
ភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គរវត្តកាលពីឆ្នាំមុន។ ហេង ជីវ័ន
ភ្នំពេញៈ ខណៈការមកដល់នៃចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាកាន់តែកើនឡើងក្រសួងទេសចរណ៍ បានដាក់ចេញវិធានការការពារសន្តិសុខ និងសុវត្ថិភាពដល់អ្នកទេសចរដែលមកកម្សាន្តនៅកម្ពុជា ពិសេសភ្ញៀវទេសចរចិន។
សេចក្តីណែនាំនេះតម្រូវឲ្យគ្រប់ភាគីពាក់ព័ន្ធរាជធានី ខេត្តត្រូវអនុវត្តនូវវិធានការសំខាន់ៗមួយចំនួនដូចជា ការតាមដានស្ថានភាពអាកាសធាតុ ការត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូន ការបំពាក់ប្រព័ន្ធសុវត្ថិភាព មានលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ពេលមានគ្រោះថ្នាក់ ការរៀបចំដាក់ស្លាកសញ្ញាសុវត្ថិភាព និងគ្រោះថ្នាក់ផ្សេងៗ និងវិធានការសម្ភារសម្រាប់សង្គ្រោះបន្ទាន់។
សេចក្តីណែនាំនេះក៏បានប្រាប់ដល់ទីភ្នាក់ងារទេសចរណ៍មិនត្រូវនាំភ្ញៀវទៅកាន់កន្លែងដែលមានហានិភ័យខ្ពស់ ជាពិសេសភ្ញៀវទេសចរជនជាតិចិន និងលក្ខខណ្ឌមួយចំនួនសម្រាប់ជនបរទេសណាដែលចង់បើកបរលើផ្លូវថ្នល់។

ទិន្នន័យក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងរយៈពេល ៧ ខែឆ្នាំនេះភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមាន ៣,៤៥ លាននាក់កើនឡើង ១១,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៧ ហើយក្នុងនោះជនជាតិចិនមានប្រហែល ១ លាននាក់។
តាមការព្យាករ ឆ្នាំនេះកម្ពុជានឹងទទួលភ្ញៀវទេសចរបរទេស ៦,២ លាននាក់។ ឆ្នាំ ២០២០ ចំនួន ៧ លាននាក់ និង ១៤ លាននាក់នៅឆ្នាំ ២០៣០។
លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះបានឲ្យដឹងថា បច្ចុប្បន្នមានជនជាតិចិន ២១ ម៉ឺននាក់ស្នាក់នៅកម្ពុជា កើនឡើងពីជាង ១០ ម៉ឺននាក់កាលពីឆ្នាំ ២០១៧ ហើយគ្រាន់តែខេត្តព្រះសីហនុមានជនជាតិចិនជិត ៨ ម៉ឺននាក់កំពុងរស់នៅ។
អាជ្ញាធររំពឹងថា នឹងមានជនជាតិចិន ៥ ម៉ឺននាក់បន្ថែមនៅចុងឆ្នាំនេះ៕LA