
អាជីវករកំពុងអង្គុយលក់សាច់ជ្រូកនៅក្នុងផ្សារខេត្តស្វាយរៀងនាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា អាជីវកម្មក្នុងវិស័យសត្តឃាតដ្ឋាននៅកម្ពុជាបច្ចុប្បន្នស្ថិតក្នុងភាពផ្តាច់មុខ និងមានការឃុបឃិតគ្នា ដែលជាកត្តាជំរុញឲ្យតម្លៃម្ហូបអាហារឡើងថ្លៃនេះ។
ក្នុងសារាចរមួយស្តីពីការចាត់វិធានការពង្រីកការគ្រប់គ្រងអាជីវកម្មសត្វ និងជលផលក្រសួងបានសង្កេតឃើញថា បច្ចុប្បន្នមានភាពផ្តាច់មុខលើការធ្វើអាជីវកម្មសត្តឃាតដ្ឋាន ការឃុបឃិតគ្នាក្នុងអាជីវកម្មពិឃាតសត្វ អ្នកលក់ដំ និងអ្នកលក់រាយធ្វើការកំណត់ថ្លៃ និងផ្តាច់មុខលើអាជីវកម្មនាំចូល ចែកចាយ ឬការដឹកជញ្ជូនទំនិញដែលកត្តាទាំងនេះបានធ្វើឲ្យតម្លៃម្ហូបអាហារឡើងថ្លៃប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្រសួងនឹងចាត់វិធានការលុបបំបាត់សិទិ្ធផ្តាច់មុខលើការនាំចូលផល និងផលិតផលដោយបើកឲ្យមានការប្រកួតប្រជែងពេញលេញដល់ក្រុមហ៊ុននាំចូលទាំងអស់ នៅតាមព្រំដែន និងការលុបបំបាត់ការលក់អាជ្ញាប័ណ្ណបន្តផងដែរ។
ឯកសារចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម និងចុះកាលបរិច្ឆេទថ្ងៃទី ១៥ ខែកុម្ភៈ ណែនាំឲ្យមន្ដ្រីក្រសួងត្រូវចាត់វិធានការមួយចំនួនដើម្បីធានាឲ្យប្រាកដ ការប្រកួតប្រជែងដោយស្មើភាពនៅលើទីផ្សារសត្តឃាតដែលរួមមានការបំបែកភាពផ្ដាច់មុខ និងការលើកកម្ពស់កសិករមានដើមទុនតូចអាចបើកអាជីវកម្មសម្លាប់សត្វបាន។
លោក សេន សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៅក្រសួងកសិកម្មបានថ្លែងកាលពីម្សិលមិញថា ក្រសួងបានរកឃើញភាពផ្ដាច់មុខជាឧបសគ្គសម្រាប់ការប្រកួតប្រជែងដោយសេរី និងស្មើភាពព្រមទាំងជាមូលហេតុធ្វើឲ្យតម្លៃសាច់កាន់តែខ្ពស់ផងដែរ។ លោកថ្លែងថា៖ «យើងបានអង្កេតឃើញថា ចាប់តាំងពីចេញសារាចរនេះ តម្លៃសត្វបានធ្លាក់ចុះ»។ លោកបន្តថា៖ «យើងជំរុញឲ្យមានសត្ដឃាតនៅកម្រិតសហគមន៍ នេះគឺជាលទ្ធផលវិជ្ជមានមួយក្នុងការធ្វើឲ្យតម្លៃសាច់កាន់តែមានការប្រកួតប្រជែង គុណភាពកាន់តែខ្ពស់ និងសន្សំការចំណាយសម្រាប់អ្នកប្រើប្រាស់»។
ការអះអាងមួយក្នុងចំណោមការអះអាងជាច្រើននៅក្នុងសារាចរនេះគឺថា ទីសត្តឃាតដែលមានស្រាប់កំពុងរារាំងអាជីវកម្មថ្មីក្នុងការចូលក្នុងទីផ្សារនេះ និងបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ដ្រីក្រសួងកសិកម្មកម្រិតខេត្តត្រូវពន្លឿនការផ្ដល់អាជ្ញាប័ណ្ណសម្រាប់អាជីវកម្មខ្នាតតូច។
ពេលសួរថាតើអាជីវកម្មដែលមានស្រាប់បានរារាំងកសិករខ្នាតតូចក្នុងការទទួលបានអាជ្ញាប័ណ្ណដោយរបៀបណា ខណៈអាជ្ញាប័ណ្ណត្រូវបានចេញដោយក្រសួងនោះ លោក សេន សុវណ្ណ មិនបានឆ្លើយតបនឹងសំណួរនេះទេដោយគ្រាន់តែលើកឡើងថា៖ «យើងមិនចង់ស្ដីបន្ទោសនរណាម្នាក់នោះទេ»។ លោកបន្តថា៖ «ខ្ញុំទទួលស្គាល់ថា វិបត្តិក្នុងពេលកន្លងមកត្រូវបានបង្កឡើងដោយមិនមានការប្រកួតប្រជែងពេញលេញនោះទេ»៕ LA