ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ពន្យារពេល​សម្រាប់​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ការ​រួមចំណែក​មូលនិធិ​រយៈពេល​ ១ ​ខែ បន្ទាប់ពី​ក្រុមហ៊ុន​ភាគច្រើន​មិន​បាន​បង់ប្រាក់​។ នេះ​បើ​យោង​តាម​អ្នក​គ្រប់គ្រង​មូលនិធិ​នេះ​។

ច្បាប់​ទូរគមនាគមន៍​ឆ្នាំ​ ២០១៦ បាន​បង្កើត​មូលនិធិ​ ២ ​គឺ​មូលនិធិ​នៃ​ការកសាង​សមត្ថភាព និង​ស្រាវជ្រាវ និង​ការអភិវឌ្ឍ​លើ​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​ទូរគមនាគមន៍ និង​ព័ត៌មាន (CBRD) និង​មូលនិធិ​កាតព្វកិច្ច​សកល​ទូរគមនាគមន៍ (USO) ដែល​មាន​គោលបំណង​លើក​កម្ពស់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវា​នៅ​តំបន់​ជនបទ​ដែល​ក្រុមហ៊ុន​មិន​អាច​វិនិយោគ​បាន​ព្រម​ទាំង​ការលើក​កម្ពស់​ការស្រាវជ្រាវ និង​ជំរុញ​ទេពកោសល្យ​ថ្មីៗ​នៅក្នុង​ឧស្សាហកម្ម​នេះ​។

ក្រុមហ៊ុន​ទូរគមនាគមន៍​ត្រូវ​បាន​តម្រូវ​ឲ្យ​បង់ប្រាក់​ ១ ​ភាគរយ​នៃ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​របស់​ពួកគេ​ទៅ​ក្នុង​មូលនិធិ​នេះ​ជា​រៀងរាល់​ឆ្នាំ​។

លោក តុល ញ៉ាក់ ដែល​ត្រួតពិនិត្យ​មូលនិធិ USO បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការកំណត់​ពេលវេលា​ដំបូង​គឺ​ត្រឹម​ថ្ងៃទី​​ ២៨ ខែ​កុម្ភៈ ប៉ុន្តែ​ពេល​នេះ​ត្រូវ​បាន​ពន្យារ​ពេល​រហូត​ដល់​ចុង​ខែ​មីនា ដោយសារ​តែ​ប្រតិបត្តិករ​ជាច្រើន​កំពុង​ចរចា​ជាមួយ​ក្រសួង​ក្នុង​ការបំពេញ​កាតព្វកិច្ច​របស់​ពួកគេ​ក្នុង​ការបង់ប្រាក់ ​ដោយសារ​តែ​បញ្ហា​លំហូរ​សាច់​ប្រាក់​។

ក្រុមហ៊ុន Smart Axiata គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែ​មួយ​គត់ ដែល​ត្រូវ​បាន​រាយការណ៍​ថា បាន​បង់ប្រាក់​ ៣,៥ ​លាន​ដុល្លារ​នៅពេល​នោះ ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​ដូចជា ក្រុមហ៊ុន Cellcard និង​ក្រុមហ៊ុន Metfone មិន​បាន​បង់ប្រាក់​ពេញលេញ​នោះ​ទេ​៕ LA