The Phnom Penh Post Search

Search form

ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​សរុប​ចំនួន ៨៤

សកម្មភាព​បូម​ខ្សាច់​​នា​ពេល​កន្លង​មក។ ការ​បាក់​ច្រាំង​ទន្លេ​ដោយសារ​ការ​បូមខ្សាច់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខឹងសម្បា​។
សកម្មភាព​បូម​ខ្សាច់​​នា​ពេល​កន្លង​មក។ ការ​បាក់​ច្រាំង​ទន្លេ​ដោយសារ​ការ​បូមខ្សាច់​បាន​ធ្វើ​ឲ្យ​ប្រជាជន​ខឹងសម្បា​។ ហុង មិនា

ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​សរុប​ចំនួន ៨៤

ភ្នំពេញៈ បើ​ទោះ​ជា​រដ្ឋាភិបាល​ប្តេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​កាន់​តែ​មាន​តម្លាភាព​​ទាក់ទង​នឹង​បទប្បញ្ញត្តិ និង​ការ​ចេញ​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​ក្តី​ក៏​ក្រសួង​រ៉ែ​ និង​ថាមពល (MME) បាន​បន្ត​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ដោយ​គ្មាន​រៀបចំ​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ ឬ​មិន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​​បង្ហាញ​លទ្ធផល​​​វាយ​តម្លៃ​ផលប៉ះពាល់​បរិស្ថាន (EI​A) ទៅ​កាន់​សាធារណជន។

ជា​ផ្នែក​មួយ​នៃ​កំណែ​ទម្រង់​បន្ទាប់ពី​ការ​រឹតបន្តឹង​ការ​បូម​ខ្សាច់​កាលពី​ខែ​មីនា​ឆ្នាំ​មុន​នៅ​ពេល​​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ប្រកាស​ថា​ខ្លួន​នឹង​គ្រប់គ្រង​វិស័យ​​នេះ​មាន​ការ​បន្ត​ចេញ​អាជ្ញាប័ណ្ណ​បូមខ្សាច់​ជាច្រើន​។

បើ​ទោះ​ជា​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​​ប្រកប​ដោយ​តម្លាភាព​បំផុត​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ដើម្បី​ផ្តល់​អាជ្ញាប័ណ្ណ​ចំនួន​បួន​សម្រាប់​ការ​បូម​ខ្សាច់​នៅ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់​ក្តី​ក៏​ចាប់​ពី​ពេល​នោះ​មក​មាន​ការ​ចេញ​​អាជ្ញាប័ណ្ណ​សរុប​ចំនួន​ ៤៩ គិត​ត្រឹម​​ចុង​ឆ្នាំ​ ២០១៥ និង​ ២០ ​អាជ្ញាប័ណ្ណ​នៅ​ត្រីមាស​ទី ១ ​ឆ្នាំ​ ២០១៦ ដែល​ធ្វើឲ្យ​អាជ្ញាប័ណ្ណ​សរុប​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន ៨៤។ នេះ​បើ​តាម​លោក ឌិត ទីណា រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល។

លោក​អះអាង​ថា​បើ​ទោះ​ជា​មាន​ការ​ចេញ​អាជ្ញាប័ណ្ណ​ច្រើន​ក្តី​ក៏​ក្រសួង​បាន​ប្រឹងប្រែង​ឆ្លើយតប​ទៅ​នឹង​ក្តីបារម្ភ​របស់​អ្នក​ភូមិ​ដែល​រង​ប៉ះពាល់​ដោយសារ​ការ​បូមខ្សាច់​​ផង​ដែរ​ដោយ​ប្រើប្រាស់​ការ​បាក់ច្រាំង​ទន្លេ​ដែល​កើត​មាន​ឡើង​កាលពី​ដើម​ខែ​នេះ​ធ្វើ​ជា​ឧទាហរណ៍។

បន្ទាប់ពី​ការ​បាក់​ច្រាំង​នៅ​ស្រុក​កោះ​​ធំ​ ខេត្ត​កណ្តាល​ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន Lim Kao Ching Group ក្រសួង​រ៉ែ​ និង​ថាមពល​បាន​រៀបចំ​វេទិកា​សាធារណៈ​មួយ​ដោយ​មាន​ការ​ចូលរួម​ពី​​អ្នក​ភូមិ​ ៤០០ ​​នាក់​មកពី​ឃុំ​ចំនួន​ ៨ ​។

