ភ្នំពេញ៖ ក្រសួង​ទេសចរណ៍​នឹង​ធ្វើ​ការ​សហការ​ជាមួយ​ក្រសួង​សុខាភិបាល​សិក្សា​អំពី​លទ្ធភាព​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ រួច​ហើយ ដែល​មក​ពី​ទីផ្សារ​ណា​មាន​ហានិភ័យ​ទាប ដើម្បី​ស្រោចស្រង់​ឧស្សាហកម្ម​នេះ ដែល​បាន​កំពុង​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ ដែល​ក្រសួង​រំពឹង​ថា នឹង​ចាប់​ផ្តើម​នៅ​ក្នុង​ត្រីមាស​ទី៤ ខាង​មុខ​នេះ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ ទី ២៧ ខែ​មេសា កន្លង​មក​នេះ​ថា ចំពោះ​ផែនការ​បើក​ដំណើរការ​ទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នេះ ក្នុង​ជំហាន​ដំបូង ក្រសួង​ទេសចរណ៍​នឹង​ធ្វើ​ការ​ជាមួយ​ក្រសួង​សុខាភិបាល​អំពី​លក្ខខណ្ឌ​ឲ្យ​ប្រាកដ​ថា តើ​នឹង​តម្រូវ​ឲ្យ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ រួច​រាល់​ហើយ ចូល​មក​ប្រទេស​កម្ពុជា នោះ ត្រូវ​ធ្វើ​ចត្តាឡីស័ក​ក្នុង​កម្រិត​ណា ឬ​មិន​ចាំបាច់​ធ្វើ​ចត្តាឡីស័ក បន្ទាប់​មក​ក្រសួង​នឹង​ស្នើសុំ​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ដើម្បី​អនុវត្ត​កិច្ច​ការងារ​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បន្ត​ថា៖ «ទន្ទឹម​នឹង​អ្វី​ដែល​យើង​បាន​សិក្សា​លើ​ទីផ្សារ​នេះ ក្រសួង​ទេសចរណ៍​ក៏​នឹង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ខេត្ត និង​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ផង​ដែរ ក្នុង​ការ​ស្វែងរក​ការ​គាំទ្រ​ក្នុង​ការ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ និង​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​នៅ​តាម​គោលដៅ​នានា ដើម្បី​ធានា​ថា គោលដៅ​ទេសចរណ៍​របស់​យើង​មាន​សុវត្ថិភាព និង​ទំនុក​ចិត្ត ដែល​អាច​ទទួល​យក​ភ្ញៀវទេសចរ​ដែល​បាន​ទទួល​វ៉ាក់សាំង​នេះ​បាន​មុន»។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ថា ដើម្បី​ធានា​បាន​ទំនុក​ចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ គេ​ត្រូវ​តែ​កំណត់​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ឱ្យ​ច្បាស់លាស់ ដើម្បី​ធានា​ថា នឹង​មិន​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ និង​អ្នក​ពាក់ព័ន្ធ។

លោក​បាន​បន្ត​ថា ការ​កំណត់​នោះ​អាច​មាន​ការ​កំណត់​ពី​លក្ខខណ្ឌ​ការ​ចាក់​វ៉ាក់សាំង (ប្រភេទ និង​រយៈពេល​ចាក់​វ៉ាក់សាំង) ការ​កាត់​បន្ថយ​ពេល​ធ្វើ​ចត្តាឡីស័ក និង​ការ​កំណត់​ពី​កាតព្វកិច្ច​មួយ​ចំនួន​ដែល​ភ្ញៀវ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ធ្វើ។

លោក​និយាយ​ថា៖ «ដើម្បី​ឱ្យ​ដំណើរការ​នេះ អាច​ដំណើរ​ទៅ​ដោយ​ជោគជ័យ និង​ទទួល​បាន​នូវ​ទំនុក​ចិត្ត​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ គឺ​ទាមទារ​ឱ្យ​ក្រសួង​ទេសចរណ៍​ត្រូវ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​សុខាភិបាល ដើម្បី​រៀបចំ​ឱ្យ​មាន Code of conduct សម្រាប់​ភ្ញៀវ​ទេសចរ»។

