ភ្នំពេញៈ កម្ពុជា​បាន​សម្រេច​ចិត្ត​លុបចោល​ការតាំងពិព័រណ៍ «​ទំនិញ​នាំចេញ​នាំចូល​កម្ពុជា​លើក​ទី​ ១៥» ប្រចាំ​ឆ្នាំ​ ២០២០ នេះ ដែល​គ្រោង​នឹង​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៥-១៨ ខែធ្នូ ជា​កិច្ចខិតខំ​ប្រឹងប្រែង​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្ការ​ការរីករាលដាល​ជំងឺ​កូវីដ​​ ១៩ និង​ដើម្បី​អនុវត្ត​តាម​គោលការណ៍​ណែនាំ​នៃ​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​សេចក្ដី​ប្រកាស​ការលុបចោល​ការតាំងពិព័រណ៍​នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដោយ​បាន​ជូនដំណឹង​ដល់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស​ដែល​បាន​ចុះឈ្មោះ​រួចហើយ​សម្រាប់​ពិព័រណ៍​ប្រចាំ​ឆ្នាំនេះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម​សរសេរ​ថា​៖ «​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​មាន​ការសោកស្ដាយ សូម​ជូនដំណឹង​ដល់​ពាណិជ្ជករ​ទាំងអស់ សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ក្រុម​វិនិយោគិន ផលិតករ និង​ក្រុមហ៊ុន​បរទេស​ថា ដោយសារ​ភាពមិន​ច្បាស់លាស់​នៃ​ស្ថានការណ៍​បច្ចុប្បន្ន​របស់​ជំងឺ​កូវីដ ​១៩ និង​អនុវត្តតាម​ការណែនាំ​នៃ​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិព័រណ៍​ទំនិញ​នាំចូល នាំចេញ​កម្ពុជា​លើក​ទី​ ១៥ ដែល​ត្រូវ​រៀបចំ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៥ ដល់​ថ្ងៃទី​ ១៨ ខែ ធ្នូ ឆ្នាំ​ ២០២០ នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​កោះពេជ្រ​នៅ​ទីក្រុង​ភ្នំពេញ ត្រូវបាន​លុបចោល​»​។

លោក សុខ ដារិទ្ធិ អនុប្រធាន​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​នៅ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ថ្ងៃ​ចន្ទ​ថា​ ដោយសារ​តែ​រាល់​ប្រទេស​ទាំងអស់​នៅតែ​ដាក់​ការរឹតបន្តឹង​លើ​វិធានការ​ធ្វើដំណើរ ដើម្បី​ចៀស​ផុត​ពី​ការរីករាលដាល​កូវីដ​ ១៩ ក្រសួង​បានសម្រេច​ចិត្ត​លុបចោល​ពិព័រណ៍​នៅ​ឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ឆ្នាំនេះ​យើង​បាន​សម្រេច​ចិត្ត​មិន​រៀបចំ​ពិព័រណ៍​ទំនិញ​នាំចូល នាំចេញ​កម្ពុជា​លើក​ទី​ ១៥ ដោយសារ​យើង​ត្រូវ​អនុវត្ត​តាម​ការណែនាំ​នៃ​វិធានការ​បង្ការ​ជំងឺ​កូវីដ​ ១៩ របស់​រដ្ឋាភិបាល ខណៈ​ដែល​ពិព័រណ៍​នេះ​ជាធម្មតា​កម្ពុជា​តែង​ទទួល​ស្វាគមន៍​ក្រុមហ៊ុន​បរទេស​ចន្លោះ​ពី​ ២០០-៣០០ ក្នុង​ការចូលរួម​តាំង​បង្ហាញ​នូវ​ផលិតផល និង​គម្រោង​វិនិយោគ​នានា​ជាមួយ​យើង​។

ប៉ុន្តែ​នៅ​ឆ្នាំ​នេះ ដោយសារ​តែ​លក្ខខណ្ឌ​តម្រូវ​ក្នុង​ការធ្វើ​ចត្តាឡីស័ក​ដោយ​ខ្លួនឯង​រយៈពេល ១៤ ​ថ្ងៃ​ សម្រាប់​រាល់​ជនបរទេស​ដែល​ចូល និង​សម្រាប់​ប្រជាជន​ខ្មែរ​ដែល​ចេញ​ទៅ​ក្រៅប្រទេស​ធ្វើឱ្យ​យើង​ខាត​ពេល​ច្រើន ដូច្នេះ​យើង​សម្រេច​ថា មិន​ប្រារព្ធ​ការតាំងពិព័រណ៍​ឆ្នាំ​នេះឡើយ​»​។

ទោះបី​យ៉ាងណា​យោង​តាម​លោក សុខ ដារិទ្ធិ ក្រសួង​បានសម្រេច​ចិត្ត​ក្នុង​ការបន្ត​ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នៅ​រដូវកាល​ទី​ ៥ នៃ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ នៅ​ខេត្តសៀមរាប ព្រះវិហារ និង​ខេត្តបន្ទាយមានជ័យ​ចាប់ពី​ពាក់កណ្ដាល ខែ​ធ្នូ តទៅ​។

បើ​យោងតាម​ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​នៃ​សាធារណរដ្ឋ​សេណេហ្គាល់ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ៣ ក្នុងចំណោម ១៦៦ ​ប្រទេស និង​លេខ​ ១ នៅ​អាស៊ី សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការគ្រប់គ្រង​ការរីករាលដាល​ជំងឺ​កូវីដ ១៩ និង​កាត់បន្ថយ​ផលប៉ះពាល់​ផ្សេងៗ​។

គិត​ត្រឹម​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ក្រសួង​សុខាភិបាល​កម្ពុជា​បាន​ប្រកាស​ថា មិនមាន​ករណី​ជំងឺ​កូវីដ ​១៩​ ថ្មី​ត្រូវបាន​រកឃើញ​នោះទេ​។ រហូតមក​ដល់​ពេល​នេះ​កម្ពុជា​បាន​រកឃើញ​អ្នកមាន​ជំងឺ​កូវីដ ​១៩ ចំនួន ៣០៦ ករណី​ ក្នុង​នោះ ២៩៥ បាន​ជាសះស្បើយ និង​ ១១ ​ករណី ​កំពុង​សម្រាក​ព្យាបាល​៕ LA