
លោក ជា វ៉ាន់ដេត (ឆ្វេង) ដឹកនាំកិច្ចប្រជុំតាមអនឡាញ។ សហការី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយក្រុមហ៊ុន Microsoft ដើម្បីលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) ក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ការចុះ MoU ត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ១៦ មីនា រវាង លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាមួយអ្នកស្រី Cairine HASLAM នាយកផ្នែកហិរញ្ញវត្ថុដែលជាតំណាងក្រុមហ៊ុន Microsoft ប្រចាំតំបន់អាស៊ី។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា MoU នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថល (Digital Transformation) តាមរយៈកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្សជំនាញ ការស្រាវជ្រាវ និងការអភិវឌ្ឍ នវានុវត្តន៍ និងសហគ្រិនភាពនៅក្នុងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
សេចក្តីប្រកាសព័ត៌មានបន្តថា MoU នេះក៏នឹងចូលរួមកិច្ចសហការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍន៍រដ្ឋាភិបាលឌីជីថលផងដែរ។
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានប្រាប់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជឿថា ការដាក់បញ្ចូលចំណេះដឹងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្នុងកម្មវិធីសិក្សាថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងថ្នាក់ឧត្តមសិក្សា គឺជាកត្តាសំខាន់ដើម្បីជំរុញការចាប់យកនូវបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ លោកបានបន្តថា ក្រសួងនឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំផែនការមេរដ្ឋាភិបាលឌីជីថល ដើម្បីជំរុញអក្ខរកម្មឌីជីថលទាំងនៅថ្នាក់មធ្យមសិក្សាចំណេះទូទៅ និងឧត្តមសិក្សា។
លោកថ្លែងថា៖ «ក្រសួងសូមលើកទឹកចិត្តឱ្យសិស្ស-និស្សិតពិចារណាជ្រើសរើសការសិក្សាជំនាញបច្ចេកវិទ្យាឌីជីថល ឬបើទោះជាកំពុងរៀនជំនាញផ្សេងក៏ត្រូវមានចំណេះដឹងផ្នែកឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានជាមូលដ្ឋាន ដើម្បីត្រៀមខ្លួនចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល និងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤»។
លោក ប៉ាត់ ចំណាន ស្ថាបនិកក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា តាមរយៈ MoU នេះ នឹងធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា។ MoU នេះក៏នឹងឆ្លុះបញ្ចាំងពីការជំរុញការអភិវឌ្ឍផ្នែកបច្ចេកវិទ្យារបស់រដ្ឋាភិបាលកម្ពុជាដើម្បីឆ្ពោះទៅរកបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
លោកថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា រាជរដ្ឋាភិបាលខិតខំជំរុញវិស័យនេះពិសេសក្រសួងប្រៃសណីយ៍។ ការគាំទ្ររបស់ Microsoft នឹងជួយអភិវឌ្ឍធនធានមនុស្សប្រទេសយើងឱ្យកាន់តែប្រសើរថែមទៀត»។
សព្វថ្ងៃរាជរដ្ឋាភិបាលកំពុងពន្លឿនការរៀបចំសេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលដោយផ្តល់អាទិភាពលើកិច្ចការសំខាន់ៗ ៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចតាមគន្លងឌីជីថលថ្មី។ ចំណុចអាទិភាព ៥ ធំៗរួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការកសាងទំនុកចិត្ត និងភាពជឿជាក់ទៅលើប្រព័ន្ធឌីជីថល ការកសាងពលរដ្ឋឌីជីថល ការកសាងរដ្ឋាភិបាលឌីជីថល និងការជំរុញធុរកិច្ចឌីជីថល។ នេះបើតាមសេចក្តីប្រកាសព័ត៌មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយកាលពីខែមុន។
សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងទៀតថា ក្របខ័ណ្ឌគោលនយោបាយនេះត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកលនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ បរិវត្តកម្មឌីជីថល ដែលបាននិងកំពុងធ្វើឱ្យនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងតំបន់មានការវិវឌ្ឍឥតឈប់ឈរ ពិសេសក្នុងបរិបទជំងឺកូវីដ ១៩ បានបង្ហាញពីសក្តានុពលកាន់តែសំខាន់នៃបរិវត្តកម្មឌីជីថលនៅក្នុងការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច៕ LA