លោក​មាន​ប្រសាសន៍​ថា៖ «បន្ទាប់ពី​វេទិកា​សាធារណៈ​ព្រំដែន​បូម​ខ្សាច់​ត្រូវ​បាន​កំណត់​ក្នុង​​ទន្លេ​ហើយ​ប្រជាជន​អាច​មើល​ឃើញ​ថា​តើ​ក្រុមហ៊ុន​បូម​នៅ​ក្រៅ​ព្រំដែន​នោះ​ឬ​យ៉ាង​ណា? ហើយ​យើង​មាន​ខ្សែ​ទូរស័ព្ទ​បន្ទាន់​មួយ​ដែល​ប្រជាជន​អាច​ទូរស័ព្ទ​រាយការណ៍​បាន»។

លោក​បន្ថែម​ថា៖ «អាជ្ញាប័ណ្ណ​ក៏​ចែង​ដែរ​ថា​ក្រុមហ៊ុន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បូម​ខ្សាច់​តែ​ចាប់ពី​ម៉ោង ៦ ​ព្រឹក​ដល់​ម៉ោង ៦ ​ល្ងាច​ប៉ុណ្ណោះ​ដើម្បី​ចៀសវាង​ការ​រំខាន​ដល់​ម៉ោង​សម្រាក​របស់​ប្រជាជន»។

លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា​មូលនិធិ​សហគម៍​មួយ​​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​សង​សំណង​ដល់​អ្នក​ភូមិ​ដោយ​ក្រុមហ៊ុនត្រូវ​បង់​ថវិកា​ចំនួន ០,០១ ​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​គុប​នៃ​ខ្សាច់​ដែល​បាន​បូម​ទៅ​ឲ្យ​មូលនិធិ​នេះ។ យោង​តាម​អាជ្ញាប័ណ្ណ​របស់​ក្រសួង​ក្រុមហ៊ុន​បូម​ខ្សាច់​ទាំងអស់​ត្រូវ​បង់​ប្រាក់​ប្រហែល ២.៤៧៨,៩ ​ដុល្លារ​ក្នុង​មួយ​អាជ្ញាប័ណ្ណ​លើកលែង​តែ​ក្រុមហ៊ុន​បូម​ខ្សាច់​ខ្នាត​តូច​ដែល​ត្រូវ​បង់​តែ​ប្រហែល ២៤,៧៩ ​ដុល្លារ​ប៉ុណ្ណោះ។

យោង​តាម​ឯកសា​ររបស់​ក្រសួង​រ៉ែ​ និង​ថាមពល​រដ្ឋាភិបាល​រក​បាន​ប្រាក់​ចំណូល​ពី​ការ​បូម​ខ្សាច់​ជាង ​៤,១ ​​លាន​ដុល្លារ​អាមេរិក​​កាលពី​ឆ្នាំ​មុន និង ​១,៦២ ​​​លាន​ដុល្លារ​អាមេរិក​នៅ​ត្រី​មាស​ទី​ ១ ​ឆ្នាំ​ ២០១៦​។

ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​​អះអាង​ពី​ការ​ដោះស្រាយ​បញ្ហា​​​​ដែល​​បាន​បង្ក​ឡើង​ដោយ​សារ​ការ​បូម​ខ្សាច់​ក្តី​ក៏​សកម្មជន​បរិស្ថាន​បន្ត​​​​ទាមទារ​ឲ្យ​មាន​​តម្លាភាព​។

ទិដ្ឋភាព​បាក់​ច្រាំង​ទន្លេ​នៅ​ភូមិ​ដើមគ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។
ទិដ្ឋភាព​បាក់​ច្រាំង​ទន្លេ​នៅ​ភូមិ​ដើមគ ខណ្ឌ​ឫស្សីកែវ ក្រុង​ភ្នំពេញ។ ផា លីណា

