ភ្នំពេញៈ ក្រសួង​ទេសចរណ៍​នឹងដាក់​ឱ្យ​ដំណើរការ​កញ្ចប់​ទេសចរណ៍​ពិសេស​មួយ​ដែល​ហៅថា​ «Travel Bubble» ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អាស៊ាន​បូក​ ៣ ដែលមាន​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ក្នុង​ការនាំ​ភ្ញៀវទេសចរ​ពី​ប្រទេស​ណាមួយ ឬ​តំបន់​ណាមួយ​នៃ​បណ្តា​ប្រទេស​ទាំងនេះ​មក​ទស្សនា​នៅ​កម្ពុជា​ក្នុង​ការជួយ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ដែល​កំពុង​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ការរីករាលដាល​នៃ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​ នាពេល​បច្ចុប្បន្ន​។

លោក តុប សុភ័ក្ត្រ អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃអាទិត្យ​ថា Travel Bubble នេះ​គឺជា​កញ្ចប់​ទេសចរណ៍​ពិសេស​ដែល​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​នាំ​អ្នកទេសចរ​ពី​ប្រទេស​ណាមួយ ឬ​ពី​គោលដៅ​នៃ​ប្រទេស​ណាមួយ​ដែលមាន​ការគ្រប់គ្រង​ជំងឺ​កូវីដ ១៩ បាន​ច្បាស់លាស់​មិនមាន​ការរីករាលដាល​ឆ្លង​ធំដុំ ឬ​ពី​ប្រទេស​ណា​ដែល​មាន​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩ បានល្អ ឬ​ពី​គោលដៅ​នៃ​ប្រទេស​ណាមួយ​ដែល​អត់​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក សុភ័ក្ត្រ បញ្ជាក់​៖ «​នេះ​ជា​ផែនការ​យុទ្ធសាស្ត្រ និង​ជា​គោលនយោបាយ​របស់​ក្រសួង​ទេសចរណ៍ យើង​បាន​កំពុង​សិក្សា​អំពី​លទ្ធភាព​នៃ​ការធ្វើ Travel Bubble ជាមួយ​បណ្តា​ប្រទេស​នានា​នៅក្នុង​អាស៊ាន ក៏ដូចជា​អាស៊ាន​បូក​ ៣ ​ដែលមាន ប្រទេស​ជប៉ុន កូរ៉េខាងត្បូង និង​ចិន​។ តាមរយៈ​ការសិក្សា​នេះ យើង​សង្កេតឃើញ​ថា យើង​អាច​ធ្វើ​កិច្ចការ​នេះ​បាន ប៉ុន្តែ​នៅក្នុង​កាលៈទេសៈ​នេះ​ក៏​យើង​មិនទាន់​អាច​ធ្វើ​អ្វី​បានដែរ ឥឡូវ​យើង​កំពុង​តែ​ធ្វើការ​ ១ ​ជំហាន​ទៀត​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​រៀបចំ​ឱ្យ​បាន​ស្រួលបួល និង​ច្បាស់លាស់​ពីព្រោះ Travel Bubble នេះ​គឺជា​កញ្ចប់​ទេសចរណ៍​ពិសេស​មួយ​ដោយឡែក​»​។

លោក​បន្ថែមថា​៖ «​យើង​ត្រូវ​រៀបចំ​នូវ​បែបបទ​នីតិវិធី​នានា​ជាមួយ​ក្រសួង​សុខាភិបាល​គឺ​យើង​ត្រូវធ្វើ​ដោយ​ល្អិតល្អន់ និង​ប្រុងប្រយ័ត្ន​ដោយសារ​តែ​ពេល​យើង​ធ្វើ​យើង​ត្រូវ​ចុះ MoU ជាមួយ​ក្រុមហ៊ុន ឬ​ភ្នាក់ងារទេសចរណ៍​ណាមួយ ជិះ​យន្តហោះណា ក្រុមហ៊ុន​ណា មក​ស្នាក់នៅ​សណ្ឋាគារ​ណា មក​ទទួលទាន​អាហារ​នៅ​ភោជនីយដ្ឋាន​ណា និង​ទៅ​ទស្សនា​នៅ​តំបន់ ឬ​រមណីយដ្ឋាន​ណាខ្លះ ដូច្នេះ​វា​ជា​ការនាំ​ទេសចរណ៍​មួយ​ដែល​មាន​ការគ្រប់គ្រង​ច្បាស់លាស់ និង​ខុស​ពី​មុន​ដែល​ភ្ញៀវទេសចរ​គាត់​អាច​​ដើរលេង​ទៅ​តាម​ចិត្ត​ដោយ​ខ្លួនឯង​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី ប៉ាស៊ីហ្វិក បាន​ស្វាគមន៍ Travel Bubble ថា ជា​កញ្ចប់​ទេសចរណ៍​នៃ​ការផ្លាស់ប្តូរ​រយៈពេល​ខ្លី​ដែល​មានន័យថា គេ​ធ្វើ​ក្នុង​រយៈពេល​ខ្លី ហើយ​វា​សំខាន់​ណាស់​នៅក្នុង​សម័យ​កូវីដ​១៩ នេះ ដោយសារ​តែ​វិស័យ​ទេសចរណ៍​ស្ទើរតែ​ស្លាប់​ទៅហើយ នៅសល់តែ​សណ្ឋាគារ​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ដែល​ត្រៀម​បម្រុង​ទុក​នៃ​ការធ្វើ​ចត្តាឡីស័ក​តែប៉ុណ្ណោះ​។

