ភ្នំពេញ: ក្រសួងទេសចរណ៍​បានដាក់​ឲ្យ​ដំណើរការ​គេហទំព័រ​ថ្មី​ ១ ​ហៅថា ទស្សនា​កម្ពុជា (Visit Cambodia) ​ដើម្បី​ជំរុញ​កំណើន​ភ្ញៀវទេសចរ​បន្ថែមទៀត​មក​កម្ពុជា​។ នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​។

លោក តុប សុភ័ក្ត អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា គេហទំព័រ Visit Cambodia គឺ​កម្មវិធី​មួយ​អាចជួយ​សម្រួល​ដល់​ភ្ញៀវទេសចរ​ក្នុងការ​ស្វែងរក​គោលដៅ​ទេសចរណ៍ ការ​កក់​សណ្ឋាគារ និង​អាហារដ្ឋាន​។

លោក​បន្តថា ភាព​ពេញនិយម​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ក្នុង​ការស្វែងរក​គោលដៅ​ទេសចរ​ក្នុង​គេហទំព័រ​នេះ​។ លោក​ថ្លែង​៖ «​វា​មាន​សារៈសំខាន់​ក្នុង​ការផ្តល់​ព័ត៌មាន​អំពី​សក្តានុពល​តំបន់​ទេសចរណ៍​កម្ពុជា​ដល់​ភ្ញៀវទេសចរ​»​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការដាក់​ឲ្យ​ដំណើរការ​គេហទំព័រ Visit Cambodia កាលពី​ថ្ងៃ​ចន្ទ​នៅ​ខេត្ត​សៀមរាប​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ ឌីជីថល ពិតជា​បាន​ដើរតួនាទី​សំខាន់​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​នៅ​កម្ពុជា ។

លោក​បន្ថែមថា សេដ្ឋកិច្ច ឌីជីថល កំពុង​ធ្វើឲ្យ​ផ្លាស់ប្តូរ​របៀប​ធ្វើការ​ជាច្រើន​នៅតាម​បណ្តា​ឧស្សាហកម្ម នានា​ដូចជា សេវាកម្ម​ហិរញ្ញវត្ថុ សេវាកម្ម​សុខភាព សេវាកម្ម​ទេសចរណ៍ សេវាកម្ម​កម្សាន្ត មធ្យោបាយ​ដឹកជញ្ជូន និង បច្ចេកវិទ្យា​ព័ត៌មាន និង​ទំនាក់ទំនង​ជាដើម ។ លោក​ថ្លែង​ថា​៖ «​ការជំរុញ​ផលិតផល​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុង​ការស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា គេហទំព័រ​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។

លោកស្រី​ថ្លែងថា​៖ «​ជាធម្មតា​មុន​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ភ្ញៀវទេសចរ​នឹង​ស្វែងរក​ព័ត៌មាន​អំពី​គោលដៅ​ទេសចរណ៍​នានា ដូច្នេះ​វា​នឹង​ផ្តល់​ជម្រើស​ច្រើន​ដល់​ពួកគេ​»​។

បើ​តាម​លោក តុប សុភ័ក្តិ ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​សរុប ៤,៨ លាន​នាក់ ​កើនឡើង​ ១០ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​៕LA