ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​ប្រកាស​ថា ប្រតិបត្តិករ​អាជីវកម្ម​លើ​មូលដ្ឋាន​ទេសចរណ៍​ទាំងអស់​ត្រូវ​ស្នើសុំ​កម្រៃ​សេវា​បូក​បន្ថែម​លើ​ការចំណាយ​របស់​អតិថិជន​នេះ (Service Charge) ពី​ក្រសួង​ជា​មុន ខណៈ​ក្រសួង​បាន​កត់សម្គាល់​ឃើញ​ថា មាន​ប្រតិបត្តិការ​ដែល​មិន​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​មួយ​ចំនួន​កំពុង​គិត​សេវា​នេះ​ពី​អតិថិជន​។ នេះ​បើ​យោង​តាម​មន្ត្រី​ក្រសួង​ទេសចរណ៍​។

លោក គីម សេរីរ័ត្ន ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ស្នាក់​នៅ​ទេសចរណ៍ និង​ការគ្រប់គ្រង អាហារ និង​ភេសជ្ជៈ នៅ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុសិ៍្ត​កាលពី​ម្សិលមិញ​ថា គោលបំណង​នៃ​ការគ្រប់គ្រង​លើ​ការគិត​ថ្លៃ​សេវា​បន្ថែម​នេះ​គឺ​ដើម្បី​ពង្រឹង​គុណភាព​សេវា​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍​។

លោក​ថ្លែង​ថា​ក្រសួង​កត់សម្គាល់​ថា ប្រតិបត្តិករ​មួយ​ចំនួន​កំពុង​ដាក់​សេវា​គិត​ប្រាក់​បន្ថែម​នេះ​ដល់​អតិថិជន​ដោយ​មិន​បាន​អនុលោម​តាម​នីតិវិធី​របស់​ក្រសួង​នោះ​ទេ​។ លោក​ថ្លែង​ថា​៖ «​យើង​បាន​កត់សម្គាល់​ថា ភោជនីយដ្ឋាន និង​សេវាកម្ម​ស្នាក់​នៅ​មួយ​ចំនួន​កំពុង​អនុវត្ត​ការគិត​ថ្លៃ​សេវា​បន្ថែម​នេះ ខណៈ​ពួកគេ​មិន​បាន​អនុលោម​តាម ឬ​ទទួល​បាន​ការបញ្ជាក់​សេវា​មាន​គុណភាព​ដោយ​ក្រសួង​»​។ លោក​បន្ថែម​ថា​ការគិត​ថ្លៃ​សេវា​នេះ​ត្រូវ​បាន​កំណត់​ដោយ​ក្រសួង​ដោយ​មិន​លើស​ពី ១០ ភាគរយ​នោះ​ទេ​។

កម្រៃ​សេវា​បូក​បន្ថែម​លើ​ការចំណាយ​របស់​អតិថិជន​នេះ​គឺ​ដើម្បី​ពង្រឹង​គុណភាព​សេវាកម្ម​ជូន​អតិថិជន​តាមរយៈ​ការផ្តល់​ឱកាស​ដល់​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បដិសណ្ឋារកិច្ច​ដល់​បុគ្គលិក​នៅ​តាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​។

ដើម្បី​ទទួល​បាន​កម្រៃ​សេវា​បូកបន្ថែម​លើ​ការចំណាយ​របស់​អតិថិជន​នេះ​ប្រតិបត្តិករ​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​ទេសចរណ៍​មាន​សុពលភាព និង​មាន​វិញ្ញាបនបត្រ​បញ្ជាក់​លើ​គុណភាព​សេវា​ចេញ​ដោយ​ក្រសួង​ទេសចរណ៍​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​។

ក្នុង​ការ​បង្ហាញ​តម្លាភាព​គុណភាព​សេវា​ប្រតិបត្តិករ​អាជីវកម្ម​ទាំងអស់ ត្រូវ​បិទ​ស្ទិកគ័រ​នៃ​កម្រៃ​សេវា​បូក​បន្ថែម​លើ​ការចំណាយ​របស់​អតិថិជន​នេះ​នៅ​ច្រក​ចូល​កន្លែង​ផ្ដល់​សេវា​របស់​ពួកគេ​។ លោក​ថ្លែង​ថា​៖ «​យើង​ចង់​ធានា​ពី​គុណភាព​សេវា​សម្រាប់​សាធារណជន ហើយ​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ផ្ដល់​ឱកាស​សម្រាប់​អតិថិជន​ក្នុង​ការ​ផ្ដល់​យោបល់​អំពី​សេវា​នេះ​»​។

ប្រតិបត្តិករ​នឹង​ត្រូវ​បាន​ផាកពិន័យ​រហូត​ដល់ ៣០០ ០០០ រៀល ឬ​ ៧៥ ​ដុល្លារ​ប្រសិន​បើ​រកឃើញ​ថា​រំលោភ​លើ​បទបញ្ជា​នេះ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​។ ការអនុវត្ត​ចូល​ធរមាន​ចាប់​ពី​ពេល​ចេញ​សេចក្តី​ជូន​ដំណឹង​នេះ​ទៅ​។ ​លោក​ថ្លែង​ថា​៖ «​យើង​នឹង​ចុះ​ទៅ​ត្រួតពិនិត្យ​ភោជនីយដ្ឋាន និង​សេវាកម្ម​ស្នាក់នៅ ប្រសិន​បើ​នរណា​ម្នាក់​រំលោភ​លើ​បទបញ្ជា​នេះ​យើង​នឹង​ផាកពិន័យ​ដោយ​ផ្អែក​តាម​សេចក្ដី​ប្រកាស​នេះ​»​។

របាយការណ៍​ប្រចាំ​ឆ្នាំ​ ២០១៧ បាន​បង្ហាញ​ថា​ក្រសួង​ទេសចរណ៍​បាន​ចេញ​អាជ្ញាប័ណ្ណ​ដល់​ភោជនីយដ្ឋាន​ចំនួន ៣៣ ៧២៧ សណ្ឋាគារ​ចំនួន ៧៨១ និង​ផ្ទះ​សំណាក់​ ២ ២៥៥​។

លោក ធួន ស៊ីណាន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា​បាន​ស្វាគមន៍​ចំពោះ​វិធានការ​នេះ​។

លោក​ថ្លែង​ថា​៖ «​វា​ជា​វិធានការ​ដ៏ល្អ​របស់​ក្រសួង​ការ​គិត​ថ្លៃ​សេវា​នេះ​ត្រូវ​បាន​ធ្វើឡើង លុះត្រា​តែ​អតិថិជន​ពេញចិត្ត​លើ​សេវា​នេះ ប្រតិបត្តិករ​មិន​អាច​គិត​ថ្លៃ​បន្ថែម​លើ​វិក្កយបត្រ​មុន​ពេល​គុណភាព​របស់​ពួកគេ​មិន​ត្រូវ​បាន​បញ្ជាក់​នោះ​ទេ​»៕LA