លោក Alex Gonzalez-Davidson ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​ដែល​ជា​អង្គការ​​ការពារ​​បរិស្ថាន​​បាន​បង្កើត​ឡើង​​នៅ​​ក្នុង​ខេត្ត​កោះកុង​​មាន​ប្រសាសន៍​ថា​៖ «​​មាន​ច្បាប់​ជាច្រើន​កំពុង​ដំណើរការ​ដូចជា​ច្បាប់​ស្ដី​​ពី​​ការ​ទាញ​យក​រ៉ែ​ជាដើម​ប៉ុន្តែ​ត្រូវ​តែ​មាន​របាយការណ៍​អំពី​ជលសាស្ដ្រ និង​ការ​វាយតម្លៃ​បរិស្ថាន និង​សង្គម​»​។

លោក​ថ្លែង​​ថា​៖ «​តើ​ឯណា​ទៅ​របាយការណ៍​ទាំង​នោះ​? យើង​បាន​និង​​កំពុង​​សួរ​រក​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​។ ​ប្រសិន​បើ​ពួកគេ​ពិត​ជា​ចង់​ធ្វើ​អ្វីៗ​ស្រប​តាម​សៀវភៅ​​បន្ទុក​ពួកគេ​នឹង​ចេញ​ផ្សាយ​ពី​អ្វី​គ្រប់​យ៉ាង​របាយការណ៍​​​ស្តីពី​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​របាយការណ៍​ស្តីពី​ជលសាស្ដ្រ​ឈ្មោះ​ និង​ចំនួន​ក្រុមហ៊ុន»​។

លោក​បន្ត​ថា​សមាជិក​​នៅ​ខេត្ត​កោះកុង​បាន​ផ្ញើ​​លិខិត​ជាច្រើន​ទៅ​ក្រសួង​ដោយ​​ស្នើ​សុំ​​ឲ្យ​មាន​តម្លាភាព​ និង​តួ​លេខ​ផ្លូវការ​អំពី​ទឹកប្រាក់​ច្រើន​ដែល​​​រដ្ឋាភិបាល​រក​បាន​ពី​ការ​បូម​ខ្សាច់​ប៉ុន្តែ​សំណួរ​ទាំង​នោះ​​ទទួល​បាន​ការ​ព្រងើយ​​​កន្តើយ​​​​ម្ដង​ហើយ​ម្ដង​ទៀត​។ ​លោក Gonzalez ​បាន​បន្ថែម​ថា​សមាជិក​របស់​សហគមន៍​កោះកុង​នៅ​មិន​ទាន់​​មើល​ឃើញ​​សំណង​​សម្រាប់​ការ​ខាតបង់​ដែល​​បាន​បង្ក​ឡើង​​ដោយសារ​ការ​បូម​ខ្សាច់​នេះ​នៅ​ឡើយ​ទេ​។

លោក​ថ្លែង​ថា​៖ «​អ្នក​​ខាតបង់​របរ​ចិញ្ចឹម​ជីវិត​​ច្រើន​ដោយសារ​តែ​​ត្រី​ត្រូវ​បាន​បំផ្លាញ​អស់​ជួនកាល​ ៦០-៨០ ឬ ៩០ ភាគរយ​នៅ​ក្នុង​សហគមន៍​ដែល​ពឹង ១០០ ​ភាគរយ​លើ​​ការ​នេសាទ​ត្រី​»​។ លោក​បន្ថែម​ថា​នេះ​បាន​បណ្ដាល​​ឲ្យ​ប្រជាជន​គ្មាន​ជម្រើស​​ក្រៅពី​ការ​ចំណាក​ស្រុក​ទៅ​​​ប្រទេស​ផ្សេង​ទៀត​ដើម្បី​រក​ការងារ​ធ្វើ​។

លោក​បាន​បញ្ជាក់​ថា​៖ «ក៏​មាន​ការ​ខាតបង់​​ប្រាក់​ចំណូល​ដ៏ធំ​ផង​ដែរ​ដោយសារ​តែ​ទេសចរណ៍​កន្លែង​ទាំង​នេះ​ស្អាត​ណាស់​ហើយ​មាន​ដើម​កោងកាង​ជាច្រើន​ប៉ុន្តែ​នៅ​ពេល​​អ្នក​​មាន​សាឡង់​ធំៗ​ទាំង​នេះ​បូម​ខ្សាច់​នៅ​ពេល​យប់ និង​ពេល​​ថ្ងៃ​អ្នក​​នឹង​​​មិន​​មាន​ភ្ញៀវទេសចរ​ច្រើន​ទេ​»​។

កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​(PPAP)​ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​មួយ​ក្នុង​ចំណោម​អាជ្ញាប័ណ្ណ​ដែល​ត្រូវ​បាន​ដាក់​ដេញ​ថ្លៃ​ជា​សាធារណៈ​ជាច្រើន​​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​ដើម្បី​បូម​ខ្សាច់​នៅ​ទន្លេ​មេគង្គ​បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិការ​របស់​ខ្លួន​​មិន​បង្ក​ហានិភ័យ​ដល់​បរិស្ថាន​នោះ​ទេ​។

អ្នក​នាំពាក្យ​មកពី​នាយកដ្ឋាន​ស្ថិតិ​នៃ​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​​បាន​ថ្លែង​ថា​៖ «​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រសួង​រ៉ែ និង​ថាមពល​បាន​សម្រេច​​កិច្ចព្រមព្រៀង​មួយ​ដែល​តម្រូវ​ឲ្យ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ក្រុម​ហ៊ុនបូម​ខ្សាច់​នានា​សិក្សា​អំពី​​ការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន។ ដូច្នេះ​យើង​ជឿជាក់​ថា​មិន​មាន​ផលប៉ះពាល់​ដល់​បរិស្ថាន​នោះ​ទេ​»​។

លោក​បន្ត​ថា​៖ «​ក្រុមហ៊ុន​ទាំង​នោះ​ត្រូវ​តែ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ​ហើយ​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ត្រឹម​តែ​ដើរ​តួនាទី​ដ៏សំខាន់​លើ​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំង​នោះ​ដែល​ចង់​បូម​ខ្សាច់​នៅ​តំបន់​របស់​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ»​។

យោង​តាម​​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​សាធារណៈ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ​កំពង់ផែ​នេះ​រក​បាន​ប្រាក់​​ ៧១៥ ០០០ ​ដុល្លារ​អាមេរិក​​ពី​​ការ​បូម​ខ្សាច់​​កាលពី​ឆ្នាំ​មុន​។

បច្ចុប្បន្ន​ដោយ​មាន​ក្រុមហ៊ុន​សរុប ៨៤ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​បូម​ខ្សាច់​នៅ​កម្ពុជា​ក្រសួង​​បរិស្ថាន​​​បាន​ឲ្យ​ដឹង​ថា​មាន​តែ​ក្រសួង​រ៉ែ​ និង​ថាមពល​ប៉ុណ្ណោះ​ដឹង​​ពី​ផលប៉ះពាល់​បរិស្ថាន​ដោយសារ​​ការ​បូម​ខ្សាច់​​នេះ​។

លោក សៅ សុភាព អ្នក​នាំពាក្យ​​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ថា៖ «​​ក្រសួង​រ៉ែ​ និង​ថាមពល​មាន​ព័ត៌មាន​ទាំងអស់​ក្នុង​ការ​មើល​ថា​តើ​ក្រុមហ៊ុន​ដែល​​មាន​អាជ្ញាប័ណ្ណ​ទាំង​នោះ​​បាន​ធ្វើ​គ្រប់​វិធានការ​ចាំបាច់​ទាំង​អស់​ឬ​ទេ? ខណៈ​ដែល​ពួកគេ​គឺជា​អ្នក​ដែល​​គ្រប់គ្រង​លើ​អាជ្ញាប័ណ្ណ​ និង​​​មាន​ព័ត៌មាន​ទាំងអស់​អំពី​​ក្រុមហ៊ុន​ទាំង​នេះ​»​។

ទោះ​ជា​យ៉ាង​ណា​លោក​បាន​​​បន្ថែម​ថា​ក្រសួង​ទាំង​ពីរ​​នឹង​សហការ​គ្នា​ដើម្បី​ធ្វើ​​ឲ្យ​ប្រាកដ​ថា​លក្ខខណ្ឌ​ទាំង​អស់​ជាពិសេស​ការ​វាយ​តម្លៃ​ពី​ផលប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​បញ្ចប់​ដោយ​​ក្រុមហ៊ុន​ទាំងនោះ​មុន​ពេល​ផ្ដល់​អាជ្ញាប័ណ្ណ៕ LA

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។