
ជ្រូកដែលចិញ្ចឹមនៅក្នុងកសិដ្ឋានជាលក្ខណៈគ្រួសារមួយក្នុងខេត្តកណ្តាលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញៈ ខណៈមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអា្រហ្វិក (ASF) ដែលកំពុងកើតឡើងនៅក្នុងប្រទេស ចិន ក្រសួងកសិកម្មកម្ពុជាកាលពីថ្ងៃម្សិលមិញបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយមួយដើម្បីបង្ការការឆ្លងជំងឺនេះមកប្រទេស កម្ពុជា ស្របពេលកម្ពុជាបាននាំចូលជ្រូករស់រាប់ពាន់ក្បាលក្នុង ១ ថ្ងៃៗពីប្រទេសជិតខាង។ សិក្ខា សាលានេះត្រូវបានរៀបចំឡើងដោយសហការជាមួយក្រុមហ៊ុន CP Cambodia។
សិក្ខាសាលានេះធ្វើឡើង ២ សប្តាហ៍បន្ទាប់ពីសមាគមអ្នក ចិញ្ចឹមសត្វកម្ពុជាបានអំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាលចាត់វិធានការដើម្បីបង្ការការឆ្លងជំងឺនេះមកកម្ពុជា។
លោក សួន សុធឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិយាយថា សិក្ខាសាលានេះមានសារៈសំខាន់សម្រាប់អ្នកចិញ្ចឹមជ្រូក និងអ្នកពាក់ព័ន្ធទាំងអស់ ព្រោះរហូតមកដល់ពេលនេះគេមិនទាន់មានវិធីព្យាបាលជំងឺនេះទេ។
លោកបញ្ជាក់ថា៖ «មកដល់ពេលនេះគេមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំសម្រាប់ព្យាបាលជំងឺនេះទេ ដូច្នេះកសិដ្ឋានណាដែលមានសត្វជ្រូកឆ្លងជំងឺនេះគឺត្រូវតែសម្លាប់ចោលទាំងអស់»។
ទោះបីយ៉ាងនេះក្តីតាមលោក សួន សុធឿន មកដល់ពេលនេះមិនទាន់រកឃើញវត្តមានរបស់ជំងឺប៉េស្តជ្រូកអាហ្រ្វិកនៅកម្ពុជាទេ។
លោកបានថ្លែងថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសជិតខាង។ ទន្ទឹមនឹងនេះខ្ញុំក៏សំណូមពរឲ្យអ្នកចិញ្ចឹមសត្វ ឬសមាគមដែលពាក់ព័ន្ធទាំងអស់ត្រូវសហការជាមួយអាជ្ញាធរដើម្បីធ្វើការរួមគ្នាក្នុងការបង្ការជំងឺនេះមិនឱ្យមានវត្តមាននៅកម្ពុជា»។
វិធានការដែលនឹងដាក់ចេញដើម្បីគ្រប់គ្រង និងការការពារមេរោគនេះ រួមមានការពង្រឹងច្បាប់ក្នុងការចេញចូលកសិដ្ឋាន ហាមការទិញលក់ ឬនំាសត្វជ្រូកចូលដោយមិនមានប្រភពច្បាស់លាស់ ធ្វើការសម្អាតកសិដ្ឋានដោយបាញ់ថ្នាំសម្លាប់មេរោគ បាញ់ថ្នាំសម្លាប់មេរោគលើយានជំនិះមុនចេញចូលកសិដ្ឋាន ចៀសវាងការនំាផលិតផលសាច់ជ្រូកចូលក្នុងកសិ ដ្ឋាន និងចៀសវាងការឲ្យចំណីជ្រូកជាកាកសំណល់ផ្ទះបាយ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាក្នុងខែកញ្ញានេះធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទោះបីជាជំងឺនេះមិនទាន់កើតមាននៅកម្ពុជាតែវាបានបង្កើតជាក្តីបារម្ភដ៏ធំសម្រាប់កសិករខ្នាតតូច និងក្រុមហ៊ុនក្នុងស្រុក រួចទៅហើយ។
លោកបានបន្តថា៖ «ប្រសិនបើជំងឺនេះរីករាលដាលមកដល់ប្រទេសរបស់យើងឧស្សាហកម្មជ្រូក នឹងត្រូវដួលទាំងស្រុង»។
តាមលោកស្រ៊ុន ពៅ បច្ចុប្បន្ននេះក្រសួងកសិកម្មកម្ពុជាបានអនុញ្ញាតឲ្យមានការនាំចូលជ្រូកជាផ្លូវការពីប្រទេសវៀតណាមចំនួន ១២៥០ ក្បាលក្នុង១ថ្ងៃ ប៉ុន្តែជាក់ស្តែងការ នាំចូលអាចកើនដល់ជាង ២០០០ ក្បាល។
ការចម្លងជំងឺនេះអាចនឹងកើតមាននៅកម្ពុជា តាមរយៈប្រទេស វៀតណាម ប្រសិនបើមិនមានការត្រួតពិនិត្យច្បាស់លាស់ទេ៕LA