ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​គ្រោង​នឹង​បញ្ចេញ​ពូជ​ពោត​អ៊ីប្រ៊ីត​ (CHM01) ​ដែលជា​ប្រភេទ​ពូជ​ពោត​នាំចូល​ឱ្យប្រើ​ប្រាស់​ជា​សាធារណៈ​លើកដំបូង​លើ​ទីផ្សារ​កម្ពុជា បន្ទាប់ពី​បានធ្វើ​ពិសោធ​នៅតាម​ស្ថានីយ​កសិកម្ម និង​ចម្ការ​របស់​កសិករ​យ៉ាង​ហោច ២០០ ​កន្លែង​តាំងពី​ឆ្នាំ​ ២០១៤ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពូជ​នាំចូល និង​បំពេញ​តម្រូវការ​លើ​ឧស្សាហកម្ម​ផលិត​ចំណី​សត្វ​។ នេះ​បើ​យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

លោក​រដ្ឋមន្ត្រី​បានឱ្យដឹងថា អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​ជាមួយ​មជ្ឈមណ្ឌល KOPIA ប្រចាំ​នៅ​កម្ពុជា​លើ​គម្រោង​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​ស្ដីពី​ «​ផលិតកម្ម និង​ការផ្សព្វផ្សាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត​ (CHM01)​ ​នៅ​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ២៩ ខែ ​ធ្នូ ឆ្នាំ​ ២០២០ ដើម្បី​ពង្រឹងសមត្ថភាព​អ្នកស្រាវជ្រាវ និង​ការបង្កើត​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​។

តាមរយៈ​អនុស្សរណៈ​នោះ​ភាគី​ទាំង​ ២ ​នឹង​បង្កើតជា​ទម្រង់ ឬ​គំរូ​មួយ​សម្រាប់​ផលិតកម្ម និង​ចែកចាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត CHM01 ជូន​កសិករ ព្រមទាំង​ធ្វើការ​បង្ហាញ និង​ផ្សព្វផ្សាយ​ពូជ​ពោត​អ៊ីប្រ៊ីត​នេះ​ក្នុង​ទ្រង់ទ្រាយ​ធំ​នៅតាម​ខេត្ត​សំខាន់ៗ​ជា​សាធារណៈ​ដើម្បីឱ្យ​កសិករ​មានការ​យល់ដឹង និង​ទទួលយក​កាន់តែ​ទូលំទូលាយ​។

ពោត​ត្រូវបាន​ចាត់ថ្នាក់​ជា​ដំណាំ​គោល​ទី​៣ បន្ទាប់ពី​ដំណាំ​ស្រូវ និង​ដំឡូងមី ដែលមាន​សក្តានុពល​សម្រាប់​នាំចេញ និង​ផ្គត់ផ្គង់​ឱ្យ​តម្រូវការ​ក្នុងស្រុក​សម្រាប់​បម្រើឱ្យ​វិស័យ​ផលិតកម្ម​ចំណី​សត្វ អាហារ​មនុស្ស និង​ផលិតផល​ផ្សេងៗ​។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សម្រេច​ចុះ​បញ្ជិកា​ជា​ពូជ​ពោត​អ៊ីប្រ៊ីត​ (CHM01) ​ដំបូង​គេ​នៅ​កម្ពុជា​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​កាលពី​ខែឧសភា ឆ្នាំ​ ២០២០​។

លោក ងិន ឆាយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​ឱ្យដឹង​ក្នុង​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ លោក Kim Yong Hwan ប្រធាន​មជ្ឈមណ្ឌល KOPIA ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃ ទី​ ២៩ ខែធ្នូ ឆ្នាំ​ ២០២០ ​ថា អនុស្សរណៈ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ​ការប្រើប្រាស់ និង​ការធ្វើ​ពាណិជ្ជកម្ម​លើ​ពូជ​អ៊ីប្រ៊ីត​ (CHM01) ​លើ​ទីផ្សារ​ក្នុងស្រុក​ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​ពី​បរទេស​។

លោក​បន្ថែមថា អនុស្សរណៈ​នេះ​ក៏ ដើម្បី​ពង្រឹងសមត្ថភាព​របស់​អ្នកសិក្សា​ស្រាវជ្រាវ និង​ការបង្កើត​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី បង្កើត​ជា​ទម្រង់ ឬ​គំរូ​សម្រាប់​ផលិតកម្ម និង​ចែកចាយ​គ្រាប់ពូជ​ពោត​អ៊ីប្រ៊ីត​ទៅ​កសិករ​។ គម្រោង​នេះ​មាន​រយៈពេល ៣ ​ឆ្នាំ​​ ដែល​នឹង​អនុវត្ត​ចាប់ពី​ខែមករា ឆ្នាំ ​២០២១ រហូតដល់​ខែធ្នូ ឆ្នាំ​ ២០២៣​។

