ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​បាន​ជូនដំណឹង​ដល់​អ្នក​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឱ្យមក​ស្នើសុំ​លិខិតអនុញ្ញាត​សុំ​អាជ្ញាប័ណ្ណ​ ដើម្បី​ប្រតិបត្តិការ​ស្របច្បាប់​នៅ​កម្ពុជា​។

សេចក្តី​ជូនដំណឹង​ចុះ​ថ្ងៃទី​ ២៦ ខែឧសភា បានឱ្យដឹងថា អ្នកធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវ​ស្នើសុំ​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម​នៃ​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​របស់​ក្រសួង​ពាណិជ្ជកម្ម​។

ក្រសួង​ពាណិជ្ជកម្ម​បាន​ព្រមាន​ថា ក្នុងករណី​សហគ្រាស​ឯកបុគ្គល នីតិបុគ្គល និង​សាខា​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដោយ​គ្មាន​លិខិតអនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​នឹងត្រូវ​បញ្ឈប់​សកម្មភាព និង​រង​ពិន័យ​ជា​ប្រាក់​ដូច​មាន​ចែង​ក្នុង​លិខិតបទដ្ឋាន​ច្បាប់​ជា​ធរមាន​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា ពាក្យស្នើសុំ បែបបទ លក្ខខណ្ឌ និង​ឯកសារ​តម្រូវ​ផ្សេងៗ​សហគ្រាស​ទាំងអស់​បុគ្គល​ស្នើសុំ​អាចដាក់​ពាក្យ​ស្នើសុំ​ដោយផ្ទាល់​នៅ​នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​នៃ​ក្រសួងពាណិជ្ជកម្ម ឬ​តាមរយៈ​គេហទំព័រ www.ecommercelicensing.moc.gov.kh ។

កាលពី​ថ្ងៃទី ​៩ ខែតុលា ឆ្នាំ​ ២០២០ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​ចេញ​ប្រកាស​តម្រូវ​ឱ្យ​អ្នកមាន​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទៅ​ដាក់ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​ដើម្បី​អាច​ប្រតិបតិ្តការ​ស្របច្បាប់​នៅ​កម្ពុជា ស្របពេល​ដែល​អាជីវកម្ម​តាម​អេឡិចត្រូនិក​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​ជាពិសេស​ បន្ទាប់ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ-១៩​។

ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​របស់​កម្ពុជា​ត្រូវបាន​ចូល​ជាធរមាន​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩ ដែលមាន​គោលបំណង​គ្រប់គ្រង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

ស្ថាបនិក​ក្រុមហ៊ុន ស៊ូភើអេប តិចណូឡូជី ភីអិលស៊ី លោក ប៉ាត់ ចំណាន បាន​គាំទ្រ​ចំណាត់ការ​នេះ ដោយ​តម្រូវឱ្យ​គ្រប់​ម្ចាស់​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ត្រូវមាន​លិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។

លោក​និយាយថា​៖ «​ខ្ញុំ​យល់ថា នេះ​គឺជា​រឿង​ល្អប្រសើរ​មួយ​ដែល​គ្រប់​ក្រុមហ៊ុន​ត្រូវមាន​លិខិត​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ដែល​នឹង​ជួយ​ការពារ​ និង​ទប់ស្កាត់​ការលក់ទំនិញ​ក្លែងក្លាយ ទំនិញ​ផុត​សុពលភាព និង​ទំនិញ ខុសច្បាប់​នៅលើ​ទីផ្សារ​»​។

លោក​បាន​បន្តថា ឧស្សាហកម្ម ៤.០ បាននិង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការរួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​៖ «​ទៅ​អនាគត​សហគ្រាស​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នឹង​ចូលរួម​ចំណែក​បង្កើត​ការងារ​ដល់​ប្រជាជន​នៅក្នុង​ស្រុក​កាន់តែច្រើន​»៕ LA