ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​គ្រោង​នឹងដាក់​ឲ្យ​អនុវត្ត​លេខ​កូដ​រួមមួយ​ដែល​បាន​បង្កើត​រួចហើយ​នៅ​ពាក់កណ្តាល​ខែមិថុនា​ខាងមុខ​។

លេខ​កូដ​នេះ​ នឹង​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​ផ្តាច់​រាល់​សេវាកម្ម​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​បាន​ភ្ជាប់​ដើម្បី​ចៀសវាង​ការ​កាត់លុយ​ជា​ស្វ័យ​ប្រវត្តិ​តទៅទៀត​។

សេចក្តី​ជូនដំណឹង​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹងថា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ជំរុញ​ឲ្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ (TRC) សហការ​ជាមួយ​ប្រតិបត្តិករ​ទូរស័ព្ទ​ចល័ត​ទាំងអស់​នៅ​កម្ពុជា​នៅក្នុង​ការពន្លឿន​ការអនុវត្ត​លេខ​កូដ​រួមមួយ​ដែល​បាន​បង្កើត​រួចហើយ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ និង​ផ្តាច់​រាល់​សេវាកម្ម​បន្ថែម​ភ្លាមៗ​។ ការបង្កើត​កូដ​រួម​នេះ​ក្នុង​បំណង ដើម្បី​ដោះស្រាយ​ក្នុង​ការចៀសវាង​ការកាត់លុយ​ជា​ស្វ័យប្រវត្តិ​តទៅទៀត ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​អតិថិជន​។

ការពន្លឿន​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ត្អូញត្អែរ​របស់​សាធារណជន​ពី​ការកាត់លុយ​តាម​ទូរស័ព្ទ​ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការភ្ជាប់​សេវាកម្ម​ផ្សេងៗ​ដោយ​មិនដឹង​ខ្លួន​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា ទន្ទឹម​នឹង​នេះ​អ្នកប្រើប្រាស់​គួរ​យល់ដឹង​ពី​ទំហំ​សេវា​ដែល​ខ្លួន​ទទួល និង​សុពលភាព​លើ​ការប្រើប្រាស់​សេវាកម្ម និង​សេវា​បន្ថែម​របស់​បណ្តា​ក្រុមហ៊ុន​ឲ្យ​បាន​ច្បាស់លាល់​នៅពេល​មាន​ការភ្ជាប់​គម្រោង​ផ្សេង​។

សេវាកម្ម​ទាំងនេះ​រួមមាន ការផ្លាស់ប្តូរ​គម្រោង ការប្តូរ​លុយ សេវា Calltune សេវា​ឆ្នោត សេវា​ហោរាសាស្ត្រ សេវា​ស្តាប់​ចម្រៀង លទ្ធផល​ព័ត៌មាន​កីឡា​សេវា​ខ្ចីប្រាក់​មុន​ពី​ក្រុមហ៊ុន និង​សេវាកម្ម​ហៅ​ចេញ​ដោយ​មិន​បញ្ចេញ​លេខ ជាដើម​។

សេចក្តី​ជូនដំណឹង​បញ្ជាក់​ថា​៖ «​ក្រសួង​សូម​អំពាវនាវ​ដល់​អ្នក​ប្រើប្រាស់​ទាំងអស់​មុន​នឹងធ្វើ​ការតភ្ជាប់​សេវាកម្ម​ណាមួយ​គប្បី​មានការ​ប្រុងប្រយ័ត្ន និង​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់​»​។

លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា វិធានការ​នេះ​នឹង​ជួយ​ដោះស្រាយ​ភាព​មន្ទិល​របស់​អ្នកប្រើប្រាស់ ហើយ​វា​នឹង​ជួយ​បង្កើន​ជំនឿ​ចិត្ត​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​ផងដែរ​។ លោក​បន្តថា អ្នក​ប្រើ​អាច​ចុច​លេខ ១ ២០០ ​ដើម្បី​ធ្វើការ​ផ្តាច់​កញ្ចប់​សេវាកម្ម​នានា​ភ្លាមៗ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត នៅពេល​លេខកូដ​នេះ​ដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​។

លោក​ថ្លែងថា​៖ «​យើង​ដាក់​លេខ​កូដ​មួយ ប្រសិន​បើ​អ្នក​ប្រើ​មិន​សប្បាយចិត្ត​ជាមួយ​នឹង​កញ្ចប់​សេវាកម្ម​របស់​ក្រុមហ៊ុន ឬ​សង្ស័យថា​មាន​កញ្ចប់​សេវាកម្ម​ណា​ចេះតែ​ដាក់​ឲ្យ​គាត់ អ៊ីចឹង​ពួកគាត់​អាច​ចុច​លេខ ១ ២០០ គឺ​ផ្តាច់​បាន​ហើយ បើ​គាត់​ចង់ភ្ជាប់​សេវាកម្ម​ណា​វិញ គាត់​អាច​ធ្វើការ​ភ្ជាប់​វា​ដោយ​ខ្លួនឯង​ឡើងវិញ​»​។

លោក​បន្តថា​៖ «​យើង​កំពុង​ធ្វើការ​លើ​បច្ចេកទេស​នេះហើយ​ក្រសួង​ក៏បាន​ជំរុញ​បន្ថែម​ថា ឲ្យ​និយតករ​ទូរគមនាគមន៍​កម្ពុជា​ជំរុញ​ឲ្យ​លឿន​ក្នុង​រឿងនេះ ដើម្បី​ដោះស្រាយ​កុំ​ឲ្យ​មាន​ការភាន់ច្រឡំ ការមិនទុកចិត្ត​គ្នា​ទៅវិញទៅមក​»​។

លោក​បាន​ឲ្យ​ដឹងថា លេខ​កូដ​នេះ​នឹង​អាច​ប្រើប្រាស់​បាន​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់​។ លោក​បន្តថា ក្រសួង​ក៏ដូចជា TRC កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ក្នុង​ការពន្លឿន​កិច្ចការ​នេះ ដើម្បី​អាចដាក់​ឲ្យ​អនុវត្ត​លេខកូដ​នេះ​នៅ​ពាក់កណ្តាល​​ខែ​មិថុនា​ខាង​មុខ​។

លោក​និយាយ​ថា​៖ «​ឥឡូវនេះ​យើង​ឲ្យ​ប្រតិបត្តិករ​ធ្វើការ​កែសម្រួល​កម្មវិធី Software របស់​ពួកគាត់ ដើម្បី​ឲ្យ​ទទួល​ស្គាល់​លេខ​កូដ ១ ២០០ ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​អាច​ចុច​លេខ​នេះ​ធ្វើការ​ផ្តាច់​សេវាកម្ម​ណាមួយ​បាន​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំងអស់​»​។

លោក​បន្តថា​៖ «​យើង​អំពាវនាវ​ឲ្យ​អ្នកប្រើប្រាស់​មុននឹង​ទិញ​កញ្ចប់​សេវាកម្ម​ត្រូវ​មើល​លក្ខខណ្ឌ​ឲ្យ​បាន​ច្បាស់​មុននឹង​ទិញ​។ យើង​មាន​ទិសដៅ​យ៉ាងយូរ​នៅ​ពាក់កណ្តាល​ខែ​មិថុនា​នឹង​ចេញ​ជា​រូបរាង​»៕LA

វីដេអូ៖