លោក​មានប្រសាសន៍​ថា​៖ «​យើង​នឹង​បន្ត​ពិសោធ​រក​ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មីៗ​ទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ ហើយ​យើង​នឹង​ពង្រីក​ការផលិត​គ្រាប់ពូជ​ឱ្យបាន​ច្រើន​តាម​លទ្ធភាព​ដែល​ធ្វើ​ទៅ​បាន​ដើម្បី​ចែកចាយ​ទៅដល់​ប្រជាកសិករ និង​ឈាន​ទៅ​រក​ការធ្វើ​អាជីវកម្ម​លក់​ឱ្យ​ប្រជាកសិករ​ជំនួស​គ្រាប់ពូជ​នាំចូល​ពី​ក្រៅប្រទេស​»​។

លោក​ឱ្យដឹងទៀតថា តាមរយៈ​ការចុះ​អនុស្សរណៈ​នេះ ក្រុមការងារ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ក៏​នឹង​បង្ហាញ​ពូជ​ពោត CHM01 ក្នុង​ទ្រង់ទ្រាយ​ធំ​នៅតាម​បណ្តា​ខេត្ត​សំខាន់ៗ​ជា​សាធារណៈ​សម្រាប់​ឱ្យ​កសិករ​មាន​ការយល់ដឹង​អំពី​ប្រភេទ​ពូជ​ពោត​អ៊ីប្រ៊ីត និង​អនុវត្ត​សកម្មភាព​នានា ដើម្បី​បង្កើន​ការទទួល​យក​របស់​កសិករ​ចំពោះ​ពូជ​ពោត​អ៊ីប្រ៊ីត​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ​។

ការស្រាវជ្រាវ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បង្ហាញ​ថា ពូជ​ពោត​អ៊ីប្រ៊ីត​ថ្មី​នេះ​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ជំងឺ​បួស (Downy Mildew-DM) ព្រមទាំង​ផ្តល់​ទិន្នផល ៨,៦០ ​តោន​ក្នុង​ ១ ​ហិកតា​ដែល​ខ្ពស់ជាង​ពូជ​ពោត​អ៊ីប្រ៊ីត​ដែល​នាំចូល​ពី​បរទេស​។

លោក អ៊ុក ម៉ាការ៉ា អតីត​ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពូជ​ពោត CHM01 គឺ​ប្រភេទ​ពោត​សម្រាប់​បម្រើឱ្យ​ឧស្សាហកម្ម​កែច្នៃ​ចំណី​សត្វ​។

លោក​ថ្លែង​៖ «​គម្រោង​របស់ KOPIA នឹង​ជួយ​ជំរុញឱ្យមាន​ការប្រើប្រាស់​ពូជពោត​នេះ​កាន់តែ​ទូលំ​លាយ​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ស្រុក​យើង​»​។

លោក ផែន នឿន កសិករ​ដាំពោត​នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​លើ​ផ្ទៃដី​ជិត​កន្លះ​ហិកតា​បាន​ស្វាគមន៍​ចំពោះ​ការបញ្ចេញ​ពូជ​ពោត​ថ្មី​នេះ ដោយ​លោក​រំពឹងថា តម្លៃ​នឹង​ទាប​ជាង​ពូជ​ពោត​នាំចូល​ពី​ប្រទេស​ថៃ ខណៈ​លោក​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ១ ០០០ ​បាត​ ក្នុង​ ១ ​រដូវ​ (១០ ​គីឡូក្រាម​) ​ដើម្បី​ទិញ​ពូជពោត​ដែល​នាំចូល​ពី​ប្រទេស​ថៃ​។

លោក​និយាយថា​៖ «​យើង​នឹង​ប្រើ​ពូជពោត​របស់​យើង​នៅពេល​គាត់​បញ្ចេញ​លក់​នៅទីនេះ​។ ខ្ញុំ​សង្ឃឹមថា​គ្រាប់ពូជពោត​យើង​នឹងមាន​តម្លៃ​ធូរ​ថ្លៃ​សមរម្យ ជាង​ការ​នាំចូល​»​។

បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុងស្រុក​ចំនួន​ ១៨ ​កំពុង​ដំណើរការ ដោយមាន​សមត្ថភាព​ផលិត​ចំណី​សត្វ​សរុប​ជាង ១,២ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ ស្មើ ៥៦ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ទូទាំងប្រទេស​។ នេះ​បើតាម​លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​។

របាយការណ៍​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​គិត​ត្រឹម​ថ្ងៃទី​ ២៩ ខែធ្នូ បាន​ឱ្យ​ដឹងថា កម្ពុជា​មាន​ផ្ទៃដី​ដាំដុះ​ពោត​សរុប​ចំនួន ១៥៤ ៥៩៨ ​ហិកតា និង​ទទួលបាន​បរិមាណផល​សរុប​ចំនួន ៧៣៥ ៥៥១ តោន ក្នុង​ ១ ​ឆ្នាំ​៕ LA