សៀមរាបៈ ​ក្រ​សួង​ទេស​ចរណ៍​ បាន​រៀប​ចំ​​វេ​ទិ​កា​វិ​និ​យោគ​លើ​វិ​ស័យ​ទេស​ចរណ៍​លើក​ដំ​បូង​កាល​ពី​​ម្សិល​មិញ​ នៅ​ខេត្ត​សៀម​រាប​ ដើ​ម្បី​ពិ​ភា​ក្សា​​ពី​ការ​វិ​និ​យោគ​​លើ​វិ​ស័យ​ទេស​ចរណ៍​កម្ពុជា​។

វេ​ទិ​កា​នេះ​​មាន​ការ​ចូល​រួម​ដោយ​​​ក្រុម​ហ៊ុន​ជាតិ ​និង​អន្ត​រ​ជាតិ​មក​​ពី​ប្រទេស​​ ១១ ​និង​​អ្នក​ឯក​ទេស​​​ខាង​ការ​អ​ភិវឌ្ឍ​​ទេស​ចរណ៍​ ដើ​ម្បី​ពិ​ភា​ក្សា​​លើ​ការ​​វិ​និ​យោគ​​​វិ​ស័យ​ទេស​ចរណ៍​កម្ពុជា​។​

លោក ​ថោង​ ខុន រដ្ឋ​មន្ដ្រី​ក្រសួង​ទេស​ចរណ៍​បាន​ឲ្យ​ដឹង​ថា ​លទ្ធ​ផល​នៃ​កិច្ច​ពិ​ភា​ក្សា​​បាន​ពី​វេ​ទិ​កា​នេះ​ នឹង​ជា​មូល​ដ្ឋាន​​​សម្រាប់​ផែន​ការ​យុទ្ធ​សាស្ដ្រ​ នៃ​ការ​វិ​និ​យោគ​​ស្ដី​ពី​វិ​ស័យ​ទេស​ចរណ៍​ ​ដែល​នឹង​​​ផ្អែក​លើ​យុទ្ធ​សាស្ដ្រ​របស់​រដ្ឋា​ភិ​បាល​ និង​គោល​បំ​ណង​របស់​វិ​និ​យោ​គិន​។​

​លោក​ថ្លែង​ថា​៖ «​យើង​រៀប​ចំ​រួច​ហើយ​ ដើ​ម្បី​ការ​ពារ​គម្រោង​វិ​និ​យោគ​ទាំង​អស់ ទាក់​ទង​នឹង​ការ​​ការ​ពារ​បេ​តិក​​ភណ្ឌ​វប្ប​ធម៌​ បរិ​ស្ថាន និង​និ​រន្តរ​ភាព​ទេស​ចរណ៍​»។​

លោ​ក​​បន្ត​ថា​៖ «ការ​អភិ​រក្ស​បម្រើ​ដល់​ការ​អភិ​វឌ្ឍ និង​ការ​អភិ​វឌ្ឍ​​បម្រើ​​ដល់​ការ​អភិ​រក្ស​»។​

​លោក​​បន្ត​ថា នា​យក​ដ្ឋាន​អភិ​វឌ្ឍន៍​ទេស​ចរណ៍​ និង​ផលិត​​ផល​ទេស​ចរណ៍​របស់​ក្រ​សួង​ទេស​ចរណ៍​ នឹង​បន្ត​ជួយ​​សម្រួល​ ​សហ​ការ​ និង​ត្រួត​ពិ​និត្យ​គម្រោង​វិ​និ​យោគ​នា​នា​ ទាំង​ឯក​ជន​ និង​សា​ធារណៈ ដើ​ម្បី​ធា​នា​និរន្តរ​​ភាព​​ការ​វិ​និ​​យោគ​ និង​ការ​ទទួល​ខុស​ត្រូវ ​​ផ្អែក​លើ​និន្នា​ការ​ស​ក​ល​។​

លោក ​ធួន​ ស៊ី​ណា​ន ​ប្រ​ធាន​សមា​គម​ទេស​ចរណ៍​ អាស៊ី​ប៉ាស៊ី​ហ្វិក ​​​​ឲ្យ​ដឹង​ថា ​នេះ​ជា​វេ​ទិ​កា​លើក​ដំបូង​ ក្នុង​ការ​ពិ​ភា​ក្សា​​លើ​ការ​​វិ​និ​​យោគ​​វិ​ស័យ​ទេស​ចរណ៍​​ដើ​ម្បី​​លើក​កម្ពស់​​ និង​បញ្ជ្រាប​ដល់​វិនិ​យោ​គិន​អន្តរ​ជាតិ​​។

​ក្រ​សួង​ទេស​ចរណ៍​ឲ្យ​ដឹង​ថា​​រហូត​ដល់​ឆ្នាំ​ ២០៣០ ​កម្ពុជា​ នឹង​ត្រូវ​ការ​បន្ទប់​ស្នាក់​នៅ ១០០ ​០០០​ ដែល​នឹង​​ស្វា​គម​ន៍​​​ភ្ញៀវទេ​ស​ចរ​ ៣០ ​លាន​នាក់​ទាំង​អន្តរ​ជាតិ ​និង​ជាតិ ​ខណៈ​បច្ចុប្បន្ន​មាន​បន្ទប់​​ស្នាក់​នៅ​​តែ​ ៤៥ ០០០​​​ ប៉ុណ្ណោះ​​៕​LA