ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​បាន​សម្រេច​បង្កើត​ក្រុមការងារ​បច្ចេកទេស​សម្រាប់​សិក្សា និង​ចងក្រង​សេចក្តី​ព្រាង​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា ដើម្បី​លើកកម្ពស់​ផលិតផល និង​ការនាំចេញ​ស្វាយចន្ទី​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​។

បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រុម​នេះ​មាន​សមាសភាព​ ១៣ រូប មកពី​ក្រសួង​ពាណិជ្ជកម្ម និង​អង្គការ​សង្គម​ស៊ីវិល​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា​៖ «​ក្រុមការងារ​បច្ចេកទេស​នឹង​សម្របសម្រួល​ផែនការ សកម្មភាព​កិច្ចប្រជុំ​ផ្តល់​យោបល់​លើ​របាយការណ៍​បច្ចុប្បន្ន​ភាព​ចង្វាក់​ផលិតកម្ម​ស្វាយចន្ទី និង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្វែងរក​ធាតុ​ចូល សិក្សា​ស្រាវជ្រាវ សែ្វងរក​ដៃគូ និង​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គោលបំណង​បង្កើត​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា​»​។

លោក ហុង សេងហាក់ ប្រធានការិយាល័យ​កសិឧស្សាហកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​គាំទ្រ​ការបង្កើត​ក្រុមការងារ​បច្ចេកទេស​សម្រាប់​សិក្សា និង​ចងក្រង​សេចក្តី​ព្រាង​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា​នេះ​។

លោក​បញ្ជាក់ថា គោលនយោបាយ​ស្វាយចន្ទី​នឹង​ជួយ​លើកកម្ពស់​ចង្វាក់​ផ្គត់ផ្គង់ ខណៈ​កម្ពុជា​កង្វះ​រោងចក្រ​កែច្នៃ​ស្វាយចន្ទី​។ លោក​បន្តថា​៖ «​ខ្ញុំ​គិតថា​វា​ជា​សញ្ញា​ល្អ​ប្រសិន​បើ​យើង​មាន​គោលនយោបាយ​ស្វាយចន្ទី ដែល​វា​នឹង​ផ្តល់​ជា​ជំនួយ​បច្ចេកទេស​ដល់​កសិករ ហើយ​ក៏​នឹង​ជួយ​ទាក់​អ្នក​វិនិយោគ​នៅពេល​អនាគត​ផងដែរ​»​។ លោក​បន្ថែមថា កសិករ​បានចាប់ផ្តើម​ប្រមូលផល​ចន្ទី​តាំងពី​ដើម​ខែ​កុម្ភៈ​មក ដែល​តម្លៃ​ចន្លោះ​ពី​ជាង ៤ ០០០ រៀល ទៅ ៦ ០០០ ​រៀល​ក្នុង ​១ ​គីឡូក្រាម​នៅ​ដើមរដូវ​ប្រមូលផល​នេះ​។

លោក​បន្តថា​៖ «​ដំណាំ​ស្វាយចន្ទី​ជា​ដំណាំ​មួយ​ប្រភេទ​មាន​ការពេញនិយម​ដាំ​ដុះ​សម្រាប់​កសិករ​នៅ​ខេត្តកំពង់ធំ បន្ទាប់ពី​កៅស៊ូ និង​ដំឡូងមី​។ ខ្ញុំ​រំពឹង​ថា ចន្ទី ​នឹង​មាន​តម្លៃ​ថេរ​ក្នុងឆ្នាំនេះ​»​។ លោក​បន្ថែម​ថា ដំណាំ​ស្វាយចន្ទី​ដាំដុះ​លើ​ផ្ទៃដី ៧៨ ០០០ ហិកតា​នៅ​ខេត្ត​កំពង់ធំ​។ ​លោក​បញ្ជាក់ថា​៖ «​ស្វាយចន្ទី​ផ្តល់​ផល​ជា​មធ្យម​ចន្លោះ​ពី​ ១ ​ទៅ​ ២ តោន​ក្នុង​ ១ ​ហិកតា​»​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​ឲ្យ​ដឹងថា ប្រទេស​កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយ​ចន្ទី​ប្រហែល ២០២ ៣១៨ តោន កាលពី​ឆ្នាំមុន​ទៅ​ទីផ្សារ​បរទេស​កើនឡើង​ជិត ១០០ ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

លោក ខាន់ សំបាន ប្រធាន​នាយកដ្ឋាន​កសិឧស្សាហកម្ម​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​មុន​ថា ការនាំចេញ​សរុប​បង្ហាញ​ពី​កំណើន​ដ៏រឹងមាំ ដោយសារ​តែ​ក្រសួង​បាន​កាត់បន្ថយ​ភាពស្មុគស្មាញ​មួយចំនួន​នៃ​បែបបទ​នាំចេញ​។

របាយការណ៍​បាន​ពី​ក្រសួង​បាន​បង្ហាញថា ទិសដៅ​នាំចេញ​គ្រាប់​ស្វាយចន្ទី​សំខាន់ៗ​របស់​កម្ពុជា​គឺ​ប្រទេស​វៀតណាម រុស្ស៊ី កូរ៉េខាងត្បូង ចិន ប៉េរូ មីយ៉ាន់ម៉ា ឥណ្ឌា អូស្ត្រាលី កោះតៃវ៉ាន់ សិង្ហបុរី និង​ម៉ាឡេស៊ី​។ ផ្ទៃដី​សរុប​នៃ​ការដាំដុះ​ស្វាយចន្ទី​មាន ១៤៩ ៦៦០ ហិកតា ទូទាំង​ប្រទេស​។ ជិត ៦០ ភាគរយ ត្រូវបាន​ប្រមូលផល​ដែល​អាច​ផ្តល់​ទិន្នផល ១១៦ ៣៤៣ តោន​កាលពី​ឆ្នាំ​មុន​។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​កសិកម្ម​៕LA