ភ្នំពេញ: ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​បើក​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ថ្មី​បន្ថែមទៀត ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដាក់ពាក្យ​សុំ​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​លោហៈ និង​រ៉ែ​មាស​ដែល​មាន​ទំហំ​សរុប​ជាង​ ២០០ គីឡូម៉ែត្រ​ក្រឡា​ ស្ថិតក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​រតនគិរី​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្រកាស​ឲ្យ​បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដាក់ពាក្យ​ប្រកួត​ប្រជែង​ជា​សាធារណៈ​សម្រាប់​ទទួល​បាន​អាជ្ញាប័ណ្ណ​ស្វែងរក​ក្នុង​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ចំនួន​ ២ រួមមាន​តំបន់​សម្បទាន​ស្វែងរក​រ៉ែ​ទំហំ ១០៧,១ ​គីឡូម៉ែត្រ​ក្រឡា​ ស្ថិត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ទំហំ ១០០ ​គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា សាធារណជន បណ្តា​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​ដែល​ចាប់​អារម្មណ៍​អាចមក​ស្នើសុំ​ពាក្យសុំ​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​ដែលមាន​ត្រា​បោះ​ត្រឹមត្រូវ​នៅ​នាយកដ្ឋាន​ឧស្សាហកម្ម​អាជីវកម្ម​ធនធាន​រ៉ែ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​រៀងរាល់​ម៉ោង​ធ្វើការ​។

លោក យស មុនីរ៉ាត់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អង្គារ​ថា ការប្រកាស​ផ្តល់​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​នេះ ដោយសារ​ក្រសួង​មើលឃើញ​ពី​សក្តានុពល​ធនធាន​រ៉ែ​លោហៈ​នៅ​តំបន់​ទាំងនេះ​។

លោក​បាន​ថ្លែងថា​៖ «​យើង​ប្រកាស​ឲ្យ​មាន​ការរុករក​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ ដែល​ជា​តំបន់​យើង​មើលឃើញ​ពី​សក្តានុពល​រ៉ែ​លោហៈ និង​រ៉ែ​មាស ថា តើ​តំបន់​ទាំងនោះ​មាន​រ៉ែ​ទំហំ​ប៉ុនណា និង​អាច​ធ្វើ​អាជីវកម្ម​បាន​ឬ​អត់​?»​។

សព្វថ្ងៃ​ក្រសួង​បាន​ផ្តល់​អាជ្ញាប័ណ្ណ​សិក្សា​ស្វែងរក​រ៉ែ​លោហៈ​ចំនួន ៤០ នៅ​ទូទាំង​ប្រទេស​។ នេះ​បើ​យោង​តាម​លោក មុនីរ៉ាត់​។

លិខិត​ខាងលើ​បាន​បញ្ជាក់ថា ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​ស្វែងរក​រ៉ែ​ដែល​បាន​បំពេញ​រួចរាល់​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ និង​របាយការណ៍​តម្រូវ​ពាក់ព័ន្ធ​នានា​ដោយ​ដាក់​ក្នុង​ស្រោមសំបុត្រ​បិទ​ជិត ព្រមទាំង​បញ្ជាក់​ថា «​ឯកសារ​ស្នើសុំ​ប្រកួត​ប្រជែង​» រួច​ដាក់​មក​ការិយាល័យ​ច្រកចេញ​ចូល​តែ​ ១ ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​យ៉ាងយូរ​ត្រឹម​ថ្ងៃទី ៥ ខែ​តុលា​។

កាលពី​ដើម​ខែមីនា ក្រុមហ៊ុន Emerald Resources NL ដែល​បាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​អូស្ត្រាលី​បាន​ចុះ​កិច្ចសន្យា​ក្នុង​តម្លៃ ២៣០ ​លាន​ដុល្លារ​ ជាមួយ​ក្រុមហ៊ុន Mining and Civil Australia (MACA) លើ​គម្រោង​រ៉ែ​មាស​អូរខ្វាវ​នៅ​កម្ពុជា​។

ក្រុមហ៊ុន Emerald Resources ដែលជា​ក្រុមហ៊ុនមេ​របស់ Renaissance Minerals (Cambodia) Ltd គ្រោង​នឹង​ទាញយក​រ៉ែ​មាស​ក្នុង​គម្រោង ដែល​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។

បើ​តាម​ក្រុមហ៊ុន កិច្ចសន្យា​នេះ​មាន​រយៈពេល​ជាង ៧ ​ឆ្នាំ​រួមមាន ការផ្គត់ផ្គង់​ឧបករណ៍​ធ្វើ​រ៉ែ និង​សេវាកម្ម​លើ​គម្រោង​រ៉ែ​មាស​នៅ​កម្ពុជា​។ វិសាលភាព​ការងារ​នៃ​កិច្ចសន្យា​នេះ​នឹង​គ្របដណ្តប់​លើ​សេវា​ដឹកជញ្ជូន​ការទាញយក​រ៉ែ ខួង និង​ការបំផ្ទុះ​៕ LA