ភ្នំពេញៈ ក្រ​សួង​ប្រៃ​ស​ណីយ៍ និង​ទូរ​គម​នា​គមន៍ (MPTC) រហូត​មក​ដល់​ពេល​នេះ​ប្រ​មូល​ថ​វិ​កា​បាន ១៣,៥ លាន​ដុល្លារ​​ពី​​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ ដែល​​​ត្រូវ​បង់​​​​វិ​ភាគ​ទាន​ទៅ​ឲ្យ​​​​​​​មូល​ និ​ធិ​​ចំ​នួន​ ២ សម្រាប់​​ឆ្នាំ​ ២០១៧ ដែល​​ទឹក​ប្រាក់​​នេះ​មាន​ត្រឹម​ ៧០ ភាគ​រយ​នៃ​ការ​រំ​ពឹង​ទុក​​របស់​ក្រ​សួង​ប៉ុ​ណ្ណោះ។

បើ​ទោះ​​ជា​​ទឹក​ប្រាក់​ដែ​ល​ទទួល​បាន​​មូល​និ​ធិ​ទាំង​ ២ នេះ​នៅ​​មិន​ទាន់​ពេញ​លេញ​ក្តី ក៏​លោក កាន​ ច័ន្ទ​មេត្តា រដ្ឋ​លេ​ខា​ធិ​ការ​​ក្រ​សួង​ប្រៃ​សណីយ៍ បាន​បញ្ជាក់​​​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​​កាល​​ពី​ល្ងាច​ថ្ងៃ​ពុធ​ថា ​​វា​ជា​និន្នា​ការ​ល្អ​មួយ​ ដោយ​សារ​ការ​​ប្រ​មូល​ចំ​ណូល​សម្រាប់​មូល​និ​ធិ​ទាំង​នេះ​ស្ថិត​នៅ​​​ឆ្នាំ​ ដំ​បូង​នៅ​ឡើយ ហើយ​មន្រ្តី​ក្រ​សួង​​នឹង​នៅ​បន្ត​ប្រ​មូល​ប្រាក់​​ ៣០ ភាគ​រយ​​ទៀត​ដែល​នៅ​សល់​ពី​ប្រ​តិ​បត្តិ​ករ​ដែល​មិន​ទាន់​​បំ​ពេញ​កាត​ព្វ​កិច្ច​។

យោង​តាម​លោក ច័ន្ទ​មេត្តា ក្នុង​​ចំ​ណោម​​​ប្រាក់​ចំ​ណូល​ ១៣,​៥​ លាន​ដុល្លារ​នេះ​ ប្រាក់​ចំ​ណូល​ដែល​ទទួល​​បាន​ពី​​មូល​និ​ធិ​នៃ​ការ​កសាង​សមត្ថ​ភាព​ និង​ការ​ស្រាវ​ជ្រាវ​ និង​ការ​អភិ​វឌ្ឍ​លើ​វិ​ស័យ​ទូរ​គមនា​គមន៍​ (CBRD) ​មាន​ចំ​នួន ៤,៥ ​លាន​ដុល្លារ ខណៈ​ដែល​​មូល​និ​ធិ​កាត​ព្វ​កិច្ច​សេ​វា​សកល​​ទូរ​គម​នា​គមន៍​ (USO)​ មាន​ចំនួន ៩​ លាន​ដុល្លារ​។​

លោក ច័ន្ទ​មេត្តា ​បាន​ឲ្យ​ដឹង​ថា មន្ដ្រី​​បាន​ដឹង​តាំង​ពី​ដំ​បូង​មក​​ម្ល៉េះ​ថា ​ការ​អនុ​វត្ត​​មូល​និ​ធិ​នេះ​សម្រាប់​ឆ្នាំ​ដំ​បូង នឹង​ពិ​បាក ហើយ​ប្រ​ឈម​បញ្ហា​​ជា​ច្រើន​។ រហូត​មក​ដល់​ពេល​នេះ​ មាន​​ក្រុម​ហ៊ុន ២៧ ក្នុង​ចំ​ណោម​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ ៣១ បាន​​បង់​ប្រាក់​រហូត​មក​ដល់​ពេល​​នេះ​។ អត្ត​សញ្ញា​ណ​​ក្រុម​ហ៊ុន​​ដែល​បាន​ និង​​មិន​បាន​បង់​ប្រាក់​​មិន​ត្រូវ​បាន​​ប្រ​កាស​​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​ពុធ​។​