យោង​តាម​លោក ថោង ខុន ក្រសួង​ទេសចរណ៍ នឹង​តម្រូវ​ឲ្យ​គ្រប់​គោលដៅ​ទេសចរណ៍​ទាំង​អស់​ត្រូវ​គិត​អំពី​គុណភាព​សេវាកម្ម និង​តម្លៃ​ឲ្យ​បាន​សមរម្យ ជាពិសេស​ត្រូវ​អនុវត្ត​ស្តង់ដា​ថ្មី​ក្នុង​បរិបទ​កូវីដ ១៩ នេះ ជាមួយ​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​គឺ ៣ កុំ ៣ ការពារ របស់​រាជរដ្ឋាភិបាល។ ជាមួយ​គ្នា​នេះ ក៏​ត្រូវ​ធ្វើ​យ៉ាង​ណា​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ តាមរយៈ​តម្រូវ​ឲ្យ​បុគ្គលិក​បម្រើ​ការងារ​របស់​ខ្លួន ត្រូវ​ពាក់​កាត​បុគ្គលិក និង​កាត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ជា​ប្រចាំ​ក្នុង​អំឡុង​ពេល​បំពេញ​ភារកិច្ច​ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «យើង​នឹង​ពិនិត្យ​វាយ​​តម្លៃ​អំពី​គុណភាព​សេវាកម្ម​ទេសចរណ៍​នៅ​គ្រប់​គោលដៅ​ទាំង​អស់ ហើយ​យើង​នឹង​ដាក់​ចុះ​នូវ​ស្តង់ដា​សេវាកម្ម​ទេសចរណ៍​នៅ​ក្នុង​បរិបទ​កូវីដ​នេះ ឲ្យ​បាន​រហ័ស ដើម្បី​បញ្ជាក់​អំពី​សុវត្ថិភាព និង​គុណភាព​របស់​គោលដៅ​ទេសចរណ៍​នីមួយៗ ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ។ យើង​ធ្វើ​កិច្ច​ការងារ​នេះ​បណ្តើរៗ ហើយ​យើង​ប្រឹងប្រែង​ទាំង​អស់​គ្នា ដើម្បី​យើង​គិត​ថា អាច​នឹង​ទទួល​ទេសចរ​អន្តរជាតិ ពិសេស​ទេសចរ​ដែល​ចាក់​វ៉ាក់សាំង​ហើយ នៅ​ក្នុង​ត្រីមាស​ទី៤ ឆ្នាំ ២០២១​នេះ»។

លោក ថោង ខុន បាន​គូស​បញ្ជាក់​ទៀត​ថា ក្រសួង​ទេសរណ៍​ក៏​បាន​ខិតខំ​ពង្រឹង​ការ​គ្រប់គ្រង​ចលនា​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ដែល​នឹង​មាន​ប្រជាពលរដ្ឋ​ទៅ​កម្សាន្ត​តាម​រមណីយដ្ឋាន​ច្រើន ហើយ​ប្រសិន​បើ​រាជធានី​ភ្នំពេញ និង​ទីក្រុង​តាខ្មៅ​បញ្ចប់​ការ​បិទ​ខ្ទប់​ទៀត នឹង​មាន​ភ្ញៀវ​ទេសចរ​ពី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ចេញ​ដើរ​កម្សាន្ត​ច្រើន​ទៅ​តំបន់​សមុទ្រ ខេត្ត​ភូមិ​ភាគ​ឦសាន និង​ខេត្ត​សៀមរាប​ជាដើម។

យោង​តាម​របាយ​ការណ៍​ក្រសួង​ទេសចរណ៍​បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០២០​កន្លង​ទៅ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​តែ ១,៣១ លាន​នាក់​ប៉ុណ្ណោះ ដោយ​មាន​ការ​ថយ​ចុះ​ប្រមាណ ៨០% និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ផ្ទៃ​ក្នុង​ប្រមាណ ៩ លាន​នាក់ ថយចុះ ២០% បើ​ធៀប​នឹង​ឆ្នាំ ២០១៩ កន្លង​ទៅ។

ការ​ធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កាល​​​ពី​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​បាត់បង់​ចំណូល​ជាង ៣ ពាន់​លាន​ដុល្លារ​អាមេរិក ដោយ​ប្រាក់​ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​ទទួល​បាន​ក្នុង​ឆ្នាំ ២០២០ មាន​ត្រឹម ១,០២៣ ពាន់​លាន​ដុល្លារ​ ធ្លាក់​ចុះ ៧៩,២ ភាគរយ បើធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន ៤,៩១៩ ពាន់​លាន​ដុល្លារ៕