លោក​ថ្លែងថា​៖ «​ការដែល​រដ្ឋាភិបាល​ត្រៀម​ធ្វើ Travel Bubble គឺ​សម្រាប់​ខ្ញុំ វា​ជា​រឿង​សំខាន់​ដែល​អាច​ផ្លាស់ប្តូរ​ដំណើរ​ទេសចរណ៍ និង​វា​អាច​បន្ស៊ាំ​នៅក្នុង​ការរស់នៅ​ក្នុង​របៀប​ថ្មី​ ( New Normal)​។ បើសិន​ជា​យើង​អាចធ្វើ​បានជា​មួយ​ប្រទេស​ជិតខាង និង​ចិន កូរ៉េ និង​ជប៉ុន​នេះ គឺ​វា​ជួយ​ដល់​វិស័យ​ទេសចរណ៍ បើទោះបី​មិន​ច្រើនតែ​យ៉ាងហោចណាស់​ក៏​វា​នៅមាន​ចរន្ត​ទេសចរណ៍​ឱ្យបាន​ខ្លះ​»​។

បើ​យោង​តាម​លោក សុភ័ក្ត្រ ក្រសួង​ទេសចរណ៍​កំពុង​ធ្វើ​កិច្ចការ​ជាមួយ​ភាគី​ពាក់ព័ន្ធ មុន​ដាក់​ឱ្យ​អនុវត្ត Travel Bubble ដើម្បី​បញ្ចៀស​ហានិភ័យ ដោយ​មិនទាន់​កំណត់​ពេលវេលា​ជាក់លាក់​ទេ​។

លោក​បាន​ថ្លែងថា​៖ « បច្ចុប្បន្ន​យើង​ក៏​កំពុងធ្វើការ​ជាមួយ​វិស័យ​ឯកជន​ផងដែរ ពីព្រោះ​យើង​ត្រូវធ្វើ​ឱ្យបាន​ល្អិតល្អន់​មែនទែន ដោយសារ​បណ្តា​ប្រទេសមួយ​ចំនួន​នៅលើ​ពិភពលោក​គេ​បានធ្វើ​មុន​យើង​ ១ ​ជំហាន​ហើយ តែ​ធ្វើ​បើក​បិទៗ ព្រោះ​ការផ្ទុះ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ អ៊ីចឹង​ហើយ​បាន​ជា​យើង​នៅតាម​ដាន​មើល​ការវិវឌ្ឍ​នៃ​កូវីដ​១៩ នេះ​សិន មុន​នឹង​យើង​ចាប់ផ្តើម​ដំណើការ​»​។

មកដល់​បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់ចេញ​វិធានការ​ដល់​ជុំ​ទី​ ៧ សម្រាប់​វិស័យ​អាកាសចរណ៍ និង​ទេសចរណ៍​ក្នុង​គោលបំណង​ដើម្បី​រក្សា​លំនឹង​អាជីវកម្ម និង​សម្រាល​បន្ទុក​នៃ​ការចំណាយ​របស់​ពួកគេ​នៅក្នុង​អំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូវីដ​១៩​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ឱ្យ​ដឹងថា ចាប់ពី​ខែ​មករា ដល់​ខែ​តុលា កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស ១,២៦ ​លាន​នាក់ ធ្លាក់ចុះ​ ៧៦,១ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ ១០ ​ខែ ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៥,២៩ ​លាន​នាក់​ដោយ​ភ្ញៀវទេសចរ​មកដល់​កម្ពុជា​តាមរយៈ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ ​មាន​ ៧៣៤ ៣០៩ ​នាក់ ធ្លាក់​ ៨០,២ ​ភាគរយ តាមផ្លូវ​គោក និង​ផ្លូវទឹក ៥៣៣ ៥៨១ ​នាក់ ធ្លាក់​ ៦៦,៣ ​ភាគរយ​៕

វីដេអូ៖