ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នឹង​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ឆាប់ ជុំវិញ​បណ្តាញ​សង្គម YouTube ដែល​ប្រតិបតិ្តការ​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ Google ដែល​បានសម្រេច​ផ្អាក​ការផ្សាយ​ពាណិជ្ជកម្ម​លើ​ថ្នាល​វីដេអូ​នៅ​ប្រទេស​កម្ពុជា រួមជាមួយ​ប្រទេស​ជាង ៩០ ទៀត​ជុំវិញ​ពិភពលោក​កាលពី​ថ្មីៗ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ឱ្យដឹងថា YouTube បាន​ផ្អាក​ការផ្សាយពាណិជ្ជកម្ម​លើ​ថ្នាល​វីដេអូ​នៅ​ប្រទេស​ជាង ៩០ រួមទាំង​កម្ពុជា ដោយហេតុថា ក្រុមហ៊ុន​កំពុង​កែសម្រួល​គោលការណ៍​ផ្សាយពាណិជ្ជកម្ម​ ដើម្បី​ធ្វើឱ្យ​មាតិកា​វីដេអូ​កាន់តែ​ល្អប្រសើរ និង​តម្រូវឱ្យ​អ្នកផលិត​មាតិកា​វីដេអូ​បំពេញ​តាម​លក្ខខណ្ឌ​ «​កម្មវិធីភាព​ជា​ដៃគូ​» (YouTube Partner Program) ​ក្នុងប្រទេស​ដែលជា​ដៃគូ​ទើប​អាច​រក​ចំណូល​ពី​ការផ្សាយ​ពាណិជ្ជកម្ម​បាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា ក្នុងចំណោម​ប្រទេស​ទាំង​ជាង​ ៩០ ការផ្សាយ​ពាណិជ្ជកម្ម​លើ​ថ្នាល​វីដេអូ YouTube នឹង​ត្រូវ​ផ្តល់ជូន​ជា​បន្តបន្ទាប់ តាមរយៈ​ការទទួល​បាន​ «​កម្មវិធីភាព​ជា​ដៃគូ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​តាម​ការពិនិត្យ​ជាបឋម​របស់​អ្នកតំណាង YouTube ទីផ្សារ​កម្ពុជា​មាន​លក្ខណសម្បត្តិ​ល្អៗ​ជាច្រើន​នៅក្នុង​ការទទួល​បាន «​កម្មវិធី​ភាព​ជា​ដៃគូ​» ពី YouTube ដែល​ការសម្រេច​នេះ​ត្រូវ​ការពេលវេលា​ក្នុង​ការរៀបចំ និង​ចូលរួម​សហការ​ពី​អ្នក​ផលិត​មាតិកា ស្របតាម​គោលការណ៍ និង​លក្ខខណ្ឌ​កំណត់ដោយ YouTube ផងដែរ​»​។

លោក លីវ សុផាណារិទ្ធិ អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ចាប់តាំងពី​ការផ្អាក​ផ្សាយពាណិជ្ជកម្ម​លើ​យូធូប​ក្នុង​ទីផ្សារ​កម្ពុជា ក្រសួង​បាន​ចាត់តាំង​ក្រុម​ការងារ​ឱ្យ​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​នឹង​តំណាង​យូធូប​លើ​កិច្ចការ​នេះ​។ សព្វថ្ងៃ​ក្រសួង​កំពុង​ជំរុញ​បន្ថែមទៀត​ក្នុង​ការបំពេញ​លក្ខខណ្ឌ​តាម​តម្រូវការ​របស់​ភាគី​យូធូប​។

លោក​ថ្លែងថា​៖ «​យើង​ព្យាយាម​ជំរុញ​ឱ្យបាន​ឆាប់រហ័ស​នូវ​លក្ខខណ្ឌ​ដើម្បី​យើង​អាច​ជូន​ព័ត៌មាន​ឆ្លើយតប​ទៅ​បងប្អូន​អ្នក​ផលិត​មាតិកា​នៅ​ប្រទេស​កម្ពុជា​»​។

លោក​បន្ថែមថា ភាគី​យូធូប​នឹង​យក​ករណី​កម្ពុជា​ដាក់​ទៅក្នុង​កិច្ចពិភាក្សា​​ផ្ទៃក្នុង​របស់ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ ដោយ​រំពឹងថា កម្ពុជា​នឹង​ត្រូវ​បាន​អនុម័ត​ឱ្យ​ផ្សាយពាណិជ្ជកម្ម​ឡើងវិញ​។

