​ការ​បាន​ទទួល​ការជំរុញ​ពី​អាជ្ញាធរ​មូលដ្ឋាន​ចាប់ពី​មន្ត្រី​ថ្នាក់ឃុំ​រហូត​ដល់​អាជ្ញាធរ​មន្ទីរ​កសិកម្ម​ខេត្ត តែ​លោក​បាន​បញ្ជាក់​ថា ពុំ​មាន​វិធានការ​ដាក់​ទោសទណ្ឌ​ប្រឆាំង​នឹង​ក្រុម​អ្នក​ប្រព្រឹត្ត​ល្មើស​ជា​រឿង​ចាំបាច់​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​នាពេល​កន្លង​មក​ពុំ​មាន​សារាចរ​បែប​នេះ​នោះ​ទេ ដូច្នេះ​ពួកគាត់​គ្រាន់​តែ​អនុវត្ត​តាម​ចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ​»​។ លោក​បាន​បន្ត​ថា​៖ «​បច្ចុប្បន្ន​យើង​មាន​សារាចរ​នេះ​ហើយ ដូច្នេះ​អ្វីៗ​ត្រូវ​តែ​ប្រសើរ​ឡើង​»​។

លោក សន ជ័យ នាយក​ប្រចាំ​ប្រទេស​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) បាន​ឲ្យ​ដឹង​ថា កង្វះ​តម្លាភាព និង​ការអនុវត្ត​ច្បាប់​បាន​បង្កើត​គំរូ​មិន​ល្អ​សម្រាប់​ក្រុម​អ្នក​ចូលរួម​នៅ​ពេល​អនាគត​។

លោក​ថ្លែង​ថា​៖ «​បើ​អាជ្ញាធរ​បាន​រកឃើញ​បញ្ហា​ហើយ តែ​មិន​ហ៊ាន​រាយការណ៍​ពី​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះ វា​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ជម្លោះ​ផលប្រយោជន៍​ដ៏ធំ​មួយ​»​។ លោក​បាន​បន្ត​ថា​៖ «​វា​ទំនង​ជា​មាន​ន័យ​ថា ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​បាន​ដំណើរការ​ដោយ​/​ពាក់ព័ន្ធ​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​»​។

លោក ស្រ៊ុន ភឿ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ដែល​តំណាង​ឲ្យ​កសិករ​ចិញ្ចឹម​សត្វ​ចំនួន​ ៤ ​ពាន់​នាក់​នៅ​ក្នុង​ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹងថា ការលើក​ឡើង​ក្នុង​សារាចរ​នេះ​ដូចជា​ត្រឹមត្រូវ​ដោយ​លោក​បាន​កត់សម្គាល់​ថា ក្រុម​កសិករ​តែងតែ​ព្យាយាម​សុំ​អាជ្ញាប័ណ្ណ​ដើម្បី​ប្រើប្រាស់​ទី​សត្តឃាត​។

កសិករ​ម្នាក់​ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​បាន​ឲ្យ​ដឹងថា លោក​បាន​ទទួល​អាជ្ញាប័ណ្ណ​កាលពី​ខែ​មុន បន្ទាប់ពី​បាន​ដាក់​ពាក្យសុំ​អស់​រយៈពេល​ជាច្រើន​ខែ​មក​។ ប៉ុន្តែ​លោក​នៅ​តែ​មាន​ចម្ងល់​ថា លោក​ក្រ​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​។

កសិករ​ដែល​បាន​ស្នើសុំ​មិន​ផ្តល់​អត្តសញ្ញាណ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀតថា លោក​បាន​ព្យាយាម​អស់​រយៈពេល​ជាច្រើន​ខែ ដើម្បី​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​វា​ដូចជា «​ទៅ​សុំ​ភ្លើង​យក្យ​អ៊ីចឹង​»​។ លោក​បន្ត​ឲ្យ​ថា​៖ «​នៅពេល​ខ្ញុំ​បាន​ទៅ​ដល់​មន្ទីរ​កសិកម្ម​ខេត្ត ស្នើសុំ​អាជ្ញាប័ណ្ណ​នោះ ក្រុមមន្ត្រី​នៅ​ទីនោះ​ហាក់បី​ដូចជា​មិន​ស្វាគមន៍​ខ្ញុំ​ទេ​»​។

លោក​ អ៊ុល ដូរិន ប្រធាន​ការិយាល័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​កណ្តាល​បាន​ផ្តល់​ចម្លើយ​ផ្ទុយ​ពី​នេះ​ចំពោះ​សំណួរ​ទាក់ទង​នឹង​ស្ថានភាព​ផ្តល់​អាជ្ញាប័ណ្ណ​នៅ​ខេត្ត​កណ្តាល​។

ដំបូង​លោក​បាន​បង្វែរ​ការស្តីបន្ទោស​ពី​កង្វះ​អាជ្ញាប័ណ្ណ​នេះ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ នៅពេល​លោក​បញ្ជាក់​ថា​ការពិត​មន្ទីរ​របស់​លោក​ទទួល​ខុស​ត្រូវ​ចេញ​អាជ្ញាប័ណ្ណ​នេះ​លោក​បាន​បដិសេធ​ការចោទ​ប្រកាន់​ថា មិនដែល​មាន​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​នាពេល​កន្លង​មក​នោះទេ​។

លោក​បាន​បន្ត​ឲ្យ​ដឹងថា​៖ «​បើ​ពួកគាត់​មាន​សិទ្ធិ​បើក​ទីសត្តឃាត ឬ​នាំយក​សត្វ​របស់​ខ្លួន​មក​សម្លាប់​នៅ​ទីសត្តឃាត​ត្រឹមត្រូវ​មួយ​នោះ​យើង​តែងតែ​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​ពួកគាត់​»៕ BP