ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​វេទិកា​ថ្នាក់ជាតិ​លើក​ទី​ ៧ ស្តីពី​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​កសិពាណិជ្ជកម្ម​កម្ពុជា​ដោយ​នឹង​មាន​ការដាក់​តាំង​បង្ហាញ​ផលិតផល​បន្លែ ផ្លែឈើ​ខ្មែរ អង្ករ សូត្រ និង​ផលិតផល​កែច្នៃ​ជាច្រើន​ទៀត​លើក​ទី​ ១២ នា​ឆ្នាំ​ ២០១៨ នេះ​នៅ​ខេត្ត​សៀមរាប​។

កម្មវិធី​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី​ ០៨-១១ ខែ​វិចិ្ឆកា ឆ្នាំ​ ២០១៨ ខាង​មុខ​នឹង​ធ្វើ​នៅ​ទីធ្លា​ក្បែរ​ព្រះអង្គ​ចេក ព្រះអង្គចម ដោយ​អាច​នឹង​មាន​ស្តង់​ដាក់តាំង​បង្ហាញ​ផលិតផល​ក្នុង​ស្រុក​ប្រមាណ​ ១០០ ​ចូលរួម​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​នៃ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ​។

កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​នៅ​មូលដ្ឋាន​ឲ្យ​មាន​ភាពទាក់ទាញ​ដល់​ប្រតិបត្តិករ អាជីវករ និង​មហាជន​ទូទៅ​ងាក​មក​គាំទ្រ និង​ប្រើប្រាស់​ផលិតផល​ក្នុង​ស្រុក​ជំនួស​ឲ្យ​ការនាំ​ចូល​ពី​បរទេស​ជា​ជំហានៗ​។

ជាមួយ​គ្នា​នេះ​ក្រសួង​ក៏​សូម​ជូនដំណឹង​ដល់​ម្ចាស់​កសិដ្ឋាន អ្នក​កែច្នៃ សមាគម​អាជីវកម្ម និង​សហគមន៍​ផលិត​បន្លែ ផ្លែឈើ​ខ្មែរ និង​ផលិតផល​ពី​សូត្រ ដែល​ត្រូវការ​ស្តង់​ដាក់តាំង​ផលិតផល​សម្រាប់​ស្វែងរក​ដៃគូ​បញ្ជា​ទិញ សូម​មក​បំពេញ​បែបបទ​នៅ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​ឲ្យ​បាន​មុន​ថ្ងៃទី​ ៣១ ខែ​តុលា ឆ្នាំ​ ២០១៨​។

កាលពី​ឆ្នាំ​ ២០១៧ កន្លងមក​កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