ភ្នំពេញ: ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​បើក​តំបន់​សម្បទាន​រុករក​រ៉ែ ធ្យូងថ្ម​ទំហំ ២០០ ​គីឡូម៉ែត្រ​ក្រឡា​ នៅ​ខេត្ត​ឧត្តរមានជ័យ​ស្ថិត​នៅ​ភាគ​ឧត្តរ​ប្រទេស​កម្ពុជា​ដែលជា​ការបើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​រ៉ែ​ដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​ ២៩ ខែ​មេសា​ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​រ៉ែ​អាច​ដាក់​ពាក្យ​ប្រកួតប្រជែង​សុំ​អាជ្ញាប័ណ្ណ​សម្រាប់​ការស្វែងរក​រ៉ែ​ធ្យូងថ្ម​ក្នុង​តំបន់​សម្បទាន​ដែល​មាន​ទំហំ​ ២០០ ​គីឡូម៉ែត្រ​ក្រឡា​​ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​។

សេចក្តី​ប្រកាស​ព័ត៌មាន​លើក​ឡើង​៖ «​បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​ចាប់អារម្មណ៍​អាច​ស្នើសុំ​ពាក្យសុំ​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​នៅ​នាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​»​។

ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ឲ្យ​ដឹងថា​ក្រសួង​នឹង​ប្រកាស​ផ្សាយ​ជា​សាធារណៈ​ចំពោះ​ក្រុមហ៊ុន​ដែល​ទទួល​ជោគជ័យ​ក្នុង​ការដាក់​ពាក្យ​ស្នើសុំ និង​ការផ្តល់​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ បន្ទាប់ពី​ក្រសួង​បាន​អនុវត្តតាម​នីតិវិធី​ចប់សព្វគ្រប់​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយ​មើលឃើញ​ពី​សក្តានុពល​ធនធាន​រ៉ែ​នៅ​តំបន់​ខាងលើ​ដែល​អាច​ធ្វើ​អាជីវកម្ម​បាន​ទើប​ក្រសួង​បើក​តំបន់​សម្បទាន​រុករក​រ៉ែ​ធ្យូងថ្ម​នេះ​ដើម្បី​សិក្សា​ស្វែងរក​។

លោក​ថ្លែងថា​៖ «​តំបន់​នេះ​យើង​បាន​រកឃើញ​មាន​រ៉ែ​ធ្យូងថ្ម ដូច្នេះ​បើ​ក្រុមហ៊ុន​ចាប់អារម្មណ៍​អាច​ដាក់​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​នេះ​»​។

លោក​បាន​ឲ្យ​ដឹងថា ក្រសួង​ធ្លាប់​ផ្តល់​អាជ្ញាប័ណ្ណ​ស្វែង​រុករក​រ៉ែ​ដល់​ក្រុមហ៊ុន​ឯកជន​មួយ​ម្តង​រួចហើយ​នៅ​តំបន់​នេះ ប៉ុន្តែ​កាលនោះ​ក្រុមហ៊ុន​មិនបាន​រកឃើញ​សក្តានុពល​ធនធាន​រ៉ែ ក្រសួង​ក៏​សម្រេច​ដក​អាជ្ញាប័ណ្ណ​វិញ​។

លោក​បន្ថែមថា ទោះបី​យ៉ាង​ណា​ការបើក​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​នេះ​ឡើងវិញ ក្រសួង​សង្ឃឹមថា​នឹង​មាន​សក្តានុពល​ដែល​អាច​ធ្វើ​អាជីវកម្ម និង​ទទួលបាន​ផលចំណេញ​។

លោក​ថ្លែងថា​៖ «​សព្វថ្ងៃ​យើង​បើក​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ធ្យូងថ្ម​នេះ​ឡើងវិញ ដើម្បី​ឲ្យ​ក្រុមហ៊ុន​ឯកជន​បោះទុន​វិនិយោគ និង​សិក្សា​ស្រាវជ្រាវ ព្រោះ​តំបន់​នេះ​ត្រៀម​បម្រុង​ទុក​ទាញយក​រ៉ែ​មក​ផ្គត់ផ្គង់​ឲ្យ​រោងចក្រ​ផលិត​ថាមពល​អគ្គិសនី​ដំណើរការ​ដោយ​ធ្យូងថ្ម​ដែល​រដ្ឋាភិបាល​សម្រេច​ឲ្យ​មាន​ការសាងសង់​នៅ​តំបន់​នោះ​»​។

ក្រសួង​រ៉ែ​ និង​ថាមពល​កាលពី​ចុងខែ​មីនា​ឆ្នាំ​នេះ​បាន​ប្រកាស​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដាក់ពាក្យ​ប្រកួតប្រជែង​សុំ​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​ក្នុង​តំបន់​សម្បទាន​ចំនួន​ ៤ រួមមានៈ សម្បទាន​ស្វែងរក​រ៉ែ​ដែល​មាន​ទំហំ ២០០ គីឡូម៉ែត្រ​ក្រឡា​ស្ថិត​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ និង​ ១៩៤ គីឡូម៉ែត្រ​ក្រឡា​ ជាប់​ព្រំប្រទល់​រវាង​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង​ស្រុក​ជាំក្សាន្ត​ខេត្តព្រះវិហារ​ព្រមទាំង​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ចំនួន​ ២ ​ទៀត​មាន​ទំហំ​ ៤០០ ​គីឡូម៉ែត្រ​ក្រឡា​ស្ថិត​ក្នុង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។

លោក​និយាយថា​៖ «​រហូត​មក​ដល់​ពេលនេះ ក្រសួង​បាន​ទទួល​ចំនួន​ ៤ ​ទៅ​ ៥ ​នៃ​ពាក្យស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​ក្នុង​តំបន់​សម្បទាន​ទាំង​ ៤ ​ខាងលើ​នេះ ហើយ​ក្រសួង​នឹង​បើក​កិច្ចប្រជុំ​ពិនិត្យមើល​លើ​ពាក្យស្នើសុំ​នេះ​នៅ​សប្តាហ៍​ក្រោយ​»​។

បើ​យោងតាម​លោក យស មុនីរ៉ាត់ បច្ចុប្បន្ន ក្រសួង​បានផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​ចំនួន​ ៤០ នៅ​ទូទាំង​ប្រទេស​ កម្ពុជា​។

បច្ចុប្បន្ន​ក្រុមហ៊ុន Emerald Resources NL ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ប្រទេស​អូស្ត្រាលី​កំពុង​ធ្វើការ​អភិវឌ្ឍ​គម្រោង​រ៉ែ​មាស​នៅ​អូរខ្វាវ ខេត្តមណ្ឌលគិរី​។ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ទាញយក​ទិន្នផល​មាស​ជា​លើកដំបូង​នៅ​ឆ្នាំ ២០២០ ​នេះ​។ ​គម្រោង​នេះ​បាន​ប៉ាន់ប្រមាណ​ថា អាច​នឹង​ចម្រាញ់​មាស​ក្នុង​បរិមាណ​សរុប​ ១ ​លាន​អោន​។ នេះ​បើ​យោងតាម​លោក មុនីរ៉ាត់​៕ LA