លោក​ថ្លែង​ថា​៖ «​ដោយ​ផ្អែ​ក​លើ​​លទ្ធ​ផល​ឆ្នាំ​ដំ​បូង​នេះ យើង​សង្ឃឹម​ថា ការ​ប្រ​មូល​​ប្រាក់​ចំ​ណូល​ពី​មូល​និធិ​នេះ​សម្រាប់​ឆ្នាំ ២០១៨ នឹង​កាន់​តែ​ប្រ​សើរ និង​កាន់​តែ​រលូន​»។

លោក​បន្ថែម​ថា ការ​ប្រ​មូល​ប្រាក់​ចំ​ណូល​​ឆ្នាំ ២០១៨ ​ពី​មូល​និ​ធិ​នេះ ត្រូវ​បាន​​ប្រ​កាស​ចាប់​តាំង​ពី​ខែ​សី​ហា ឆ្នាំ​នេះ​ម​ក ហើយ​​ប្រតិ​បត្តិ​ករ​ទូរ​គមនា​គមន៍​​មួយ​ចំ​នួន​​បាន​បង់​ប្រាក់​ជា​បន្ត​បន្ទាប់​ ទៅ​តាម​កាល​បរិ​ច្ឆេទ​កំ​ណត់​ដែល​ត្រូវ​នឹង​ខែ​មីនា​ឆ្នាំ​ ២០១៩​។​

លោក​លើក​ឡើងថា​៖ «​អ្វី​ដែល​​ប្រតិ​បត្តិ​ករ​​កំ​ពុង​ឃ្លាំ​មើល​លើ​ពួក​យើង​ គឺ​ថា តើ​យើង​នឹង​គ្រប់​គ្រង​មូ​ល​និ​ធិ​ដែល​ពួក​គេ​បាន​បង់​នេះ​ដូច​ម្ដេច​?​ តាម​គំ​និត​ពួក​យើង យើង​ធា​នា​តម្លា​ភាព និង​គណ​នេយ្យ​ភាព​​ក្នុង​ការ​គ្រប់​គ្រង​​មូល​និ​ធិ​នេះ​»​។​

ច្បាប់​ទូរ​គមនា​គមន៍​ឆ្នាំ ២០​១៦ និង​អនុ​ក្រឹត្យ​ជា​បន្ត​បន្ទាប់​បាន​បង្កើត​​មូល​និ​ធិ​ទាំង​ ២ ​នេះ​ ពោល​គឺ​មូល​និ​ធិ CBRD និង​មូល​និ​ធិ​ USO​ ​ក្នុង​​​គោល​បំ​ណង​​លើក​កម្ពស់​ការ​អភិ​វឌ្ឍ​​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ និង​សេ​វា​​នៅ​​តាម​តំ​បន់​ជន​បទ​ ជា​ទី​ដែល​​ក្រុម​ហ៊ុន​ជា​ច្រើន​មិន​អាច​វិ​និ​យោគ​​ទៅ​ដល់​ ព្រម​ទាំង​​​ ការ​លើក​កម្ពស់​ការ​ស្រាវ​ជ្រាវ​ និង​ជំ​រុញ​ទេព​កោ​សល្យ​ថ្មី​នៅ​ក្នុង​ឧស្សាហ​កម្ម​នេះ​។​

ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​ជា​ច្រើន​ត្រូវ​តម្រូវ​​ឲ្យ​បង់​ ១ ភាគ​រយ​​នៃ​ប្រាក់​ចំ​ណូល​ប្រ​ចាំ​ឆ្នាំ​​របស់​ក្រុម​ហ៊ុន​ទៅ​ឲ្យ​មូល​និ​ធិ​ CBRD និង ២ ភាគ​រយ​នៃ​​ប្រាក់​ចំ​ណូល​​ប្រ​ចាំ​​​ឆ្នាំ​សម្រាប់​​​មូល​និធិ​ USO ក្នុង​ ១ ឆ្នាំ​​។​

