
អ្នកចូលរួមប្រកួតក្នុងការបង្កើតគនិតអាជីវកម្ម ធ្វើនៅក្នុងហាងកាហ្វេ BioLab ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។ រូបថត Jenni Reid
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កាលពីម្សិលមិញបានប្រកាសចាប់ផ្តើមទទួលពាក្យសម្រាប់ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (ICT) ប្រចាំឆ្នាំលើកទី ៤ ដោយបានត្រៀមថវិកាសរុប ២៧ ០០០ ដុល្លារសម្រាប់ការផ្តល់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីនាឆ្នាំនេះ។
កម្មវិធីប្រកួតប្រជែងនេះត្រូវបានរៀបចំឡើងដោយវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) នៃក្រសួងប្រៃសណីយ៍ក្នុងគោលដៅបង្ហាញនូវសមិទ្ធផលច្នៃបង្កើតថ្មីនានាក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៅកម្ពុជា។
ការទទួលពាក្យនឹងបន្តរហូតដល់ថ្ងៃទី ១៥ ឧសភាឆ្នាំនេះដែលបេក្ខជនដែលអាចដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះអាចជាក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលជាដើម។
លោក សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ឲ្យដឹងថា នវានុវត្តន៍ (ការច្នៃប្រឌិត) អាចចាប់ផ្តើមចេញពីគ្រប់មជ្ឈដ្ឋានទាំងអស់។
មានប្រភេទវិញ្ញាសារ ៦ រួមមាន ការចាប់ផ្តើមធុរកិច្ច មាតិកាឌីជីថល វិស័យឯកជន ការទទួលខុសត្រូវក្នុងសង្គមវិស័យសាធារណៈ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍។
ម្ចាស់ជយលាភី ៣ រូបនឹងទទួលរង្វាន់ជាទឹកប្រាក់សរុប ១៥ ០០០ ដុល្លារក្នុងនោះលេខ ១ ទទួលបាន ១ ម៉ឺនដុល្លារ លេខ ២ បាន ៣ ពាន់ដុល្លារ និងលេខ ៣ បាន ២ ពាន់ដុល្លារ៕