ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន GSD Pheach Co., Ltd ដែល​ជា​ក្រុមហ៊ុន​ផលិត​សូត្រ​ខ្មែរ​ក្នុង​ស្រុក ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ចង្វាក់​តម្លៃ​សូត្រ​ខ្មែរ​ឲ្យ​កាន់តែ​រស់រវើក​ឡើងវិញ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សៅរ៍​នៅ​ខេត្ត​សៀមរាប​ថា ការចុះ​អនុស្សរណៈ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ជំរុញ​ខ្សែចង្វាក់​តម្លៃ​ផលិតផល កសិពាណិជ្ជកម្ម​សូត្រ​ខ្មែរ​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ (AIMS) ​ដែល​ជា​គម្រោង​រួមគ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ (IFAD) ​ដោយ​មាន​ទឹកប្រាក់ ៤៥ ​លាន​ដុល្លារ​ ក្នុង​នោះ ៨,៦៨ ​លាន​ដុល្លារ​បាន​ពី​រដ្ឋាភិបាល​កម្ពុជា​។

លោក​បន្តថា គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​គឺជា​ចំណុច​ចាប់ផ្ដើម​ដំបូង​នៃ​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន និង​រដ្ឋាភិបាល​ដើម្បី​លើកកម្ពស់ និង​អភិវឌ្ឍ​វិស័យ​សូត្រ​ខ្មែរ​។ តាមរយៈ​គម្រោង​នេះ កសិករ​នឹង​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដើម្បី​ផលិត​សូត្រ​ឆៅ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​។

លោក​ថ្លែងថា​៖ «​ភាព​ជា​ដៃគូ​រវាង​វិស័យ​ឯកជន​នេះ​ក៏​មាន​ការរៀបចំ​ការផ្គត់ផ្គង់​សម្បុក​កូន​នាង ដែល​មាន​គុណភាព​ល្អប្រសើរ​ជាង​មុន និង​ជំរុញ​ការដាំដុះ​ដើម​មន ដែល​មាន​គុណភាព ហើយ​កសិករ​នឹង​ទទួល​បាន​កំណើន​ប្រាក់ចំណេញ​»​។

លោក​បន្ថែមថា គម្រោង​នេះ​ជា​វេទិកា​សម្របសម្រួល​ពហុភាគី​នៅក្នុង​ការជំរុញ​ខ្សែចង្វាក់​តម្លៃ​សូត្រ​តាមរយៈ​ការរក​ដំណោះស្រាយ​លើ​បញ្ហា​បច្ចេកទេស ប្រព័ន្ធ​ស្រោចស្រព ឥណទាន និង​ការធ្វើ​ពិពិធកម្ម​ទីផ្សារ ព្រមទាំង​ការប្រមូលផ្តុំ​ក្រុម​កសិករ​ផលិត​ដែល​មាន​ស្រាប់ និង​ចងក្រង​បង្កើត​ក្រុម​កសិករ​ផលិត​ថ្មីៗ​បន្ថែម​ទៀត​ក្នុង​គោលបំណង​ដើម្បី​ពង្រីក និង​កែលម្អ​ផលិកម្ម​ឲ្យ​ស្របតាម​បទដ្ឋាន​សូត្រ​ខ្មែរ​តាមរយៈ​បច្ចេកទេស​ថ្មីៗ​ដើម្បី​ឆ្លើយតប​តម្រូវការ​ទីផ្សារ​។

លោក​ថ្លែងថា​៖ «​ក្រសួង​បាន​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​សូត្រ ដើម្បី​ដោះស្រាយ​កង្វល់​ជា​អាទិភាព និង​ពង្រីក​វិស័យ​សូត្រ​សម្រាប់​សេដ្ឋកិច្ចជាតិ​ដោយ​ផ្អែកលើ​តម្រូវការ​ផលិតផល​សូត្រ​នៅក្នុង​ស្រុក និង​ទីផ្សារ​អន្ដរជាតិ​»​។

លោកស្រី អ៊ុំ សោភា នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន GSP Pheach Co., Ltd ដែលជា​ក្រុមហ៊ុន​ផលិត​សូត្រ​ខ្មែរ​ក្នុងស្រុក​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ថា ការចុះ​អនុស្សរណៈ​នេះ​គឺជា រួមចំណែក​របស់​វិស័យ​ឯកជន​ក្នុង​ជួយ​ជំរុញ​ទីផ្សារ​សូត្រខ្មែរ និង​បង្កើត​ការងារ​ឲ្យ​កសិករ​។

ជាមួយ​គ្នា​នេះ​ទាំង​រដ្ឋាភិបាល និង​វិស័យ​ឯកជន​កំពុង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឲ្យ​ការផលិត​សូត្រ​មាន​តម្លៃ​ដើម​ទាប ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​។ លោកស្រី​ថ្លែងថា​៖ «​នេះ​ជា​ការចូលរួម​អភិវឌ្ឍន៍​វិស័យ​សូត្រ​ខ្មែរ​របស់​យើង​។ នៅពេល​អនាគត​យើង​ចង់​ជំរុញ​ឲ្យ​កសិករ​ដាំដុះ​ដើម​មន​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ក្រុមហ៊ុន​នឹង​ជួយផ្តល់​បច្ចេកទេស​ដាំដុះ​ដល់​ពួកគាត់​»​។

ដើម្បី​ធ្វើឱ្យ​វិស័យ​សូត្រ​ខ្មែរ​មាន​ភាពរស់រវើក​ឡើង​វិញ រដ្ឋាភិបាល​បានរៀបចំ​យុទ្ធសាស្ត្រ​សូត្រ​ជាតិ ២០១៦-២០២០ ក្នុង​បំណង​ធ្វើឲ្យ​ការចិញ្ចឹម​កូន​ដង្កូវនាង​សម្រាប់​ផលិត​សរសៃសូត្រ​មាន​ភាព​ទំនើប​ទាន់ និង​ប្រកប​ដោយ​ចីរភាព​។ នេះ​បើ​យោង​តាម​លោក សូរស័ក្តិ​។

អ្នកស្រី ចេង សុភាព ស្ថាបនិក និង​ជា​ប្រធាន​សមាគម​​កីតម្បាញ​ខ្មែរ​បាន​និយាយថា អាជីវកម្ម​ផលិតផល​ពី​តម្បាញ​ខ្មែរ​កំពុង​ខ្វះ​ទីផ្សារ​យ៉ាងខ្លាំង​ដោយ​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ អ្នកស្រី​បន្តថា ដើម្បី​រក្សា​ភាព​ប្រកួតប្រជែង​ និង​រក​ទីផ្សារ​សូត្រ​ខ្មែរ​ឲ្យ​មាន​ភាពរស់រវើក​ឡើង​វិញ រដ្ឋាភិបាល​ត្រូវ​ទប់ស្កាត់​កុំ​ឲ្យ​មាន​ការនាំចូល​ផលិតផល​ពី​សូត្រ​ក្លែងក្លាយ​៕ LA