ម៉ាកាវៈ ក្រសួងទេសចរណ៍កម្ពុជាគ្រោងបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ដើម្បីបង្កើនការទាក់ទាញទេសចរបរទេសឲ្យសម្រេចតាមផែនការទេសចរបរទេស ៧ លាននាក់ក្នុងឆ្នាំ ២០២០។ នេះបើតាមមន្ត្រីក្រសួងទេសចរណ៍។
លោក ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្រៅវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលនៅទីក្រុងម៉ាកាវ (GTEF) កាលពីសប្តាហ៍មុនថាក្រុមប្រឹក្សានេះនឹងមានសមាជិកពីភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍។
លោកថ្លែងថា៖ «[ក្រុមប្រឹក្សានេះ] នឹងធ្វើការសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាប្រឈមនានារៀបចំយុទ្ធសាស្រ្ត និងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាព និងទូលំទូលាយ»។
បើទោះបីប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ទាក់ទាញរបស់ពិភពលោកជាបន្តបន្ទាប់ក៏ដោយ ក៏លោក ទិត្យ ចន្ថា អះអាងថាកម្ពុជាមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ចាប់យកអត្ថប្រយោន៍ពីកំណើនវិស័យទេសចរណ៍ពិភពលោកដែលមានកំណើនជាង ៤ ភាគរយក្នុងមួយឆ្នាំនៅឡើយទេ។
លោកបានថ្លែងថា៖ «ដោយសារការអភិវឌ្ឍវិស័យទេសចរណ៍ខ្លាំងពេកភ្ញៀវទេសចរមកច្រើនពេកយើងមិនទាន់រួចរាល់នៅឡើយដូចជាហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្សមិនទាន់បានច្រើនគុណភាពទេសចរណ៍នៅមានកម្រិត ដូច្នេះយើងត្រូវត្រៀមគិតគូររៀបចំដោះស្រាយពីបញ្ហាប្រឈម និងប្រែក្លាយឲ្យទៅជាឱកាស»។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានប្រសាសន៍ថា ក្រុមប្រឹក្សានេះអាចនឹងក្លាយជាមូលដ្ឋានមួយសម្រាប់វិស័យឯកជន និងរាជរដ្ឋាភិបាលអាចធ្វើការពិភាក្សាគ្នាឲ្យបានកាន់តែល្អប្រសើរលើសនូវអ្វីដែលភាគីទាំងពីរបានសហការកន្លងមក។
អ្នកស្រីថ្លែងតាមរយៈអ៊ីម៉ែលកាលពីម្សិលមិញថា «ខ្ញុំគិតថា បញ្ហាប្រឈម និងការរៀបចំនានានឹងមានប្រសិទ្ធភាពល្អជាងមុន។ ការបង្កើតនេះពិតជាសាកសមបំផុតសម្រាប់សមាហរណកម្មអាស៊ាន»។
អ្នកស្រីបន្ថែមថា ក្រុមប្រឹក្សានេះអាចនឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៅដល់ការអភិវឌ្ឍន៍ប្រទេស និងការច្របាច់ចូលនូវកម្លាំងស្នូលពីគ្រប់វិស័យ។
កម្ពុជាទទួលបានភ្ញៀវទេសចរបរទេស ៤,៨ លាននាក់កាលពីឆ្នាំ ២០១៥ ហើយក្រសួងនឹងកំណត់ទិសដៅ ៧ លាននាក់នៅឆ្នាំ ២០២០ ស្របពេលដែលក្រសួងទេសចរណ៍កាលពីសប្តាហ៍មុនបានឲ្យដឹងថាកម្ពុជាត្រូវការបុគ្គលិកវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ២០ ម៉ឺននាក់នៅឆ្នាំ ២០២០ ដើម្បីឆ្លើយតបនឹងទិសដៅកំណើននេះ។
ទិន្នន័យពីអង្គការទេសចរណ៍ពិភពលោក UNWTO បានឲ្យដឹងថាកាលពីឆ្នាំ ២០១៥ ភ្ញៀវទេសចរជិត ១,២ ពាន់លាននាក់បានធ្វើដំណើរទូទាំងពិភពលោកខណៈភ្ញៀវទេសចរជនជាតិចិនមានខ្ទង់ចំណាយខ្ពស់ជាងគេហើយត្រូវអង្គការនេះព្យាករថាកំណើនទេសចរជនជាតិចិននឹងកើនឡើងដល់ ២០០ លាននាក់នៅឆ្នាំ ២០២០។
លោក ទិត ចន្ថា និយាយថា កម្ពុជាក៏នឹងទទួលបានពីកំណើនទេសចរចិនទៅក្រៅប្រទេសផងដែរ។
លោកថ្លែងថា៖ «យើងដឹងច្បាស់ថាភ្ញៀវទេសចរជនជាតិចិនជាឱកាសដ៏ធំមួយសម្រាប់ពួកយើង។ សំខាន់បំផុតពេលនេះប្រទេសចិនមានទេសចរទៅក្រៅប្រទេសនឹងកើនដល់ពីររយលាននាក់»។
លោកស្រី Pansy Ho អនុប្រធាន និងជាអគ្គលេខាធិការនៃវេទិកា GTEF ដែលរៀបចំជារៀងរាល់ឆ្នាំនៅទីក្រុងម៉ាកាវបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថាកម្ពុជានៅមានឱកាសច្រើនដើម្បីជំរុញវិស័យនេះ។ ប៉ុន្តែលោកស្រីលើកឡើងថា កម្ពុជាគួរតែបង្កើនភាពទាក់ទាញលើសអ្វីដែលខ្លួនកំពុងធ្វើ។
លោកស្រីថ្លែងថា៖ «ជាក់ស្តែង កម្ពុជាមិនបានផ្តល់នូវអារម្មណ៍មួយពិសេស និងចម្លែកដល់ភ្ញៀវទេសចរទេអ្នកបានត្រឹមផ្តល់ឲ្យពួកគេក្នុងលក្ខណៈធម្មតាមួយប៉ុណ្ណោះ ខណៈភ្ញៀវទេសចរមកលេងអង្គរវត្តមិនត្រឹមតែចង់ស្វែងយល់ពីវប្បធម៌ និងសាសនាទេពួកគេចង់បានអារម្មណ៍ដ៏ពិសេសមួយផ្សេងទៀត»៕