ខណៈ​ដែល​​មាន​ប្រតិ​បត្តិ​ករ​ ៣១ ត្រូវ​មាន​កាតព្វ​កិច្ច​ចំ​ពោះ​មូល​និ​ធិ​ទាំង​ ២ នេះ​ ប្រតិ​បត្តិ​ករ​ទូរ​គមនា​គមន៍​ឈា​ន​មុខ​គេ ៣ នៅ​ក្នុង​ប្រ​ទេស​ កម្ពុជា​ គឺ​ក្រុម​ហ៊ុន Smart ​ក្រុម​ហ៊ុន Cellcard និង​ក្រុម​ហ៊ុន Metfone និង​វិ​ភាគ​ទាន​ពី​ក្រុម​ហ៊ុន​ទាំង​នេះ​​គឺ​ជា​ប្រ​ភព​ដ៏​សំ​ខាន់​សម្រាប់​ប្រាក់​ចំ​ណូល​របស់​​មូល​និ​ធិ​នេះ​​។​

ក្នុង​សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​​​កាល​ពី​ម្សិល​មិញ​ ​ក្រុម​ហ៊ុន ​Smart ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​​ទូរ​គមនា​គមន៍​ Axiata Group របស់​ប្រ​ទេស​ ម៉ា​ឡេ​ស៊ី​ បាន​ឲ្យ​ដឹង​ថា ខ្លួ​ន​បាន​បង់​ប្រាក់​ជាង ៧ លាន​ដុល្លារ​​​ទៅ​ក្នុង​មូល​និ​ធិ​ទាំង​២​នេះ​កាល​ពី​ឆ្នាំ​ ២០១៧​។

​ក្រុម​ហ៊ុន​នេះ​បាន​អំ​ពាវ​នាវ​​ឲ្យ​ដៃ​គូ​​ប្រ​កួត​​ប្រ​ជែង​របស់​ខ្លួន​បង់​​ចំ​ណែក​​​​របស់​ពួក​គេ​ ដោយ​កត់​សម្គាល់​ថា វា​មាន​សារៈ​សំ​ខាន់​ដែល​អ្នក​មាន​អាជ្ញា​ប័ណ្ណ​ទាំង​អស់​​ត្រូវ​បង់​ឲ្យ​បាន​ទាន់​ពេល​វេ​លា​ដល់​មូល​និ​ធិ​ទាំង​ ២ ដូច​បាន​តម្រូវ​ដោយ​ច្បាប់​សម្រាប់​អត្ថ​ប្រ​យោជន៍​របស់​​មូល​និ​ធិ​ទាំង​ ២ និង​ភា​គី​ទាំង​អស់​នៅ​ក្នុង​រយៈ​ពេល​វែង​។​

សេច​ក្ដី​ប្រ​កាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា​៖ «​សម្រាប់​​ [វិ​ភាគ​ទាន​] ឆ្នាំ ២០១៨ យើង​បាន​បង់​វិ​ភាគ​ទាន​ ៣,៩ ​លាន​ដុល្លារ​​ហើយ​រហូត​មក​ដល់​ពេល​​នេះ​ ហើយ​នឹង​ទូ​ទាត់​​រាល់​​​ប្រាក់​​មិន​ទាន់​បង់​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​សម្រាប់​មូល​និ​ធិ​​ USOF និង​ CBRDF ដោយ​សារ​​យើង​មាន​ការ​ទទួល​​ខុស​ត្រូវ​ខ្ពស់​ចំ​ពោះ​ជាតិ​របស់​​យើង»។​​

សេច​ក្ដី​​ប្រ​កាស​ព័ត៌​មាន​នេះ​បន្ត​ថា​៖ «​យើង​បន្ត​បញ្ជាក់​ពី​សារៈ​សំ​ខាន់​នៃ​ភាព​ស្មើ​គ្នា របស់​ឧស្សាហ​កម្ម​នេះ​ ជា​ពិ​សេស​ទាក់​ទង​នឹង​លក្ខ​ខណ្ឌ​តម្រូវ​ស្តី​ពី​ការ​បង់​ប្រាក់​​កម្រៃ និង​​​ការ​ទូ​ទាត់​ពន្ធ​»៕​ LA