ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​បាន​ពង្រីក​ការធ្វើ​វិមជ្ឈការ​ទៅ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ក្នុង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) ​ដល់​ក្រុមហ៊ុន​នាំចេញ​ដោយផ្ទាល់​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម​នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី​ (CO Form D) ​នៅ​ខេត្ត​ជាប់​ព្រំដែន​ចំនួន​ ៣ ​បន្ថែម​ទៀត​រួមមាន​ខេត្ត​តាកែវ កោះកុង និង​កំពត​ដែល​នឹង​ចាប់ពី​ថ្ងៃទី​ ១ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ តទៅ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន ឬ​អ្នក​នាំចេញ​កសិផល​កសិកម្ម​ត្រូវ​មក​ដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​។

កាលពី​ឆ្នាំ​ ២០១៧ ក្រសួង​ពាណិជ្ជកម្ម​បាន​អនុវត្ត​រួចមកហើយ​ដោយ​បាន​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង និង​ប៉ៃលិន​អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ដល់​​អ្នក​នាំចេញ​។

លោក ស្រី កុម្ភៈ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម ខេត្ត​កំពត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃ​អង្គារ​ថា មន្ទីរ​ពាណិជ្ជកម្ម​នឹង​ចាប់ផ្តើម​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​នៅ​ដើម​ខែ​វិច្ឆិកា​នេះ​។ លោក​បន្តថា តាម​គោលការណ៍​ក្រសួង​នឹង​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​អាច​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​នៅ​ទូទាំង​ប្រទេស ជាពិសេស​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ជិត​ខាង​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​បន្ទាប់ពី​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ក្រុមការងារ​របស់​មន្ទីរ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​បាន​ទូលំទូលាយ​ដល់​ក្រុមហ៊ុន​នានា​»​។

លោក​បន្តថា ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​នេះ​នឹង​កាន់តែ​ផ្តល់​ភាពងាយស្រួល​ដល់​បណ្តា​ក្រុមហ៊ុន​នាំចេញ​កសិផល ដែល​កំពុង​ប្រតិបត្តិការ​នៅ​ខេត្ត​នេះ​។ លោក​បន្ត​​ថា​៖ «​វា​នឹង​បង្កលក្ខណៈ​ងាយស្រួល និង​កាន់តែ​ខិតជិត​ដល់​ក្រុមហ៊ុន​នាំ​ចេញ​»​។

លោក កុម្ភៈ បាន​បន្ថែម​ថា​ផលិតផល​កសិកម្ម​ក្នុង​ខេត្ត​កំពត​ភាគច្រើន​បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម រួមមាន​ស្រូវ ម្រេច និង​ស្វាយ​។ លោក​ថ្លែង​ថា​៖ «​បើ​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី​នេះ ពេល​ឈ្មួញ​នាំ​កសិផល​ទៅ​វៀតណាម គេ​នឹង​យកពន្ធ ជាក់ស្តែង​កាលពី​ឆ្នាំមុន វៀតណាម​បាន​យក​ពន្ធ​ ២០ ​ភាគរយ ​ពី​ឈ្មួញ​លក់​ស្រូវ​ម្នាក់​»​។

បើ​តាម​លោក កុម្ភៈ បច្ចុប្បន្ន​ក្រុមហ៊ុន​កែច្នៃ និង​នាំចេញ​ម្រេច​ប្រមាណ ៣៦ ​ក្រុមហ៊ុន​ដែល​កំពុង​ប្រតិបត្តិការ​របស់​ខ្លួន​។

តាម​របាយការណ៍​ស្តីពី​ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម​ឆ្នាំ​ ២០២០ របស់​ធនាគារ​ពិភពលោក​ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា ចំណាត់ថ្នាក់​របស់​កម្ពុជា​នៅក្នុង​សន្ទស្សន៍​នៃ​ភាពងាយស្រួល​ក្នុង​ការធ្វើ​អាជីវកម្ម​បាន​ធ្លាក់ចុះ​រយៈពេល​ ៤ ​ឆ្នាំ​ជាប់ៗ​គ្នា​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ ខណៈ​ចំណាត់ថ្នាក់​សម្រាប់​ឆ្នាំ ២០២០ បាន​ធ្លាក់ចុះ​ ៦ ​លេខ​ពី​ឆ្នាំ​ ២០១៩​។

របាយការណ៍​ឲ្យ​ដឹង​ទៀតថា​៖ «​ការចាប់​ផ្តើមធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់ ដោយ​ការបង្កើន​ការចំណាយ​ទាក់ទង​នឹង​ការចុះបញ្ជី​អាជីវកម្ម​»​។

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ​ជា​ក្រុមហ៊ុន​ដាំ និង​នាំចេញ​ចេកអំបូង​លឿង​បាន​ឲ្យ​ដឹងថា ការបញ្ជាក់​ពី​ប្រភពដើម​ទំនិញ​នេះ​គឺ​ពិតជា​ជួយ​សម្រួល​ដល់​ការនាំចេញ​របស់​ក្រុមហ៊ុន​លោក​។ លោក​ថ្លែងថា​៖ «​បើ​គ្មាន​ការបញ្ជាក់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​នេះ​ក្រុមហ៊ុន​នឹង​មិនអាច​ធ្វើការ​នាំចេញ​បានទេ​»​។

បើតាម​លោក ហ៊ុន ឡាក់ ក្នុង​រយៈពេល​ជាង​ ៩ ​ខែ​នេះ ក្រុមហ៊ុន​លោក​បាន​នាំចេញ​ចេកអំបូង​លឿង​បាន​ជិត​ ១២ ​ម៉ឺន​តោន​ ទៅ​ប្រទេស​ ចិន វៀតណាម និង​ជប៉ុន​៕ LA