ភ្នំពេញៈ ក្រុម​ប្រឹក្សាភិបាល​សិក្សា​ទីផ្សារ ​និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា (ក.ផ.ផ) ​ជា​ស្ថាប័ន​ចម្រុះ​រវាង​រដ្ឋ ​និង​វិស័យ​ឯកជន​កំពុង​ពិចារណា​ដាក់​សំណើ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​សម្រួល​ទេសចរ​ទៅ​រដ្ឋាភិបាល​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​បន្ថែម​ទៀត​។ ​នេះ​​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។​

លោក ​ថោង ​ខុន ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ​និង​ជា​ប្រធាន ​ក.ផ.ផ ​បាន​​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី ​​២១ ឧសភា ​ថា ​ការ​បង្កើត​យុទ្ធសាស្រ្ត​ថ្មីៗ ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​ធ្វើ​ដំណើរ​មក​កម្ពុជា​គឺ​ជា​ការ​ចាំបាច់​។

​លោក​បន្ត​ថា ការ​លើកលែង​ទិដ្ឋាការ​​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជា​សំណើ​មួយ​ដែល​នឹង​ត្រូវ​ដាក់​ទៅ​រដ្ឋាភិបាល ​ដោយសារ​តែ​វា​ជា​ចំណុច​សំខាន់​មួយ​នៅ​ក្នុង​ការ​បង្កើន​ភាព​ទាក់​ទាញ​។

ទោះ​បី​យ៉ាង​នេះ​ក្តី​ លោក ​តុប ​សុភ័ក ​អ្នក​នាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ពន្យល់​ថា វា​ស្ថិត​ក្នុង​ដំណាក់​កាល​​​ពិចារណា​​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា ​ក.ផ.ផ​ កំពុង​ពិចារណា​​ផ្តល់​ការ​លើកលែង​​ទិដ្ឋាការ​ពិសេស​សម្រាប់​ភ្ញៀវ​សំខាន់ៗ ​ឬ​ នៅ​ពេល​មាន​ពិធី​បុណ្យ​សំខាន់ៗ​​។ លោក​ថ្លែង​ថា៖​ «​​ការ​លើក​ឡើង​នេះ ​គ្រាន់​តែ​ជា​​គំនិត​សម្រាប់​​ក្រុម​ការងារ​យក​ទៅ​សិក្សា​តែ​ប៉ុណ្ណោះ​»​។

កិច្ច​ប្រជុំ​នោះ ក៏​បាន​លើក​ឡើង​ពី​ឧបសគ្គ​ និង​ដំណោះ​ស្រាយ​មួយ​ចំនួន ​ដែល​កម្ពុជា​គួរ​អនុវត្ត​ដើម្បី​ធ្វើ​យ៉ាង​​ណា​ទាក់ទាញ​ភ្ញៀវ​​មក​ទស្សនា ​និង​​ស្នាក់​នៅ​​កម្ពុជា​រយៈពេល​វែង​​។

ចំណុច​សំខាន់ៗ​​ដែល​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​នោះ​រួមមាន ​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​​កម្ពុជា​ទៅ​កាន់​​ទីផ្សារ​អន្តរជាតិ​ ការ​ពង្រីក​ជើង​​ហោះហើរ​ត្រង់​ជាមួយ​ប្រទេស ​ឥណ្ឌា ​ការ​តភ្ជាប់​ជើង​ហោះហើរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ពី​នាវា​ទេសចរណ៍​នៅ​​ខេត្ត​ព្រះសីហនុ ​ទៅ​កាន់​ខេត្ត​សៀមរាប ​ការ​ទប់ស្កាត់​ការ​លក់​ផលិតផល​​ក្លែងក្លាយ​ ​ការ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឲ្យ​​បាន​ច្រើន​។

កិច្ច​ប្រជុំ​ក៏​បាន​លើក​ឡើង ​ពី​ការ​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ផែន​​ការ​ទាក់ទង​នឹង​ការ​រៀបចំ​តំបន់​បឹង​​ទន្លេសាប ​និង​តំបន់​ជួរ​ភ្នំ​គូលែន​ឲ្យ​ទៅ​​ផលិតផល​ទេសចរណ៍​ថ្មី​សម្រាប់​កម្ពុជា​ផង​ដែរ​។

ក.ផ.ផ ​ត្រូវ​​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រសួង​ទេសចរណ៍ ​ក្រសួង​ការ​បរទេស ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​កម្ពុជា ​សមាគម​ទីភ្នាក់ងារ​​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក ​ក្រុមហ៊ុន​អាកាសចរណ៍​អង្គរ​អ៊ែរ​។

លោក ​ធួន ​ស៊ីណាន​ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា ​បាន​ប្រាប់​ថា ខណៈ​​ចំនួន​ភ្ញៀវ​ទេសច​រធ្វើ​ដំណើរ​មក​កម្ពុជា​បង្ហាញ​​សញ្ញា​វិជ្ជមាន​ជា​បន្តបន្ទាប់ ការ​រៀបចំ​យុទ្ធសាស្រ្ត​ថ្មីៗ​បន្ថែម​គឺ​ជា​ការ​ចាំ​បាច់​ ដោយ​​វា​​​នឹង​ជួយ​​បង្កើន​កិត្យានុភាព​នៃ​វិស័យ​​ទេសចរណ៍​កម្ពុជា​​លើ​ឆាក​អន្តរជាតិ​​​បាន​កាន់​តែ​ខ្លាំង​​។

ទោះបី​យ៉ាង​នេះ​ក្តី ​លោក​ក៏​សម្តែង​ក្តី​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​ការ​លក់​ផលិតផល​ទេសចរណ៍​ក្លែង​បន្លំ​គុណភាព​​ដល់​​ភ្ញៀវ​ផង​ដែរ​។ លោក​ថ្លែង​​ថា​៖​ ​«ទង្វើ​នេះ​​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ​អារម្ម​ណ៍​ភ្ញៀវ និង​កេរ្តិ៍​ឈ្មោះ​កម្ពុជា​»​៕​LA