លោក​និយាយថា​៖ «​សព្វថ្ងៃ​កម្ពុជា​មាន​មាតិកា​ល្អៗ​ច្រើន​ដែល​ជា​ចំណុច​វិជ្ជមាន​មួយ​នឹង​ទទួល​បាន​ការគាំទ្រ​ពី​យូធូប ហើយ​យើង​មាន​លក្ខខណ្ឌ​មួយចំនួន​ដែល​កម្ពុជា​អាច​មាន​ភាពងាយស្រួល​ក្នុង​ការឱ្យ​គាត់​អនុម័ត​ឱ្យ​យើង​ផ្សាយពាណិជ្ជកម្ម​ឡើងវិញ​»​។

លោក​បន្តថា​៖ «​ខ្ញុំ​សូមបញ្ជាក់ថា ការបាន​ចូលទៅក្នុង​កម្មវិធី​ភាព​ជា​ដៃគូ​បាន ឬ​មិនបាន គឺ​សំខាន់​លើ​អ្នក​ផលិត​មាតិកា​ខ្លួនឯង​ផ្ទាល់​ដែល​ផលិត​មាតិកា​ប្រកប​ដោយ​គុណភាព មាន​វិជ្ជាជីវៈ គោរព​កម្មសិទ្ធិ​បញ្ញា​អ្នកដទៃ មិន​មាន​ការចម្លង​ដែល​ជា​កិច្ច​សំខាន់​អ្នក​ផលិត​មាតិកា​ត្រូវគោរព​តាម​លក្ខខណ្ឌ​យូធូប​»​។

លោក ស្រៀង អង្គារ័ត្ន ប្រធាន​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​នៃ​អង្គការ ប៊ីប៊ីស៊ី មេឌា អេកសិន កត់សម្គាល់ថា ការផ្អាក​នេះ បន្ទាប់ពី​មាតិកា​មួយចំនួន​នៅលើ​បណ្តាញ​សង្គម​យូធូប និង Tik Tok នៅ​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់​ថា​គ្មាន​សណ្ដាប់ធ្នាប់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។

លោក​និយាយថា​៖ «​សម្រាប់​យូធូប​ត្រូវបាន​គេ​បិទ​ការរក​លុយ​តាម​យូធូប​ (monetize) ​តាមរយៈ​ការផ្សាយ​ពាណិជ្ជកម្ម ហើយ​ការប្រើប្រាស់ Tik Tok នៅ​កម្ពុជា​មិន​ទូលំទូលាយ​ដូច​ប្រទេស​ដទៃទៀត​ឡើយ​»​។

លោក ង៉ែត ម៉ូសេ ទីប្រឹក្សា​ឯករាជ្យ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា បាន​ឱ្យ​ដឹងថា អ្នកបង្កើត​មាតិកា​ដើម​ (Original content creator) ​មាន​ការព្រួយបារម្ភ​ថា ការសម្រេច​ផ្អាក​របស់​យូធូប​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ប្រាក់ចំណូល​ចម្បង​របស់​ពួកគេ​ពី​ការបង្កើត​មាតិកា​តាមរយៈ​ការទទួល​ពាណិជ្ជកម្ម​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​យល់ថា ការសម្រេចចិត្ត​ដកចេញ​ពាណិជ្ជកម្ម​នៅលើ​យូធូប​នឹង​ប៉ះពាល់​ដល់​អ្នកបង្កើត​មាតិកា​។ វា​បាន​បង្អាក់​ទឹកចិត្ត​អ្នក​ដែល​ចង់​បង្កើត​មាតិកា​ដើម និង​អ្នក​ដែលមាន​មាតិកា ដើម​កំពុងតែ​ដាក់​នៅ​យូធូប​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែមថា ការផ្អាក​ផ្សាយពាណិជ្ជកម្ម​នេះ​បាន​ធ្វើឱ្យ​អ្នកទស្សនា​វីដេអូ​សប្បាយចិត្ត ព្រោះ​មិនមាន​ការរំខាន​ពី​ការផ្សាយពាណិជ្ជកម្ម ប៉ុន្តែ​អ្នក​ផលិត​មាតិកា​ក្នុង YouTube មិន​អាច​រកចំណូល​បាន​ទៀត​ទេ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្រសួង​សូម​លើកទឹកចិត្ត​ឱ្យ​មាន​ការផលិត​មាតិកា​ល្អៗ ដោយ​គោរព​តាម​គោលការណ៍​កម្មសិទ្ធិបញ្ញា ប្រកប​ដោយ​គុណភាព គំនិត​ច្នៃប្រឌិត និង​វិជ្ជាជីវៈ ដើម្បី​ផ្តល់​អត្ថប្រយោជន៍ និង​ពុទ្ធិដល់​សាធារណជន​។ ក្រសួង​នឹង​បន្ត​ពិភាក្សា​ជាមួយ YouTube ក្នុង​ការដោះស្រាយ​កិច្ចការ​នេះ​ឱ្យ​បាន​ឆាប់រហ័ស​»៕LA

វីដេអូ៖